Tuesday, April 16, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា អត់តបមិនស្គាល់ឪ ឪកិនថែម មិនដឹងបាបបុណ្យ

ឱក សុគន្ធកញ្ញា អត់តបមិនស្គាល់ឪ ឪកិនថែម មិនដឹងបាបបុណ្យ

ភ្នំពេញ ៖ តារាចម្រៀងល្បី ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីត្រូវបានឪពុកបង្កើតចោទប្រកាន់ថា ជាកូនស្រីដែលមិនស្គាល់ឪពុកបង្កើតរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា ឱក សុគន្ធកញ្ញា ហាក់មិនបញ្ចេញប្រតិកម្មអ្វីធ្ងន់តបទៅឪពុកនោះទេ គ្រាន់តែនាងឆ្ងល់ថា ហេតុអ្វីនៅសុខៗ ឪពុកបែរជាថា នាងជាកូនមិនស្គាល់ឪបែបនេះ?

ដោយសារតែគ្មានការឆ្លើយតបពីកូនស្រីបែបនេះហើយ ទើបឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា កាន់តែអន់ចិត្តនឹងកូនស្រីរូបនេះ ក៏បង្ហោះសារកិនឱក សុគន្ធកញ្ញា ថែមទៀតថា កូនដែលមានគំនិតធ្វើមិនស្គាល់ឪបែបនេះ មិនដឹងបាប ដឹងបុណ្យនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ឪពុកបង្កើតរបស់តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី ឱក សុគន្ធកញ្ញា និងអតីតប្រពន្ធ (ម្តាយឱក សុគន្ធកញ្ញា) ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា (ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ”។

បន្ទាប់ពីបង្ហោះសំណេរខាងលើនេះរួច ដោយពុំឃើញមានប្រតិកម្មឆ្លើយតបពីកូនស្រី (ឱក សុគន្ធកញ្ញា) តែបែរជាមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចូលមក Comment តបជាច្រើន មានទាំងការគាំទ្រ និងរិះគន់ផងនោះ ទើបលោកឱក បូនី ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា បានឆ្លើយតបទៅអ្នក Comment ទាំងនោះ ដោយកិនកូនស្រី (ឱក សុគន្ធកញ្ញា) កាន់តែធ្ងន់ថា កូនមិនស្គាល់ឪ មិនដឹងបាបដឹងបុណ្យ។

ឆ្លើយតបការ Comment របស់តារាចម្រៀងជើងចាស់ អ៊ាង ស៊ីធុល អតីតប្រធានសមាគមសិល្បករខ្មែរ ថា “បងពិតជាសោកស្តាយណាស់ ហេតុផលប្រាកដជាមាន តែបើជាកូនដែលកតញ្ញូ ដឹងល្អ អាក្រក់ បុណ្យបាប មិនអ៊ីចឹងទេ” ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា លោកឱក បូនី បានសរសេរថា “វាមិនដឹងបាបដឹងបុណ្យទេ ទើបវាមានគំនិតបែបនេះ”។

ឱក សុគន្ធកញ្ញា និងម្តាយ

ជុំវិញការលើកឡើង របស់ឪពុកបង្កើត ខាងលើនេះ “នគរធំ” មិនអាចសុំយោបល់ឆ្លើយតបពីតារាចម្រៀងឱក សុគន្ធកញ្ញា បានទេ កាលពីម្សិលមិញ ខណៈដែលនៅថ្ងៃនោះ នាងជាប់រវល់ក្នុងពិធីចុះហត្ថលេខាធ្វើជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចលនទ្រព្យ ជីប ម៉ុង លែន។

ដោយឡែក ពាក់ព័ន្ធករណីលោកឱក បូនី ចោទកូនស្រីឱក សុគន្ធកញ្ញា ថា “មិនស្គាល់ឪ” នេះដែរ មានស្ត្រីម្នាក់ឈ្មោះអ៊ាម ថាវី ដែលអះអាងថា ជាសាច់ញាតិរបស់ឱក សុគន្ធកញ្ញា បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ចូលទៅសរសេរ Comment ក្នុងគណនីហ្វេសប៊ុកឪពុកឱក សុគន្ធកញ្ញា ថា “តើហេតុអីអ្នកឯងថា កូនមិនស្គាល់ឪ? នៅថ្ងៃរៀបការកូនបានទៅអញ្ជើញឪពុកមករៀបការកូនដែរតើ! ចុះកន្លងមក អ្នកឯងដែលដឹងពីផ្ទៃក្នុងគ្រួសារពួកគាត់ដែរអត់ បើមិនបានដឹងច្បាស់ សូមអ្នកទុកពេល ទំនេរមើលថែគ្រួសារអ្នកឱ្យបានល្អចុះ។ ខ្ញុំនិយាយនេះ ក្នុងនាមខ្ញុំជាបងប្អូន ហើយដឹងរឿង សុំអ្នកកុំយកកិត្តិយសគ្រួសារខ្ញុំទៅជាន់ឈ្លី តើអ្នកទំនេរខ្លាំងណាស់មែនទេចា៎”។

