Thursday, April 25, 2024
Homeព័ត៌មានជាតិលោកគង់ វន ពីអ្នកកាសែត ក្លាយជា អ្នកកសាងសាលារៀន

លោកគង់ វន ពីអ្នកកាសែត ក្លាយជា អ្នកកសាងសាលារៀន

ភ្នំពេញ ៖ លោកគង់ វន បច្ចុប្បន្នអាយុ៨៤ឆ្នាំ ជាប្រធានអង្គការមូលនិធិខ្មែរជំនួយការសិក្សា (CEAF) និងជាប្រធានស្ថាបនិកបង្កើតអនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឆាកជីវិតរបស់លោកធ្លាប់ឆ្លងកាត់ភាពផ្អែមល្ហែម និងជូរចត់ ធ្លាប់ប្រកបមុខរបរចៀរជ័រកៅស៊ូ ធាក់ស៊ីក្លូ រែកខ្សាច់ រស់កម្សត់វេទនា ប៉ុន្តែលោកព្យាយាមសិក្សាភាសាអង់គ្លេសចេះស្ទាត់ជំនាញ ក៏ក្លាយទៅជា អ្នកកាសែតក្យូដូ ញូវ (Kyodo News) របស់ជប៉ុន នៅសម័យលន់ នល់។

លោកធ្លាប់ជាប់គុក៣ដង ត្រូវពួកឈ្លបប៉ុល ពត នាំទៅសម្លាប់ ប៉ុន្តែលោកការពារខ្លួនបានក៏រត់រួចពីកាំបិតត្នោត។ លោកបានហែលឆ្លងរបបវាលពិឃាត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ស្ទើររស់ស្ទើរស្លាប់ រួច បាននាំគ្រួសារទៅរស់នៅប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨១។

ពេលទៅដល់ត្រើយសុខសាន្ត លោកគង់ វន មិនភ្លេចកំណើតខ្លួនជាខ្មែរទេ ក៏ផុសគំនិតស្នេហាជាតិ បង្កើតអង្គការមូលនិធិខ្មែរ ជំនួយការសិក្សា កៀងគររកជំនួយពីជនជាតិជប៉ុន មកកសាងសាលារៀន សម្រាប់កុលបុត្រកុលធីតាខ្មែរ សិក្សារៀនសូត្រ តាំងពីរដ្ឋាភិបាលមិនទាន់មានថវិកាកសាងប្រទេសម៉្លេះ។

នាជីវិតចុងក្រោយនេះ លោកគង់ វន បានសរសេរសៀវភៅប្រលោមលោក ស្តីពីជីវិតពិត មានចំណងជើងថា “គង់ វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ” ដើម្បីផ្សព្វផ្សាយផ្តល់មេរៀនជីវិតដល់មនុស្សស្រករក្រោយ ហើយសៀវភៅនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តអ្នកអាន ដែលជាភាគច្រើនជាអតីតសិស្ស ច្រើនជំនាន់ នៅក្នុងអនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន របស់លោក ដែលខ្លះបានចេញធ្វើមន្ត្រីរាជការ គ្រូបង្រៀន វេជ្ជបណ្ឌិត ជាដើម និងមានជនជាតិជប៉ុនខ្លះដែរ រាប់ទាំងមន្ត្រីស្ថានទូតជប៉ុន ប្រចាំកម្ពុជា ផងដែរ បន្ទាប់ពីសៀវភៅនេះបានបោះពុម្ពហើយរួចរាល់ជាស្ថាពរ ចំនួន១៥០០ច្បាប់។

ក្នុងនោះមានអតីតសិស្សខ្លះដែលបានអានសៀវភៅនោះ បានលាន់មាត់កោតសរសើរថា ពិតជាអស្ចារ្យ បើអ្នកណាមិនបានអាន ពិតជាមានការសោកស្តាយ។

លោកគង់ វន បានមានប្រសាសន៍ថា “ការដែលខ្ញុំនិពន្ធសៀវភៅ “គង់ វន ធ្វើពលិកម្ម ដើម្បីជាតិខ្មែរ” នេះឡើង គឺមានបំណងសំខាន់បំផុតចង់ឱ្យកូនខ្មែរគ្រប់ស្រទាប់វណ្ណៈ យល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការអប់រំ ព្រោះបើយើងមានការអប់រំច្បាស់លាស់ មានន័យថា រៀនបានជំនាញច្បាស់លាស់ថាតើវាមានប្រយោជន៍ដល់សង្គមយើង គ្រួសារយើងកម្រិតណា?”។

