គេនាំគ្នាចេញពីធ្វើការអស់ហើយ ស្រាប់តែគាត់ម្នាក់បាត់ ដើររកឃើញ…

0
148

ខេត្តស្វាយរៀង ៖ ស្ត្រីជាកម្មការិនីម្នាក់បានចូលទៅបំពេញការងាររបស់ខ្លួនតាំងពីព្រឹកដូចសព្វដង លុះល្ងាចឡើងក៏ស្រាប់តែត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងចក្រយ៉ាងអាណោចអាធ័ម ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗ សង្ស័យថាជាអំពើឃាតកម្ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចរោងចក្រគ្រីស្តាល់ប្រាយ អេឡិចទ្រិកឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី  ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងរោងចក្រខាងលើ មានឈ្មោះស្រី  ថេង អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីបម្រើការនៅក្នុងរោងចក្រ គ្រីស្តាល់ប្រាយ អេឡិចទ្រិកឯ.ក ទីតាំងកើតហេតុខាងលើ និងមានលំនៅក្នុងភូមិបារ៉ាយ ឃុំមេសថ្ងក ស្រុកចន្ទ្រា។

តាមប្រភពពីកម្មការិនីដែលរួមការងារជាមួយស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះបានចូលមកបំពេញការងាររបស់ខ្លួនដូចសព្វមួយដង ដោយមិនមានអាការអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ដល់ម៉ោងចេញពីធ្វើការទៅហើយ នៅតែមិនឃើញស្ត្រីរងគ្រោះ ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងរោងចក្រ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់កម្មករ-កម្មការិនីពេញរោងចក្រ និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសាកសព រកមូលហេតុពិតប្រាកដ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យពិនិត្យសពប្រមាណជា១ម៉ោងរួចមក ទើបសន្និដ្ឋានថា ស្ត្រីរងគ្រោះមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ គឺស្ត្រីរងគ្រោះបានស្លាប់ដោយសារតែមានជំងឺប្រចាំកាយច្រើនមុខ។

សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