Friday, March 29, 2024
Homeព័ត៌មានជាតិក្បែររូបសំណាកលោកយាយពេញ បែរជាហ៊ានធ្វើរឿងបែបនេះ ចុងក្រោយរត់ចោលម៉ូតូ

ក្បែររូបសំណាកលោកយាយពេញ បែរជាហ៊ានធ្វើរឿងបែបនេះ ចុងក្រោយរត់ចោលម៉ូតូ

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានដកហូតម៉ូតូម៉ាកហុងដា ស្កុបពី១គ្រឿង របស់ជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេជិះធ្វើសកម្មភាពវាយយកទូរស័ព្ទដៃពីជនរងគ្រោះ តែមិនបានសម្រេច រួចនាំគ្នារត់គេចខ្លួនចោlម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចក្បែររូបសំណាកយាយពេញ តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម៉ូតូជនសង្ស័យម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១BC-៤០៦៥។  ចំណែកឯជនសង្ស័យទាំងពីរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងដែរថា  នៅមុនកើតហេតុ គេឃើញជនរងគ្រោះ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿង សេ១០០កូរ៉េ មិនចាំម៉ាកស្លាកលេខ មកឈប់ចតនៅត្រង់ចំណុចខាងលើ។

លុះដល់វេលាកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់បានជិះម៉ូតូស្កុបពីទៅឈប់ក្បែរនោះ ហើយធ្វើ សកម្មភាពវាយទៅលើជនរងគ្រោះ រួចកញ្ចក់យកទូរស័ព្ទដៃ មិនចាំម៉ាកមួយគ្រឿងពីដៃជនរងគ្រោះ តែមិនបានសម្រេច ដោយជនរងគ្រោះស្រែកឆោឡោបណ្តាលឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏នាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ឃើញនាំគ្នាដេញតាមពីក្រោយ រហូតទៅដល់ចំណុចក្បែរខាងជើងរង្វង់មូលវត្តភ្នំ តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយជនសង្ស័យភ័យពេកក៏បានផ្តួលម៉ូតូចោល រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍យកម៉ូតូជនសង្ស័យទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES