ចំណងស្នេហ៍៦ខែ ធុញឈ្មោះសង្សារ សុំធ្វើគូដណ្តឹង ភ្ជាប់ពាក្យតែម្តង

0
92

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូបានទាក់ទងស្វែងយល់ចិត្តគ្នាអស់ជាច្រើនខែមកហើយ លុះចុងក្រោយភាគីប្រុសពោលពាក្យថា ធុញទ្រាន់នឹងធ្វើជាសង្សារនឹងគ្នាខ្លាំងណាស់ ចំណែកភាគីស្រីក៏ឆ្លើយតបទាំងគ្មានស្ទាក់ស្ទើរថាធុញដូចគ្នា ស្រាប់តែមិនបានប៉ុន្មានខាងប្រុសក៏ប្រាប់ចាស់ទុំ ឪពុកម្តាយរបស់ខ្លួនចូលស្តីដណ្តឹងនារីជាសង្សារធ្វើជាគូអនាគតតែម្តង ដោយធុញពីឈ្មោះជាសង្សារសុំធ្វើជាគូដណ្តឹងវិញម្តង ហើយនឹងឈានដល់ឈ្មោះជាប្តីប្រពន្ធក្នុងពេលខាងមុខ។

គូដណ្តឹងថ្មោងថ្មីខាងលើ ភាគីប្រុស គឺជាមន្ត្រីយោធាពាក់ស័ក្តិ២ មានឈ្មោះអ៊ឹម មុន្នីសិលា។ ចំណែកភាគីនារីជាគូដណ្តឹង ឈ្មោះ Jannīe។

ភាគីប្រុសឈ្មោះអ៊ឹម មុន្នីសិលា ដែលជាសាមីខ្លួនខាងប្រុស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញពីពិធីភ្ជាប់ពាក្យរបស់ខ្លួនដោយភ្ជាប់ជាមួយនឹងសំណេររៀបរាប់ថា “ថ្ងៃមួយខ្ញុំបានប្រាប់គាត់ថា ខ្ញុំធុញនឹងធ្វើសង្សារគាត់ណាស់ គាត់ក៏ប្រាប់ខ្ញុំវិញថា គាត់ក៏មិនចង់ធ្វើសង្សារនឹងខ្ញុំដែរ ស្រាប់តែពេលនេះពួកយើងក៏ក្លាយទៅជាគូដណ្តឹងគ្នា។ អរគុណដែលអូនព្រមទទួលយកបង អរគុណដែលអូនព្រមស្រលាញ់បង អរគុណដែលអូនហ៊ានយកអនាគតរបស់អូនមកផ្ញើនឹងបង អរគុណដែលតែងតែនៅក្បែរពេលដែលបងលំបាក អរគុណដែលតែងតែអត់ឱន អភ័យទោសឱ្យបងគ្រប់ពេលដែលបងធ្វើខុសជាតិនេះ បងពិតជាសំណាងខ្លាំងណាស់ ដែលបានរស់ក្បែរអូន អរគុណប៉ាម៉ាក់ទាំងសងខាងដែលសម្រេចក្តីស្រមៃរបស់កូន…”។

នៅថ្ងៃដដែលនោះដែរ សាមីខ្លួនខាងស្រីបានឆ្លើយតបទៅកាន់គូដណ្តឹងរបស់ខ្លួនវិញថា “មនុស្សប្រុសដែលគ្រាន់តែឃើញយើង ហើយស្រលាញ់យើងនោះ មានច្រើនណាស់ តែបើមនុស្សប្រុសដែលអាចទទួលយកគ្រប់យ៉ាងពីយើង ស្រលាញ់យើង និងច្បាស់លាស់ជាមួយយើង ហើយយើងចង់នៅជាមួយចាប់ដៃគ្នាទៅមុខនោះ មានតែម្នាក់ប៉ុណ្ណោះ ជឿខ្ញុំទៅមនុស្ស២នាក់ស្រលាញ់គ្នា មិនចាំបាច់អ្នកមានមុខមាត់ស្អាតសង្ហាអីទេ ត្រឹមចេះយល់ចិត្តគ្នាទៅវិញទៅមក ចេះយោគយល់គ្នាទៅ គឺគ្រប់គ្រាន់ហើយ។

