លោកករុណា ពេជ្រ សារភាពមានផ្ទះ៥ខ្នង ហើយលោកអរគុណ…

0
153

ថ្វីត្បិតតែជាង២ឆ្នាំនេះ តារាចម្រៀងថោន លោកករុណា ពេជ្រ ហាក់ស្ងប់ស្ងាត់ក្នុងអាជីព ព្រោះលោកបានសុំច្បាប់ផ្អាកនៅថោន ដោយយកពេលវេលាទៅផ្ដោតលើការមើលថែឪពុកដែលមានជំងឺលើសឈាម និងដាច់សរសៃឈាមក្នុងខួរក្បាល ដោយចំណាយលុយអស់ដល់ទៅជិត២០ម៉ឺនដុល្លារក្ដី ប៉ុន្ដែអតីតតារា Classic រូបនេះ មិនធ្លាក់ខ្លួនដុនដាបនោះទេ ទោះជាលោកបានប្រកាសលក់ផ្ទះវីឡាជាទីស្រលាញ់កាលពីឆ្នាំមុនមែន ប៉ុន្តែលោកពេជ្រ បានសារភាពថា បច្ចុប្បន្នលោកនៅមានផ្ទះ៥ផ្សេងគ្នា ដែលសុទ្ធតែមានទីតាំងនៅរាជធានីភ្នំពេញ តែម្ដង។

លោកករុណា ពេជ្រ ប្រាប់ថា មិនមែនជាការអួតអាងនោះទេ ប៉ុន្ដែដោយសារអ្នកយកព័ត៌មានយើងបានសួរទៅហើយ អីចឹងលោកក៏ផ្ដល់ចម្លើយពិតដែរ។ លោកថា ផ្ទះទាំងនោះមិនមានអ្នកណាជួយឧបត្ថម្ភដូចគេសង្ស័យនោះទេ តែវាបានមកពីលោកបានទិញដោយបង់រំលស់ជារៀងរាល់ខែបន្ដិចម្ដងៗ ក៏ក្លាយទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកពេជ្រ បន្តថា ពិតជាមិនអាចប្រកែកបានឡើយ គឺលោកមានតែថ្លែងអំណរគុណដល់បូរីទាំងឡាយ​ដែលបង្កើតសេវាកម្មបង់រំលស់ ដែលធ្វើឲ្យលោកមានលទ្ធភាពទិញផ្ទះដែលខ្លួនឯងស្រលាញ់បានដូចពេលនេះ។

ក្រៅពីមានផ្ទះទាំង៥នៅទីតាំងផ្សេងគ្នានោះ លោកករុណា ពេជ្រ ក៏ត្រូវបានគេដឹងថា លោកមានដីធ្លីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ​។ ប៉ុន្តែលោកថា គ្រាន់តែមានជីវភាពមួយសមរម្យ មិនមែនហូរហៀរនោះឡើយ។

ដោយឡែក នៅឆ្នាំ២០២០នេះ ករុណា ពេជ្រ ក៏ជិះរថយន្ដទំនើប Lexus LX 570 ស៊េរីថ្មី ដែលមានតម្លៃជាង២០ម៉ឺនដុល្លារផងដែរ។

លោកពេជ្រ បន្តទៀតថា ទោះជាបានលក់ផ្ទះហើយយកលុយដល់ទៅជិត២០ម៉ឺនដុល្លារ ព្យាបាលឪពុកមែន​ តែស្ថានភាពពុករបស់លោកពេលនេះ មិនទាន់បានប្រសើរទេ ហើយលោកខ្លោចចិត្តបំផុត គឺពុកក្លាយទៅជាមនុស្សរុក្ខជាតិដែលមិនអាចនិយាយស្ដីបានទេ ហើយសូម្បីតែហូបបាយ ក៏ត្រូវបាញ់តាមទុយោចូលទៅក្រពះរបស់គាត់ដែរ។

លោកករុណា ពេជ្រ បន្ថែមថា ដោយសុខភាពពុករបស់លោកមិនទាន់បានប្រសើរ ហេតុនេះហើយលោកបានផ្អាកឡើងច្រៀងតាមឆាកជាង២ឆ្នាំហើយ ព្រោះមិនអាចរាំច្រៀងសប្បាយទាំងពុកកំពុងឈឺបែបនេះបានទេ។ ប៉ុន្ដែលោកនឹងព្យាយាមបែងចែកអារម្មណ៍ ហើយចង់វិលវិញ អាចនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខនេះ៕