Saturday, April 20, 2024
Homeព័ត៌មានជាតិនាំគ្នាមកសុំទោសសមត្ថកិច្ច... កាលពីយប់មិញ ពួកគាត់ស្រវឹង

នាំគ្នាមកសុំទោសសមត្ថកិច្ច… កាលពីយប់មិញ ពួកគាត់ស្រវឹង

ភ្នំពេញ ៖ ក្រុមគ្រួសារមួយបានរៀបចំពិធីខួបកំណើត ដោយមានការជួបជុំផឹកស៊ីរហូតដល់ស្រវឹង ព្រមទាំងបានចាក់ធុងបាស់ស្រែកច្រៀងលាន់ឮសំឡេងខ្លាំងៗ បង្កការរំខានដល់អ្នកជិតខាងយ៉ាងខ្លាំង លុះសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍សួរនាំនិងឃាត់ ស្រាប់តែបង្កជន្លោះប្រតាយប្រតប់ជាមួយសមត្ថកិច្ច ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញភូមិ ទីបំផុតសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនបុរសម្នាក់នាំយកទៅសាកសួរ។

ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែង តាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទះខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់ធុងបាស់ច្រៀងរាំជាមួយសាច់ញាតិបងប្អូនយ៉ាងសប្បាយ។ លុះមកដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស់បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តរហូតដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំហាមឃាត់មិនឱ្យបន្តការចាក់ធុងបាស់ ក៏ប៉ុន្តែភាគីម្ចាស់ផ្ទះដែលស្ថិតក្នុងសភាពស្រវឹងផងបានកើតមានជម្លោះជាមួយសមត្ថកិច្ច រហូតដល់មានការប្រទាញប្រទង់គ្នាប៉ះទង្គិចគ្នាមួយប្រាវ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការស្រវឹង យកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់សមត្ថកិច្ចថា ពេលសមត្ថកិច្ចមកដល់ភ្លាម និយាយគំហក និងប្រើអំពើហិង្សាមកលើពួកគាត់ហើយ បម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។

ចំណែកឯភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការប្រទាញប្រទង់គ្នាប៉ុណ្ណោះ គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ។ ពេលនោះ សមត្ថកិច្ចដែលចុះទៅធ្វើអន្តរាគមន៍ បានជ្រុះវិទ្យុទាក់ទង ហើយក៏បានឱនរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់ផ្ទះនោះចោទថា ដកកាំភ្លើងខ្លីមកគំរាមគាត់។

បច្ចុប្បន្ន បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន កំពុងឃុំខ្លួនបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ។

យ៉ាងណា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមភាគីម្ចាស់ផ្ទះ បាននាំគ្នាមកកាន់អធិការនគរបាលខណ្ឌចំការមន ដើម្បីសារភាពពីទៅកំហុស ហើយបានធ្វើការសុំទោសជាសាធារណៈ និងសន្យាមិនឲ្យមានកំហុសជាលើកទី២នោះទេ៕

RELATED ARTICLES