លោកបន្តថា “កត្តានេះហើយដែលបង្ខំចិត្តខ្ញុំឱ្យបង្កើតអង្គការស៊េហ្វ (CEAF) សែនមហាលំបាក ពីព្រោះខ្ញុំមិនសូវចេះភាសាជប៉ុន ហើយភាសាអង់គ្លេសទៀតសោតក៏នៅមានកម្រិត។ បើទោះបីខ្ញុំជួបបញ្ហា រាប់មិនអស់នេះក៏ដោយ ក៏នៅតែតស៊ូ រហូត បង្កើតបានអនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងសង់បានអនុ និងវិទ្យាល័យ ព្រមទាំងបឋមសិក្សាជាច្រើនកន្លែងទៀតនៅក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកគង់ វន បន្តទៀតថា “និយាយឱ្យចំទៅ ការដែលខ្ញុំចំណាយពេល១០០ថ្ងៃ សរសេរសៀវភៅនេះ ដោយសារតែចង់លាតត្រដាងឱ្យចៅ កូន ក្មួយ និងបងប្អូនរួមជាតិ ជ្រាបថា តើខ្ញុំធ្វើដូចម្តេចខ្លះ ទើបបង្កើតបាន អនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន? និងជាពិសេស ដើម្បីឱ្យជ្រាបពីប្រវត្តិជីវិតតស៊ូ របស់ខ្ញុំទាំងមូលតែម្តង”។

លោកគង់ វន បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំបាទគង់ វន ហ៊ានអះអាងថា ខ្ញុំស្រលាញ់ជាតិ ធ្វើការដើម្បីជនរួមជាតិរបស់ខ្លួន។ បើគិតតាំងតែពីបង្កើតអង្គការស៊េហ្វ (CEAF) មកដល់ពេលនេះ ២៩ឆ្នាំ ហើយការងារមនុស្សធម៌ដែលខ្ញុំធ្វើនោះ មិនមានប្រយោជន៍អ្វីដល់ខ្លួនខ្ញុំ និងគ្រួសារខ្ញុំទេ អ្នកទទួលបានលទ្ធផលដែលខ្ញុំធ្វើនោះ គឺប្រជាជនក្រីក្រ ភាគច្រើនជាសិស្សពូកែ នៅស្រុកព្រះស្តេច បានទទួលផលច្រើនជាងគេ ស្រុកពាមជរ៍ ស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកមេសាង បានទទួលផលខ្លះ”។

គួរបញ្ជាក់ថា មូលនិធិខ្មែរជំនួយការសិក្សាអង្គការស៊េហ្វ (CEAF) អនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដែលបង្កើតឡើងដោយលោកគង់ វន ទទួលបានការគាំទ្រយ៉ាងសកម្មពីស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងអង្គការ សមាគម ជាង១០។

ក្នុងនោះដែរ បើគិតមកដល់ឆ្នាំ២០២០ នេះ អង្គការស៊េហ្វ ទទួលបានថវិកាមនុស្សធម៌ពីជនជាតិជប៉ុន គ្រប់ជាន់ថ្នាក់ ក្នុង១ឆ្នាំ ជាង១០ម៉ឺនដុល្លារ និងឆ្នាំខ្លះឡើងដល់ជាង២០ម៉ឺនដុល្លារ ដែលលុយទាំងនោះ អាចយកមកសង់សាលា បើកប្រាកខែបន្ថែមដល់លោកគ្រូ អ្នកគ្រូ និងផ្តល់អាហារូបករណ៍ដល់សិស្សពូកែក្រីក្រនេះ មិនទាន់គិតដល់សម្ភារៈសិក្សាដែលឧបត្ថម្ភមកពីប្រទេសជប៉ុន នោះផង។

ជាក់ស្តែង នៅឆ្នាំ២០២០នេះ ខណៈដែលពិភពលោកកំពុងតែច្រួលច្របល់នឹងជំងឺកូវីដ-១៩ ខាវ៉ៃយ៉ូគុ (Kawai Juku preparatory School) ដែលជាសាលារៀនត្រៀមប្រលងចូលសកលវិទ្យាល័យធំជាង គេបំផុត ដែលមានទីតាំងធំនៅណាកូយ៉ា-កេន (Nagoya-Ken) តាមរយៈលោកហ៊ីរ៉ូតុ កាវ៉ៃ (Hiroto Kawai) ជាប្រធាន បានផ្តល់តុ៤៨០ ជូនដល់អនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដើម្បីចែកទៅសាលាស្រុក ការិយាល័យអប់រំស្រុក និងសាលានានាចំនួន១០កន្លែង ក្នុងស្រុកព្រះស្តេច ស្រុកបាភ្នំ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕

កុលបុត្រ

RELATED ARTICLES