Thursday, April 25, 2024
Homeព័ត៌មានជាតិកុំថាប្រុសអាមេរិកសុទ្ធតែល្អ!!! ប្រពន្ធខ្មែរធ្លាក់សម្រស់ រត់ចោលបាត់ ទោះជានាងកំពុងមានជំងឺបែបនេះក៏ដោយ

កុំថាប្រុសអាមេរិកសុទ្ធតែល្អ!!! ប្រពន្ធខ្មែរធ្លាក់សម្រស់ រត់ចោលបាត់ ទោះជានាងកំពុងមានជំងឺបែបនេះក៏ដោយ

ខេត្តបាត់ដំបង ៖ ស្រីស្អាតម្នាក់ព្រោះតែធ្លាក់ខ្លួនឈឺធ្ងន់រហូតបាត់បង់សម្រស់ ក៏ត្រូវប្តីអត់ខាន់ស្លាជាអាណិកជនខ្មែរនៅអាមេរិក ដោះដៃបោះបង់ចោល ឯកូនកើតមកក៏ស្លាប់ទៀត ធ្វើឱ្យនាងបាក់ទឹកចិត្តកាន់តែខ្លាំង ឈឺទាំងចិត្តទាំងកាយ ស្គមស្គាំងរីងរៃ។

នារីអភ័ព្វដែលធ្លាក់ខ្លួនឈឺធ្ងន់ បាត់បង់សម្រស់ ប្តីបោះបង់ចោលនោះ មានឈ្មោះនួន ចាន់សុផារ័ត្ន អាយុ២៤ឆ្នាំ រស់នៅភូមិដើមផ្ទៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

នាងនួន ចាន់សុផារ័ត្ន មានម្តាយជាស្ត្រីមេម៉ាយ ឈ្មោះពេជ្រ សារេត អាយុ៦១ឆ្នាំ ដែលត្រូវឪពុកចុះចោលតាំងពីនាងនៅតូច។ នាងមានជំងឺដំបៅពោះវៀនដំណាក់កាលចុងក្រោយ និងដុះដុំសាច់ក្នុងពោះវៀន ធ្លាប់វះកាត់ម្តងហើយ តែមិនបានជាសះស្បើយ រហូតចុងក្រោយមិនអាចបរិភោគអាហារបាន ទើបស្គមស្គាំងខ្លួនប្រាណ គ្មានកម្លាំងកំហែង នៅសល់តែដង្ហើមខ្យោយៗ ទើបគ្រូពេទ្យមិនទាន់អាចធ្វើការវះកាត់ជាថ្មីបាន។

នាងត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ននាងនៅតែត្រូវការអំណោយសប្បុរសជនដើម្បីព្យាបាលជំងឺនេះ ព្រោះជីវភាពនាងខ្វះខាតខ្លាំងណាស់ ដូច្នេះនាងលើកម្រាមដៃ១០ សុំអង្វរដង្ហោយសុំការជួយឧបត្ថម្ភពីបងប្អូនជនរួមជាតិ តាមកម្លាំងសទ្ធា ដោយនាងប្រាប់ថា នាងចង់រស់ចង់ឃើញពន្លឺថ្ងៃទៀត ព្រោះនាងនៅមានរឿងច្រើនមិនទាន់បានធ្វើ។

នាងនួន ចាន់សុផារ័ត្ន បាននិយាយអំពាវនាវថា “ខ្ញុំអាចនឹងត្រូវវះកាត់ម្តងទៀត ហើយសុខភាពខ្ញុំ អត់ល្អទេ ឥឡូវខ្ញុំដើរអត់បានទេ ទាល់តែមានអ្នកជួយទប់មានអ្នកគ្រាហ៍។ អ៊ីចឹងសូមបងប្អូនជួយឧបត្ថម្ភថវិកា១ម៉ឺន ២ម៉ឺនរៀលក្តី សុំជួយដល់ជីវិតចុងក្រោយ មិនដឹងថាវះកាត់លើកនេះ ជោគជ័យឬមិនជោគជ័យ តែវាជាពេលចុងក្រោយហើយ មិនដឹងរស់ឬស្លាប់ទេ ព្រោះថាពេលនេះខ្ញុំកំពុងពិបាក”។

បើតាមសម្តីអ្នកស្រីនួន ចាន់សុផារី អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ (ប្តីស្លាប់ចោលកាលពី២ឆ្នាំមុន) ដែលត្រូវជាបងស្រីបង្កើតរបស់នាងនួន ចាន់សុផារ័ត្ន បានរៀបរាប់ពីប្រវត្តិពិតរបស់ប្អូនស្រីថា ប្អូនស្រីរបស់គាត់មិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ គឺរៀនបានត្រឹមតែថ្នាក់ទី៣ នាងក៏បានសម្រេចចិត្តឈប់រៀន ហើយនៅពេលពេញវ័យនាងក៏បានទៅធ្វើការស៊ីឈ្នួលគេនៅប្រទេសថៃ។

លុះត្រឡប់មកស្រុកខ្មែរ នៅឯខេត្តបាត់ដំបង ជាទីកន្លែងរស់នៅវិញ នាងក៏បានចាប់មុខរបរជាអ្នកស៊ីឈ្នួលលក់ខោអាវឱ្យគេនៅក្នុងផ្សារបុរីមួយ ចំណែកម្តាយរបស់នាងជាអ្នកលក់បបរ។ ក្នុងជីវិតអ្នកលក់បបរនោះដែរ ម្តាយរបស់នាងក៏បានស្គាល់បុរសចំណាស់ម្នាក់ដែលតែងតែចូលមកញ៉ាំបបរនៅកន្លែងរបស់គាត់ជាញឹកញាប់ ហើយបានអួតថា គាត់មានកូនប្រុសម្នាក់ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលសល់ប្រាក់រាប់ម៉ឺនដុល្លារ មិនទាន់មានប្រពន្ធចង់ឱ្យរកប្រពន្ធនៅស្រុកខ្មែរ គឺចង់ឱ្យកូនប្រុសគាត់នោះបានស្គាល់គ្នាជាមួយនាង។

ពេលនោះ ម្តាយរបស់នាងមិនបានចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែបានគិតថា បើសិនជាគាត់បានកូនប្រសា មានប្រាក់ច្រើនអ៊ីចឹងមែននោះ ជីវភាពគ្រួសារគាត់នឹងបានធូរធារមួយកម្រិត។ ដូច្នេះគាត់ មិនបានតាំងចិត្តហាមឃាត់កូនស្រីទេ បើនាងបានឃើញបុរសនោះហើយពេញចិត្ត ក៏តាមចិត្តនាងទៅ។

ទីបំផុត នៅពេលបុរសនោះចុះមកស្រុកខ្មែរ ដោយឃើញប្អូនស្រីរបស់នាងមានរូបសម្រស់ស្អាត និងមានវ័យនៅក្មេងជាងគេ ដល់ទៅជិត២០ឆ្នាំ គេក៏ចាប់ចិត្តស្រលាញ់តែម្តង ហើយពួកគេក៏ទាក់ទងគ្នា ស្វែងយល់ចិត្តគ្នា។ បន្តមកទៀត ព្រោះតែបុរសនោះពូកែលួងលោមប្រើពាក្យផ្អែមល្ហែម ក៏ធ្វើឱ្យប្អូនស្រីរបស់នាងជឿលង់ទាំងស្រុង ក៏ព្រមប្រគល់បេះដូងនិងរូបកាយក្រមុំជូនគេដោយមិនបានរៀបការ។

អ្នកស្រីនួន ចាន់សុផារី បានរៀបរាប់បន្តថា ក្នុងការរួមរស់នៅជាមួយគ្នាដោយមិនរៀបការនោះ ប្តីអត់ខាន់ស្លារបស់ប្អូនស្រីនាងដែលរស់នៅអាមេរិកនោះ បានចុះមកស្រុកខ្មែរ រៀងរាល់១ឆ្នាំម្តង ហើយមកម្តងៗបានរយៈពេលពីរបីខែ ទើបត្រឡប់ទៅវិញ។ ធ្មេចបើកៗ ៤ឆ្នាំបានកន្លងផុត ឃើញថា ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនបានសុភមង្គលអ្វីសោះ ហើយក៏មិនរីកចម្រើនខាងជីវភាពដែរ ព្រោះក្នុងការរស់នៅអាមេរិកនោះ បុរសនោះមិនមែនរកចំណូលបានខ្ពស់ទេ គឺរកចំណូលបានធម្មតា ដូចអ្នកនៅស្រុកខ្មែរដែរ បានន័យថា ការដែលគេអួតថាសល់ប្រាក់ច្រើន ជាការផ្ទុយពីការពិត។