អរគុណបងដែលផ្តល់តម្លៃ អរគុណបងសម្រាប់គ្រប់យ៉ាង ក្នុងរយៈពេល៥-៦ ខែនេះ បងស្រលាញ់អូន ស្រលាញ់គ្រួសារអូន មើលថែអូន ប្រាប់ដំបូន្មានល្អៗ ជួយគ្នាទៅវិញទៅមក ក៏មិនដែលទុកអូនចោលពេលអូនលំបាក ទោះអូនស្តីថាយ៉ាងម៉េចក៏បងទ្រាំបាន ហាហាហា រឿងល្អៗដែលបងបានធ្វើ អូននឹងចងចាំវាទុក ផ្តល់ការទុកចិត្តឱ្យគ្នាឱ្យច្រើនៗទៀតណា៎ ! អរគុណប៉ាម៉ាក់សងខាងផងដែរ…”។

ដោយឡែក ក្រោយពីឃើញការបង្ហោះសារឆ្លើយឆ្លងគ្នា ដ៏ផ្អែមល្ហែមខាងលើ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបញ្ចោញយោបល់ (Comment) ផ្លែផ្កាឱ្យគូស្នេហ៍ខាងលើថា “ទោះជាការហើយ នៅតែបែកគ្នាបាន ចុះត្រឹមជាគូ…ជឿជាក់លើគេម៉្លេះ?…”។

ជាការឆ្លើយតបទៅនឹងសំណេរផ្លែផ្កាខាងលើ សាមីខ្លួនខាងស្រីបានបង្ហោះសារតបវិញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ថា “ដូចដែលទាំងអស់គ្នាបានឃើញគាត់បានសរសេរថា “ទោះជាការហើយនៅតែបែកគ្នា ចុះត្រឹមគូដណ្តឹង ជឿជាក់លើគេម៉្លេះ?” ខ្ញុំសុំមិនបញ្ចោញឈ្មោះគាត់ ហើយក៏ចង់អរគុណដែលលោកពូបានបញ្ចេញមតិ ខ្ញុំចង់ប្រាប់ទៅលោកពូវិញថា ពាក្យខាងលើ គឺប្រើសម្រាប់មនុស្សដែលគ្មានទំនួលខុសត្រូវ និងគ្មានភាពច្បាស់លាស់តែប៉ុណ្ណោះ ជីវិតគូ គឺមិនមែនសុទ្ធតែផ្អែមល្ហែមគ្រប់ពេលនោះទេ តែងតែមានការទាស់ទែងគ្នា វាប្រៀបដូចជាចាននៅក្នុងរាវ តែងតែមានការប៉ះទង្គិច គឺវាត្រូវការឱ្យយើងទាំង២ចេះអត់ធ្មត់ ចេះអត់ឱន ចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដូចពាក្យគេថា (អូនជាភ្លើង បងជាទឹក)។

ហើយរឿងឈ្លោះនឹងវាមានច្រើនប្រភេទណាស់ (កាត់ន័យយល់ខ្លួនឯងខ្លះទៅណា ខ្ជិលសរសេរច្រើន) តែចង់ប្រាប់មួយទៀតថា បើស្រឡាញ់គ្នាពិត កុំត្រចៀកស ស្តាប់ពាក្យគេ រស់នៅក្រោមបបូរមាត់គេ គ្មានក្តីសុខទេ បើខ្ញុំសរសេរដល់ស្អែក ក៏មិនអស់ដែរ អ៊ីចឹងសូមចប់ត្រឹមប៉ុណ្ណឹង

 អ្នកទាំងអស់គ្នាត្រូវចាំថា មនុស្សដែលស្រឡាញ់យើងពិត គេមិនបោះបង់យើងនិងមិនងាយឱ្យយើងចាកចេញពីគេស្រួលៗទេ ទោះជាមានរឿងអ្វីក៏ដោយ ខឹងស្អប់ប៉ុនណា ក៏នៅតែមានកូនចិត្តស្រឡាញ់អាណិតដែរ #Noted ខ្ញុំមិនមែនអ្នកទ្រឹស្តីស្នេហាអីទេ តែខ្ញុំនិយាយបែបជីវិតពិត (បទពិសោធន៍ខ្ញុំផ្ទាល់ ហាហាហា)…”៕