Wednesday, April 24, 2024
Homeតារាខ្មែរខេម ចាប់ដៃស្រីក្មេង ឡើងឬចុះ?

ខេម ចាប់ដៃស្រីក្មេង ឡើងឬចុះ?

តារាចម្រៀងប៉ុន សុណារិន្ទ ហៅខេម បានក្លាយទៅជាតារាចម្រៀងសំខាន់របស់ផលិតកម្ម Galaxy Navatra ក្រោយពីអ្នកចម្រៀងសំនៀងស្អករូបនេះ ស្ពាយបង្វេចចេញពីថោន ដោយមិនប្រាប់ពីមូលហេតុ។

លោកខេម និងតន់ ច័ន្ទសីម៉ា

យ៉ាងណា មកដល់ទ្រនំថ្មីភ្លាម ខេម ត្រូវបានលោកថៅកែតម្រូវឲ្យចាប់ដៃគូជាមួយស្រីស្រស់តូចច្រឡឹង កញ្ញាតន់ ច័ន្ទសីម៉ា ដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ហើយអ្នកទាំងពីរដែលមានសំឡេងស្អកដូចគ្នានោះ ច្រៀងឆ្លងឆ្លើយគ្នា ដូចជាបទ ”ចង់សុំWiFi”, ”ការស្រលាញ់ដែលខ្វះជាតិស្ករ” និងបទ ”សុំមួយពេលមក” ជាដើម។

នេះជាជំហានថ្មីមួយទៀតរបស់ខេម ខណៈដែលអំឡុងនៅទ្រនំថោន អ្នកចម្រៀងមកពីខេត្តកំពង់ឆ្នាំង រូបនេះ ធ្លាប់ចាប់ដៃគូជាមួយមាស សុខសោភា ទទួលបានការគាំទ្រយ៉ាងច្រើន។

គេមិនទាន់អាចសន្និដ្ឋានបានទេថា តើខេម ប៉ះស្រីក្មេងពេលនេះ នឹងធ្វើឲ្យរូបគេកាន់តែស្ទុះហក់ឡើងកូដថែមមួយកម្រិតទៀត ឬមួយក៏ប្រឈមការធ្លាក់កូដវិញ ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថា អាស្រ័យទៅលើផលិតកម្មថោន ថា តើនឹងលើកខេម ដូចសីម៉ា ដែរឬយ៉ាងណា ខណៈដែលផលិតកម្មមួយនេះ កន្លងមកក៏ធ្លាប់ផ្អឹបទុកតារាចម្រៀងរបស់ខ្លួន២នាក់ ដោយគ្មានបទច្រៀងដែរនោះ គឺលោកចាន់ សម័យ និងកញ្ញារ័ត្ន រចនា។

ខេម ត្រូវបានបុរសម្នាក់លើកទូរស័ព្ទជំនួស ហើយថា តារាចម្រៀងរូបនេះកំពុងជាប់ថតស្ពត ទើបមិនអាចសុំការបញ្ជាក់ពីមូលហេតុដែលរូបគេសម្រេចដើរចេញពីថោន ចូលជ្រកនៅហ្គាឡាក់ស៊ី ។

យ៉ាងណា អតីតអ្នករត់ម៉ូតូឌុប ធ្លាប់ដេកតាមសួនច្បាររូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា រូបគេមានជីវភាពផ្លាស់ប្ដូរដូចសព្វថ្ងៃនេះបាន ដោយសារតែមានឱកាសធ្វើជាតារាចម្រៀងនៅថោន អីចឹងគេមិនចង់ទៅច្រៀងនៅផលិតកម្មណាទេ តែបើចេញពីថោន មែន ទាល់តែថៅកែផលិតកម្មដេញគេចេញ លែងឲ្យច្រៀង ទើបគេព្រមទៅ។

ប៉ុន្ដែពេលនេះ ខេម មិនមែនជាអ្នកចម្រៀងថោន ទៀតទេ ខណៈដែលរឿងស្នេហាជាមួយស្រីកា នៅបារាំង រូបគេនៅតែបន្ដលាក់បាំង បន្ទាប់ពីចែកផ្លូវគ្នាជាមួយតារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេកម្នាក់ មកពីខេត្តកំពតម្នាក់៕

RELATED ARTICLES