ប៉ុន្តែក្នុងន័យនេះ ប្អូនស្រីរបស់នាងមិនមែនសម្លឹងឃើញទ្រព្យសម្បត្តិជាធំទេ គ្រាន់តែចង់រួមរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ប្រកបដោយសេចក្តីសុខ និងភាពកក់ក្តៅតែប៉ុណ្ណោះ តែអ្វីដែលនាងចង់បានមិនបានដូចបំណងឡើយ គឺនៅពេលដែលនាងសម្រាលកូនមិនគ្រប់ខែ (អាយុ៨ខែ) ហើយពេលកើតបាន១យប់ ១ថ្ងៃ កូននោះក៏ស្លាប់ទៅវិញនោះ ប្តីរបស់នាងមិនបានមកមើលថែនាង ទេ ហើយរករឿងរកឈ្លោះប្រកែកនឹងនាង និងមិនទទួលការខុសត្រូវអ្វីទាំងអស់។

លើសពីនេះ នៅពេលដឹងថា នាងធ្លាក់ខ្លួនឈឺធ្ងន់ គេកាន់តែទៅឆ្ងាយពីនាង ជាពិសេសនៅពេល នាងធ្លាក់ខ្លួនឈឺធ្ងន់ អន់សម្រស់ ប្តីអត់ខាន់ស្លានេះមិនត្រូវការនាងទៀតឡើយ ហើយនាងក៏មិនទៅអង្វរគេដែរ ទើបសុំបែកពីគេតែម្តងទៅ។

បងស្រីនារីអភ័ព្វបានរៀបរាប់បន្តទៀតថា ជាការពិត ក្រោយការសម្រាលកូនមិនគ្រប់ខែនោះ បាន២ថ្ងៃ ប្អូនស្រីរបស់អ្នកស្រីកើតអាការធ្លាយពោះវៀន ត្រូវបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យខេត្ត នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ប៉ុន្តែបន្ទាប់ពីវះកាត់ហើយមិនបានជោគជ័យទេ គឺតាំងពីពេលនោះមក ជំងឺ របស់នាងក៏ធ្វើទុក្ខរហូត ហើយបានធ្លាក់ដុនដាបដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យអ្នកស្រីនឹកអាណិត ប្អូនស្រីណាស់ ហើយគិតថា នេះជាឆាកជីវិតដ៏អភ័ព្វរបស់នាង និងបង្ហាញឱ្យឃើញច្បាស់ថា នាងកំពុងទទួលរងវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ព្រោះអស់ពីឈឺចាប់នឹងប្តី និងកើតទុក្ខបាត់បង់កូន ឥឡូវខ្លួនឯង កំពុងរស់ជាមួយជំងឺដ៏សាហាវទៀត។ អ្នកស្រីនិយាយថា “ប្អូនអើយ! បងអាណិតប្អូនណាស់! តើបងអាចជួយអីប្អូនបានទៅ ក្រៅពីការថែទាំប្អូន? ប្អូនធ្លាប់តែស្អាត តែបែរជាធ្លាក់ខ្លួនក្នុងសភាពបែបនេះ! ជីវិតអើយ ពិតជាមិនទៀងមែន!”។

អ្នកស្រីបន្តថា ប្អូនស្រីកើតជំងឺបាក់ទឹកចិត្ត ហត់នឿយក្នុងការរស់នៅណាស់ ប៉ុន្តែអ្វីដែលអ្នកស្រីគិតថា ជីវិតនាងនៅមានតម្លៃ គឺនៅពេលឈឺខ្លាំងក្នុងមន្ទីរពេទ្យ នាងបានស្រែកហៅគ្រូពេទ្យឱ្យជួយនាងផង នាងចង់រស់។

ជាមួយគ្នានេះ អ្នកស្រីនួន ចាន់សុផារី ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូន សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក ដែលបានបរិច្ចាគថវិកាជួយដល់ប្អូនស្រីអ្នកស្រី ហើយអ្នកស្រីសូមជូនពរលោកអ្នកដ៏មានធម៌សប្បុរសទាំងនោះ និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ ចៀសផុតពីជំងឺទាំងពួង និងមានទ្រព្យសម្បត្តិហូរហៀរ ធ្វើដំណើរទៅទីណា ជួបតែសុខសុវត្ថិភាពគ្រប់ទីកន្លែង។

ជាមួយនេះ អ្នកស្រីបង្ហើបថា បើមានលទ្ធភាព ឬសប្បុរសជនជួយបន្ថែមទៀត អ្នកស្រីចង់នាំប្អូនស្រីទៅព្យាបាលបន្តនៅប្រទេសថៃ ផងដែរ៕

RELATED ARTICLES