Saturday, April 20, 2024
Homeតារាខ្មែរអាឡិច ចាន់ត្រា ខាត៥០រោង ក្រោយខកឱកាសចាប់ដៃស្រីស្អាត

អាឡិច ចាន់ត្រា ខាត៥០រោង ក្រោយខកឱកាសចាប់ដៃស្រីស្អាត

តារាចម្រៀងនិងសម្ដែង លោកអាឡិច ចាន់ត្រា បានឲ្យដឹងថា ក្នុងនាមលោកជាប្រធានក្រុមហ៊ុនកម្សាន្ដ AEA (Alex Entertainment Agency) ពិតជាមានការប៉ះពាល់ដល់ប្រាក់ចំណូលមួយផ្នែកមែន នៅពេលដែលផ្ទុះកូវីដ-១៩នេះ ព្រោះលោកត្រូវបានផ្អាកកម្មវិធីដល់ទៅជាង៥០រោងឯណោះ ព្រោះតែម្ចាស់កម្មវិធីបានលើកពេល ដោយសារខ្លាចកូវីដ-១៩ និងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ដែលហាមមិនឲ្យមានការជួបជុំជៀសវាងការឆ្លងរាលដាលជំងឺនេះ។

យ៉ាងណា អាឡិច ថា មិនបានសងសំណងលុយកក់ទៅម្ចាស់កម្មវិធីគ្រប់គ្នាទេ ដោយសារតែពួកគាត់បានលើកទៅធ្វើ នៅពេលដែលស្ងប់កូវីដ-១៩វិញ អីចឹងកម្មវិធីគេនៅតែធ្វើដដែលគ្រាន់តែពន្យារពេលប៉ុណ្ណោះ។

ទោះជាយ៉ាងណា អាឡិច ចាន់ត្រា មិនបញ្ជាក់ពីចំនួនទឹកលុយដែលលោកត្រូវខាត ដោយសារតែកូវីដ-១៩នោះឡើយ គ្រាន់តែលោកថា មិនត្រឹមតែបាត់បង់ប្រាក់ចំណូលក្នុងស្រុកនោះទេ ប៉ុន្តែគម្រោងដែលលោកត្រូវចេញទៅច្រៀងសម្ដែងនៅប្រទេសញូវហ្សែឡែនដ៍ ជាមួយអ្នកនាងសុគន្ធ និសា នៅអំឡុងខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានលុបចោលអស់ផងដែរ។

អាឡិច ចាន់ត្រា ដែលមានឈ្មោះដើមថា លឹម ប៉ោស្រុន បានបង្ហាញនូវជីវភាពកាន់តែធូរធានៅរយៈពេលចុងក្រោយនេះ ដោយដោយទិញបានផ្ទះវីឡាយ៉ាងប្រណីត នៅបុរីប៉េង ហួត (បឹងស្នោរ) និងជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺLexus RX350 និង BMW។

យ៉ាងណា អាឡិច ថា កូវីដ-១៩នេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់លោកខ្លះៗដែរ ព្រោះលោកក៏មានជាប់បង់ទៅធនាគារជារៀងរាល់ខែផងដែរ។

ក្រៅពីជោគជ័យក្នុងអាជីពសិល្បៈ អាឡិច ចាន់ត្រា ដែលអះអាងថា បានស្វែងយល់ចិត្តនារីម្នាក់នៅក្រៅស្រុកនោះ ពេលនេះបុរសរូបសង្ហារូបនេះ អះអាងថា លោកនឹងត្រៀមខ្លួនចូលរោងការនៅឆ្នាំ២០២១ ខាងមុខនេះហើយ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមក។

ប៉ុន្តែអាឡិច មិនទាន់បង្ហាញមុខនារីបណ្ដូលចិត្តដែលជាអនាគតភរិយារបស់លោកនោះទេ ខណៈដែលដំណឹងប្រកាសចូលរោងការនៅពេលនេះ ប្រាកដជាធ្វើឲ្យនារីៗទាំងឡាយដែលធ្លាប់លួចស្នេហ៍តារារូបនេះ ខកចិត្តជាមិនខានឡើយ៕

RELATED ARTICLES