Thursday, April 25, 2024
Homeព័ត៌មានជាតិចៅសង្កាត់ជើង១០

ចៅសង្កាត់ជើង១០

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ចៅសង្កាត់របស់ពួកគាត់ (សង្កាត់បឹងទំពុន) សមនឹងហៅ “ចៅសង្កាត់ជើង១០” ព្រោះអត់មានខ្វល់ ពីសំណូមពរប្រជាពលរដ្ឋ អត់មានរាយការណ៍ទៅថ្នាក់លើដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ផ្ទុយពីអនុសាសន៍ណែនាំជារឿយៗរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងដាស់តឿនមន្ត្រីថា គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិន មែនជាចៅហ្វាយរបស់ប្រជាជនទេ មន្ត្រីទាំងអស់មិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្ត្រីជើង២។

ប្រជាពលរដ្ឋខាងលើ បានខ្សឹបថា ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយ យីហោ “ខាយ ណាម” ដែលមានរថយន្តពណ៌ផ្ទៃមេឃ និងមានបេន (ចំណត) ស្ថិតនៅក្នុងដីឡូត៍ តាមបណ្តោយផ្លូវលេខ១០៧BT ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិងកំពុងបង្កបញ្ហាឈឺក្បាលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនមួយនេះ ដោយសារតែបញ្ហាកូវីដ-១៩ ស្ងាត់អ្នកដំណើរជិះ បែរជាប្តូរទិសសម្រុកដឹកទំនិញពីស្រុកយួន (មិនដឹងថាមាន ពន្ធ ឬអត់ពន្ធទេ) ទាំងយប់ទាំងថ្ងៃ មកស្តុកពេញក្នុងឃ្លាំង រួចបញ្ចេញវិញតាមរ៉ឺម៉កម៉ូតូ ឬរថយន្តដឹកទំនិញតូចៗ ដោយចតរថយន្តក្រុងធំៗពេញផ្លូវជាជួរដូចហែកឋិន ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង។ លុះយប់ឡើង និងពេលព្រឹកព្រលឹម ឡានក្រុងចេញ-ចូលចំណត រោទ៍សំឡេងលាន់ឮទ្រហឹង រំខានការដេកពួនរបស់ប្រជាពលរដ្ឋជិតខាង។

ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានខ្សឹបឱ្យឮបន្តថា បញ្ហានេះពួកគាត់ធ្លាប់ប្តឹងទៅអាជ្ញាធរ ជាពិសេសលោកចៅសង្កាត់បឹងទំពុន និងស្រែកតាមបណ្តាញសង្គម ឱ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាច្រើនដងមកហើយ តែមិនឃើញចុះមកដោះស្រាយសោះ ឬមួយក៏ចុះមកស្ងាត់ៗ បានសំណែនញាត់មាត់ បាំងភ្នែក ញ៉ុកត្រចៀក ទើបគ្មានវាចានឹងថ្លែង មើលមិនឃើញ ស្តាប់លែងឮសំណូមពរ និងទុក្ខលំបាករបស់ប្រជាជនក៏មិនដឹង? ដុល្លារញុកភ្នែក!។ 

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងដាស់តឿនមន្ត្រីថា គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិ មែនជាចៅហ្វាយរបស់ប្រជាជនទេ ហើយមន្ត្រីទាំងអស់មិនត្រូវធ្វើជាមន្ត្រីជើង១០ អង្គុយតែក្នុងការិយាល័យនោះទេ គឺត្រូវធ្វើជាមន្ត្រីជើងពីរ ចុះមូលដ្ឋាន មើលនិងដោះស្រាយពីទុក្ខលំបាកនិងសំណូមពររបស់ប្រជាជន តែអនិច្ចា! លោកចៅសង្កាត់បឹងទំពុន អត់ខ្វល់អត់ ស្តាប់ឬអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលសោះតែម្តង ធ្វើឱ្យពួកគាត់ជាប្រជាពលរដ្ឋមានការខកចិត្តជាខ្លាំងចំពោះលោកចៅសង្កាត់ជើង១០ សព្វថ្ងៃនេះ។

ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពន់ ក៏ដូចជាអ្នកដំណើរដែលធ្លាប់ឆ្លងកាត់ផ្លូវលេខ១០៧BT ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានខ្សឹបឱ្យឮជាថ្មីម្តងទៀតដល់លោកចៅសង្កាត់បឹងទំពុន សូមចុះមកមើលផ្លូវខាងលើនេះ ត្រង់ចំណុចបេនឡានក្រុង ខាយ ណាម ដែលយកផ្លូវធ្វើជាចំណតរថយន្តយ៉ាងអនាធិបតេយ្យ បង្កផលលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះផង ឬមួយសំណូមពរប្រជាជនប៉ុណ្ណឹង មិនអាចដោះស្រាយបាន ចាំទាល់តែប្រជាពលរដ្ឋស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ផ្ទាល់តែម្តង?…៕ ខៀវទុំ

RELATED ARTICLES