លោកឱក បូនី និងឱក សុគន្ធកញ្ញា

ទោះជាយ៉ាងណា កាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២០ លោកឱក បូនី ឪពុកបង្កើតរបស់អ្នកនាងឱក សុគន្ធកញ្ញា បានបញ្ជាក់ ប្រាប់ “នគរធំ” ថា លោកបានបែកបាក់ពីម្តាយឱក សុគន្ធកញ្ញា (អ្នកស្រីអ៊ិន ថាច) តាំងពីឆ្នាំ២០០០ គឺតាំងពីកូនស្រី ឱក សុគន្ធកញ្ញា មានអាយុ១២ឆ្នាំ។

ចំពោះមូលហេតុ នៃការបែកបាក់នោះ លោកឱក បូនី រំលឹកថា កាលពីឆ្នាំ២០០០ លោកនិងអតីតភរិយា (ម្តាយឱក សុគន្ធកញ្ញា) បានព្រមព្រៀងគ្នាឱ្យលោករៀបការក្លែងក្លាយជាមួយនារីអាណិកជនខ្មែរនៅអូស្ត្រាលី ដើម្បីបានចេញទៅរស់នៅក្រៅប្រទេស ហើយបន្ទាប់មកលោកក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី រយៈពេល២ឆ្នាំ ៧ខែ តែអំឡុងពេលនោះលោកតែងផ្ញើលុយកាក់ឱ្យប្រពន្ធកូន ជាបន្តបន្ទាប់។

លុះនៅឆ្នា២០០៣ លោកបានវិលត្រឡប់មកស្រុកខ្មែរវិញ ស្រាប់តែប្រពន្ធលោក (ម្តាយឱក សុគន្ធកញ្ញា) បានទាមទារលែងលះលោក ទើបលោកព្រមផ្តិតមេដៃលែងលះទៅ ដោយយល់ព្រមប្រគល់កូនស្រីទាំងពីរឱ្យទៅប្រពន្ធ។

លោកឱក បូនី បន្តថា ក្រោយលែងលះ លោកនៅតែចង់ជួបកូន តែក្រោយមកហាក់រយាលបន្តិចម្តងៗ ទំនងដោយសារអតីតប្រពន្ធ ធ្វើមនោគមន៍វិជ្ជាឱ្យកូនផ្តាច់ទំនាក់ទំនងជាមួយលោកជាឪពុកបង្កើត។

លោកឱក បូនី បញ្ជាក់ថា សូម្បីពេលឱក សុគន្ធកញ្ញា រៀបការ បើកុំតែលោកទូរស័ព្ទសួរ ក៏កូនស្រី មិនអញ្ជើញលោកចូលរួមដែរ តែការចូលរួមនោះធ្វើឱ្យលោកមានការខកចិត្តខ្លាំង ដោយដំបូងថា ឱ្យលោកចូលរួមក្នុងនាមជាឪពុក ស្រាប់តែដល់ថ្ងៃការ បែរជាលោកមិនបានធ្វើជាឪពុករបស់កូនក្រមុំឡើយ ធ្វើឱ្យលោកតូចចិត្តមែនទែន ព្រោះថ្ងៃការកូននោះ លោកមិនដឹងថា ត្រូវគេចាត់ទុកជាភ្ញៀវ ឬជាស្អីទេ សូម្បីឱកាសទទួលផ្កាស្លាពីកូនស្រីក៏គ្មានផង។

ឪពុកបង្កើតរបស់ឱក សុគន្ធកញ្ញា បន្តទៀតថា ទោះជាយ៉ាងណា លោកមិនប្រកាន់ខឹងកូនស្រីទេ ដោយយល់ថា អ្វីៗស្ថិតនៅលើការរៀបចំរបស់ម្តាយនាង លោកត្រេកអរដែលឃើញកូនមានសេចក្តីសុខ ហើយលោកតែងតែចង់ដឹងពីសុខទុក្ខកូនស្រី លោកមិនចង់បានអ្វីពីកូនស្រីទេ ចង់បានត្រឹមកូនស្គាល់ឪ ចេះសួរសុខទុក្ខឪខ្លះផង តែកូនស្រីហាក់ធ្វើជាមិនស្គាល់ឪ សូម្បីទូរស័ព្ទក៏មិនដែលឃើញរោទ៍ម្តងសោះ ស្ងាត់ឈឹងតែម្តង ទើបលោកបង្ហោះសំណេរខ្លីតាមហ្វេសប៊ុកថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ” បែបនេះ៕

កុលបុត្រ

RELATED ARTICLES