Wednesday, April 24, 2024
Homeព័ត៌មានជាតិរឿងចប់ហើយ គាត់ទៅបង្ហោះសារបែបនេះទៀត សមត្ថកិច្ចហៅអប់រំ

រឿងចប់ហើយ គាត់ទៅបង្ហោះសារបែបនេះទៀត សមត្ថកិច្ចហៅអប់រំ

ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាព និងត្រូវសមត្ថកិច្ចចរាចរណ៍មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការផាកពិន័យ ស្រាប់តែបុរសរូបនេះមិនត្រឹមតែមិនទទួលស្គាល់កំហុស បែរជាខឹងច្រឡោតបង្ហោះសារក្នុងបណ្តាញហ្វេសប៊ុក ក្នុងន័យដាក់ទំនាយដល់មន្ត្រីនគរបាលចរាចរណ៍ដែលផាកពិន័យខ្លួនឱ្យស្លាប់ទាំងគ្រួសារ ទីបំផុតក៏ត្រូវសមត្ថកិច្ចកោះហៅមកបំភ្លឺ និងបានចេញមុខសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសម្នាក់ឈ្មោះយ៉ុន វិបុល ដែលបានសរសេរផុសលើហ្វេសប៊ុកជេរប្រមាថអាយុជីវិតសមត្ថកិច្ច បានចូលខ្លួនទទួលកំហុស និងធ្វើការសុំទោសជាសាធារណៈហើយ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

ប្រភពដដែលបន្តថា ក្រោយពីបានឃើញការផុសហ្វេសប៊ុកជេរប្រមាថអាយុជីវិតពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកខាងលើរួចមក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅបុរសឈ្មោះយ៉ុន វិបុល ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vibol Napat ផុសជេរប្រមាថ និងមើលងាយដល់អាយុជីវិតសមត្ថកិច្ចដែលបានធ្វើការផាកពិន័យគាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លើករណីបើកបរមិនពាក់មួកសុវត្ថិភាពនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

លុះមកដល់រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ បានធ្វើការកោះហៅបុរសម្នាក់ដែលមានឈ្មោះយ៉ុន វិបុល ដែលបានបង្ហោះលើហ្វេសប៊ុករបស់ខ្លួន ដោយប្រមាថមើលងាយមកលើអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចបានចាត់វិធានការណ៍តាមច្បាប់ ដោយធ្វើការផាកពិន័យគាត់លើករណីបើកបរដោយមិនពាក់មួកសុវត្ថិភាព ។

ជាចុងក្រោយ ឈ្មោះយ៉ុន វិបុល បានទទួលកំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូដើម្បីសុំទោសជាសារណៈ នូវទង្វើដែលគាត់ បានជេរប្រមាថមកលើអាយុជីវិតរបស់សមត្ថកិច្ច៕

RELATED ARTICLES