អ្នកនាងគង់ សុជាតិ ថ្នមប្ដីស្មើកែវភ្នែក លែងប្រហែសដូចមុនទៀតហើយ

0
146

បើទោះជាអ្នកនាងគង់ សុជាតិ មមាញឹកទាំងការងារសិល្បៈនិងមុខជំនួញយ៉ាងណាក៏ដោយ ប៉ុន្តែចាប់ពីពេលនេះតទៅ ពិធីការិនីជើងចាស់រូបនេះមិនហ៊ានបណ្ដែតបណ្ដោយឲ្យប្ដីក្មេង លោកជា វិបុល តុកសិកអផ្សុកពេក រហូតដល់ទៅបែកឆ្វេងងាកទៅស្នេហ៍ស្និទ្ធដៃគូឆ្លងឆ្លើយ ចាន់ កែវនិមល ម្ដងទៀតឡើយ ហេតុនេះហើយបានជានាងបានយកពេលវេលាជារៀងរាល់ចុងសប្ដាហ៍ នាំប្ដីទៅលំហែកាយាតាមមាត់សមុទ្រ ដូចជា កោះរ៉ុង ជាដើម ដោយអ្នកនាងថែមទាំងបានលេងខ្លួនយ៉ាងសិចស៊ី ប្លែកកខុសពីមុនទៀតផង ដូចជាមានពេលខ្លះ អ្នកនាងពាក់តែអាវវ៉ែនតា និងខោលីអូកៀកកើយប្ដីនៅមាត់សមុទ្រយ៉ាងរ៉ូមែនទិក មិនចាញ់គូស្នេហ៍យុវវ័យឡើយ។

ចំណែកកាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា សុជាតិ ក៏បានដឹកដៃប្ដីលោកវិបុល ទៅកម្សាន្ដនិងញាំមាន់ដុត ទឹកកកឈុសដល់ស្រុកបាគង ខេត្តសៀមរាប។

សុជាតិ បានបង្ហាញកាយវិការថ្នាក់ថ្នមកាយាប្ដីដូចកែវភ្នែកអីចឹង​តាមរយៈការបញ្ចុកអាហារឲ្យប្ដី ដែលធ្វើឲ្យគូស្នេហ៍ទាំងឡាយសុំខ្មាសតែម្ដង។ សកម្មភាពបែបនេះត្រូវបានគេមើលដឹងថា សុជាតិ ចង់ចងចិត្តប្ដីមិនឲ្យសៅហ្មងឡើយ ព្រោះបើប្រពន្ធថ្នមប្ដីប៉ុណ្ណឹងហើយ នៅតែលោកវិបុល បែកឆ្វែងងាកទៅមើលឃើញស្រីផ្សេងទៀតនោះ ទើបជារឿងចម្លែក។

គង់ សុជាតិ បានធ្លាក់ខ្លួនឈឺចូលដេកពេទ្យជាបន្ទាន់បន្ទាប់ពីរឿងស្នេហារបស់ស្វាមីនាង លោកជា វិបុល និងអ្នកនាងចាន់ កែវនិមល បានបែកធ្លាយខ្ចរខ្ចាយល្បីកក្រើក រហូតដល់ថៅកែហង្សមាស បង្ខំចិត្តលែងឲ្យពួកគេធ្វើការជាមួយគ្នាជាដៃគូទៀតហើយ។ ប៉ុន្តែសុជាតិ បានធូរស្រាលពីជំងឺ និងមានសុខភាពវិលមករកភាពប្រកតីឡើងវិញ បន្ទាប់ពីអ្នកនាងយុគ ចិន្ដា បានយកផ្កា១បាច់ ទៅលើកទឹកចិត្ត និងប្រាប់ទៅសុជាតិ ថា ”កុំបារម្ភច្រើនពេក របស់យើង គឺនៅតែជារបស់យើងទេ”។

គង់ សុជាតិ បានលែងលះជាមួយលោកម៉ៅ សាល់ភាព កាលពីឆ្នាំ២០១២ ដោយបន្សល់កូន២នាក់ (ស្រី១) ហើយអ្នកនាងបានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយចំណងស្នេហ៍ជាង៦ឆ្នាំនេះ ទទួលបានកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។

ដើម្បីឲ្យចំណងស្នេហ៍កាន់តែរឹងមាំថែមទៀត សុជាតិ អាចនឹងពិចារណាពពោះកូនភ្លោះប្រុស តាមសំណើប្ដី តែនាងថា​រឿងនេះទាល់តែគ្រូពេទ្យពិនិត្យទៅឃើញថា សុខភាពនាងអាចយកកូនថែមទៀតបាន ទើបនាងអាចបំពេញបំណងប្ដីបាន៕