Saturday, April 20, 2024
Homeព័ត៌មានជាតិប៉ះចំអ្នកលក់មាសល្បិចខ្ពស់ ចោរដៃឆើតទាំង៣ បានតែកាបូបទទេ

ប៉ះចំអ្នកលក់មាសល្បិចខ្ពស់ ចោរដៃឆើតទាំង៣ បានតែកាបូបទទេ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ បានរៀបគំរោងការយ៉ាងល្អិតល្អន់ដោយតាមដានពីសកម្មភាពរបស់អ្នកលក់មាសម្នាក់អស់មួយរយៈ មកហើយ រួចក៏ដាក់ផែនការចេញប្លន់ ស្រាប់តែប៉ះចំអ្នកលក់មាសល្បិចខ្ពស់ជាង ទើបប្លន់បានត្រឹមកាបូបទទេ ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់ទាំង៣នាក់នាំយកទៅចាត់ការតាមច្បាប់។

ករណីភ្ជង់ប្លន់កាបូបពីអ្នកលក់មាសខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០មកម៉្លេះ នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ៣៦៧ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ លុះមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ទើបសមត្ថកិច្ចឈានដល់ការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ទាំង៣នាក់បាន។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១-ឈ្មោះភាង ភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ២៩ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ទី២-ឈ្មោះជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលលេខ២៩ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

និងទី៣-ឈ្មោះហ៊ុយ សុខា ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរលក់ម្ហូបពិសេស (សាច់ឆ្កែ) ស្នាក់នៅភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន រួមមាន ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង និងម៉ាកអ៊ែរប៊្លែត មួយគ្រឿង កាំភ្លើងខ្លីម៉ាកកា៥៩ចំនួន២ដើម បង់២ គ្រាប់៧គ្រាប់ គ្រឿងញៀន៤៧៨.៣២ក្រាម និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្តាំងចំនួន២៥គ្រាប់។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៣៩២ ផ្លូវលេខ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មានករណីចោរ៣នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបប្រាក់ពីជនរងគ្រោះម្នាក់ ឈ្មោះហេង លីជូ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់មាស រួចគេចខ្លួនបាត់ទៅ។

ក្រោយពីកើតមានអំពើប្លន់នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនយុត្តិធម៌ បានដាក់បទបញ្ជាទៅការិយាល័យព្រហ្មទណ្ឌ ឱ្យបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុសញ្ញាចោរប្លន់មួយក្រុមនោះ។

លុះមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល ក្រោមការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឈានដល់ការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីប្លន់អ្នកលក់មាសនៅផ្សារច្បារអំពៅ ។ ប៉ុន្តែក្រោយការសាកសួរ គឺមានតែ៣នាក់ទេ ដែលរួមគ្នាធ្វើសកម្មភាពប្លន់ ឯ២នាក់ទៀតជាក្រុមជនពាក់ព័ន្ធនឹងគ្រឿងញៀនតែក៏ស្ថិតនៅក្នុងក្រុមនេះដែរ។

លោកអេង សោភា បន្តថា ក្រោយពីត្រូវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពភ្ជង់ប្លន់កាបូបប្រាក់ពីជនរងគ្រោះប្រាកដមែន ប៉ុន្តែនៅពេលប្លន់បានកាបូបនោះហើយ នាំគ្នាយកទៅឆែកមើល គឺនៅក្នុងកាបូបគ្មានគ្រឿងអលង្ការមានតម្លៃទេ មានតែទូរស័ព្ទដៃ២គ្រឿងប៉ុណ្ណោះ ខុសពីអ្វីដែលពួកគេផ្តល់ព័ត៌មានឱ្យមិនច្បាស់។

លោកអេង សោភា បន្ថែមថា ពេលនោះម្នាក់ៗហួសចិត្ត មិននឹកស្មានថា ជនរងគ្រោះមានល្បិចខ្ពស់ ចេះដាក់គ្រឿងអលង្ការទៅក្នុងកាបូបផ្សេង ធ្វើឱ្យផែនការប្លន់របស់ពួកគេត្រូវបរាជ័យ ហើយទីបំផុត ត្រូសមត្ថកិច្ចចាប់ខ្លួនបានទៀត។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES