Friday, April 19, 2024
Homeព័ត៌មានជាតិកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប៉ូលិសម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ...

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនប៉ូលិសម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ…

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងរបស់ការិយាល័យអនុវត្តដីកានៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកក្រគរ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យ ត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោក។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា កម្លាំងនគរបាលអនុវត្តដីកាចាប់ឃាត់ខ្លួនជនត្រូវចោទខាងលើ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខ្លាកូន ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនត្រូវចោទដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះធូ សេងង៉ាន់ ភេទប្រុស កើតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៦៤  ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា មានលំនៅកំណើតភូមិតាបេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ការឃាត់ខ្លួនជនត្រូវចោទម្នាក់នេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៣២  ត.ដ.ច.ន ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោករស់ ពិសិដ្ឋ។

ជនត្រូវចោទ (ធូ សេងង៉ាន់) ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួន និងបញ្ចប់នីតិវិធី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនគរបាលស្រុកក្រគរ៕

RELATED ARTICLES