ឡាយ លក្ខិណា បន្តនៅកាណាដា មិនមានគម្រោងវិលចូលស្រុកវិញ

0
278

ឡាយ លក្ខិណា កាន់តែស្ងប់ស្ងាត់ដំណឹងសូន្យឈឹងតែម្ដង ក្រោយចេញទៅកាណាដា ជាលើកទី២ កាលពីដើមខែសីហា ឆ្នាំ២០១៩ បើទោះជាមុននេះ រដ្ឋាភិបាលកម្ពុជា បានមើលឃើញពីស្ថានភាពកូវីដ-១៩ ហាក់ធូរស្រាលបន្តិច ក៏បានបើកជើងហោះហើរវិញ តែលក្ខិណា នៅតែមិនព្រមវិលវិញ ខណៈដែលមុនចេញទៅ អ្នកនាងអះអាងច្បាស់ៗថា ការទៅលើកនេះមានរយៈពេលត្រឹមតែ៣ខែគត់ ហើយដាច់ខាតនាងត្រូវតែវិលវិញនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ក្ដី ប៉ុន្ដែលក្ខិណា មិនមកតាមការសន្យានោះទេ។

អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងឆាតតាមហ្វេសប៊ុក អ្នកនាងលក្ខិណា មិនឆ្លើយតបទេ ទើបមិនអាចទទួលលព័ត៌មានពីនាងបានឡើយ។

ប៉ុន្តែមុនពេលដែលឡាយ លក្ខិណា បាត់ខ្លួន និងផ្ដាច់ទំនាក់ទំនងជាមួយអ្នកយកព័ត៌មានយើងនេះ អ្នកនាងបានប្រាប់ថា បានថត MV បទចម្រៀងនៅផលិតកម្ម Sandapl Production នៅលើកោះមួយ នៅកាណាដា ហើយបានជួបលោកសេដ្ឋីម្ចាស់កោះនោះទៀតផង។

អ្នកនាងលក្ខិណា ថា លោកសេដ្ឋីល្បីឈ្មោះនៅកោះនោះ បានឲ្យខ្ចីយន្ដហោះដែលអាចបើកលើទឹកក៏បានលើអាកាសក៏បាននោះ ឲ្យនាងថតសម្ដែងបទចម្រៀងដែលមានលក្ខណៈជាអន្ដរជាតិនោះ ទើបធ្វើឲ្យនាងសង្ឃឹមថា MV របស់នាងកាន់តែទាក់ទាញ។

យ៉ាងណាក្រោយជួបលោកសេដ្ឋីមកអ្នកនាងលក្ខិណា បានពន្យាពេលវិលចូលស្រុកវិញតែម្ដង ហើយរហូតមកដល់ពេលនេះជិត១ឆ្នាំទៅហើយ នៅតែគ្មានដំណឹងពីនាងទៀត។

គួររំលឹកថា ឡាយ លក្ខិណា ដែលធ្លាក់ខ្លួនក្លាយជាស្រីមេម៉ាយ ក្រោយចែកផ្លូវគ្នាជាមួយប្ដីជាមន្រ្ដីធំនោះ បានចាកចេញពីអាជីពសិល្បៈរយៈពេល១២ឆ្នាំ ទៅសម្ងំលក់ខោអាវនៅផ្សារអូរឫស្សី យ៉ាងសាមញ្ញ។

ទើបតែនៅឆ្នាំ២០១៦ ដែលនាងបានវិលរកអាជីពចាស់វិញ តាមរយៈការឡើងឆាកតន្រ្ដី និងថតសម្ដែងភាពយន្ដរឿង ”ផ្កាថ្ម” ឲ្យហង្សមាស និងរឿង ”រវាងយើង” ឲ្យទូរទស្សន៍បាយ័ន។

គេជឿថា ការផ្ញើរខ្លួននៅកាណាដា ១១ខែនេះ ច្បាស់ជាលក្ខិណា កំពុងតែរកបានម្ចាស់បេះដូងថ្មីស្អំរបួសបេះដូងជាមិនខាន៕   ហ៊ឹម វិចិត្រ