Thursday, March 28, 2024
Homeព័ត៌មានជាតិបោកពីខេត្តកណ្តាល សមត្ថកិច្ចចាប់បាននៅស្វាយរៀង

បោកពីខេត្តកណ្តាល សមត្ថកិច្ចចាប់បាននៅស្វាយរៀង

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តកណ្តាល បានចុះសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង តាមចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទឆបោក កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអកនាត សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ការតាមចាប់ខ្លួនជនត្រូវចោទម្នាក់នេះ សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការខេត្តកណ្តាល លេខ០៩០ដកបចខ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ចេញដោយលោកកឹម រ័ត្នណារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បង្កាប់ឱ្យចាប់ខ្លួនឈ្មោះឥន នាថ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអកនាត សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ពីបទឆបោកប្រព្រឹត្តនៅភូមិ អញ្ចាញ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែតុលាក ឆ្នាំ២០១៨។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងដែរថា ក្រោយពេលដែលសមត្ថកិច្ចទទួលបានដីកាពីតុលាការភ្លាមៗ កម្លាំងជំនាញផ្នែកអនុវត្តដីកាបានស្រាវជ្រាវស្វែងរកចាប់ខ្លួនជនត្រូវចោទ រហូតកំណត់បានទីតាំងស្នាក់នៅជាក់លាក់ ទើបសុំការសហការពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួន ឈ្មោះឥន នាថ បានតែម្តង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនត្រូវចោទមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល ដើម្បី បញ្ជូនទៅឱ្យតុលាការចាត់ការតាមច្បាប់៕

RELATED ARTICLES