Wednesday, April 24, 2024
Homeព័ត៌មានជាតិប្តីប្រាប់ថា ងូតទឹកមួយភ្លែត ប្រពន្ធចាំបាត់ៗ ដើរទៅមើលឃើញតែស្បែកជើង

ប្តីប្រាប់ថា ងូតទឹកមួយភ្លែត ប្រពន្ធចាំបាត់ៗ ដើរទៅមើលឃើញតែស្បែកជើង

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់បានដើរចេញពីផ្ទះ ប្រាប់ប្រពន្ធកូនថាទៅរកងូតទឹកទន្លេ លុះទៅបាត់យូរពេក ប្រពន្ធកូនតាមទៅរកឃើញតែស្បែកជើងនៅមាត់ទឹក ធ្វើឱ្យផ្អើលឆោឡោនាំគ្នារាវរក រហូតដល់យប់ជ្រៅ ទើបប្រទះឃើញ ជនរងគ្រោះស្លាប់ក្នុងទឹកបាត់ទៅហើយ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចទន្លេបាសាក់ ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហឿន ប៊ុនធឿន អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានដើរចេញពីផ្ទះសំដៅទៅកំពង់ទឹកខាងក្រោយផ្ទះ ដោយប្រាប់ប្រពន្ធកូនថា ទៅរកងូតទឹកទន្លេមួយភ្លែត។ បន្ទាប់មកប្រពន្ធនិងកូន បាត់ជនរងគ្រោះយូរពេកក៏នាំគ្នាទៅដើររកនៅកំពង់ទឹក តែមិនឃើញជនរងគ្រោះ ឃើញតែស្បែកជើង ក៏ស្រែកឆោឡោផ្អើលប្រជាជននៅជិតនោះនាំគ្នាជួយុរកតែមិនឃើញទេ។

ប្រភពដដែលបន្តថា លុះក្រោយពីរាវរករហូតដល់ម៉ោង១០ និង៤៥នាទីយប់ថ្ងៃដដែល ទើបក្រុមគ្រួសារបាននាំគ្នារាវរកឃើញ តែអកុសលជនរងគ្រោះឈ្មោះហឿន ប៊ុនធឿន បានស្លាប់បាត់ទៅហើយ ទើបនាំគ្នាយកសពមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍សហការ និងកម្លាំងជំនាញពិនិត្យហេតុស្រុក ក្រុមប្រឹក្សាឃុំ ពេទ្យឃុំចុះមកពិនិត្យ សាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន និងពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES