ផ្ញើកូនឱ្យតាមើល… ម៉ែឪមកពីធ្វើការវិញ នាំគ្នាស្រែកយំ

0
65

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវឪពុកម្តាយនាំយកទៅផ្ញើឱ្យជីតាជួយមើលថែ ព្រោះរវល់ចេញទៅធ្វើការ លុះខណៈដែលជីតាភ្លេចខ្លួនបន្តិច ស្រាប់តែក្មេងប្រុសទាំង២នាក់ បាននាំគ្នាចុះលេងទឹកស្រះបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់ ខណៈដែលមិនមានអ្នកណាបានឃើញនិងជួយទាន់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០  នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។

ក្មេងប្រុសរងគ្រោះទាំង២នាក់ដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះរស់ សំណាង អាយុ២ឆ្នាំ និងទី២-ឈ្មោះរស់ សុជាតិ អាយុ២ឆ្នាំ។  ក្មេងប្រុសទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើ ជាប់រវល់ចេញទៅធ្វើការងារ ទើបនាំកូនយកទៅផ្ញើជីតាឱ្យជួយមើលថែ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ខណៈដែលជីតាភ្លេចខ្លួនមួយភ្លែត ស្រាប់តែក្មេងប្រុសទាំងពីរ បាននាំគ្នាចុះលេងទឹកស្រះបណ្តាលឱ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពក្មេងប្រុសទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