Thursday, April 25, 2024
Homeតារាខ្មែរឆុំ វត្តី ចង់ជប់លៀងមង្គលការ ផ្គួបថ្ងៃបង្កក់កូន

ឆុំ វត្តី ចង់ជប់លៀងមង្គលការ ផ្គួបថ្ងៃបង្កក់កូន

អ្នកនាងឆុំ វត្តី បានរៀបការជាមួយលោកបណ្ឌិត រិទ្ធី ហួររក្សា ហៅណេង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ទាំងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ហេតុនេះហើយមិនទាន់បានធ្វើពិធីជប់លៀងដូចមង្គលការអ្នកដទៃឡើយ តែនាងសន្យាថា នឹងធ្វើកម្មវិធីផឹកស៊ីរាំរែកដូចគេនៅពេលដែលស្ងប់កូវីដ-១៩។

ទោះជាយ៉ាងណា ក្រោយរៀបការបានជិត២ខែនេះ វត្តី នៅតែមិនហ៊ានកំណត់ថ្ងៃជប់លៀងមង្គលការជាក់លាក់ដដែល ហើយក្នុងជំនួបកាលពីថ្ងៃទី២៧ ខែកក្កដា នេះ វត្តី ថា នាងអាចនឹងធ្វើពិធីបង្កក់កូនផ្គួបជាមួយថ្ងៃជប់លៀងមង្គលការតែម្ដង ក៏ថាបានដែរ។

វត្តី ប្រាប់ថា ឥឡូវរាងស្ងប់កូវីដ-១៩បន្ដិច ហើយតែពេលនេះនាងជាប់រវល់លើការគ្រប់គ្រងថតភាពយន្ដនៅផលិតកម្មឪពុកក្មេករបស់នាង ហេតុនេះហើយមិនទាន់មានពេលទំនេរ អាចដកឃ្លាធ្វើពិធីជប់លៀងសប្បាយៗនោះបានទេ។ នាងនិយាយលេងបន្លំមែនថា ពិធីជប់លៀងនោះអាចនឹងធ្វើផ្គួបជាមួយកូនដំបូងរបស់នាង ដែលនឹងត្រៀមយកនៅឆ្នាំក្រោយនេះក៏ថាបានដែរ។

ឆុំ វត្តី តួឯករឿង​ ”ហ្លួងព្រះស្ដេចកន” ​បានក្លាយទៅជាភរិយារបស់លោករិទ្ធី ហួររក្សា ដែលជាកូនរបស់អ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោកទិត ធារិទ្ធ ហើយនាងត្រូវបានឪពុកក្មេកផ្ដល់តំណែងជាអ្នកចាត់ការទូទៅប្រចាំផលិតកម្មរបស់លោកតែម្ដង ដែលវត្តី មានសិទ្ធិក្នុងការជ្រើសរើសតួសម្ដែង និងបើកលុយឲ្យតួៗផងដែរ។

យ៉ាងណា វត្តី ថា នាងមិនចោលអាជីពសម្ដែងផ្ទាល់ខ្លួនរបស់នាងឡើយ គឺនៅតែបន្ដថតសម្ដែងភាពយន្ដ និង MV ជាធម្មតា។ នាងថា ក្រោយរៀបអាពាហ៍ពិពាហ៍ជិត២ខែនេះ នាងមិនទាន់បាននាំស្វាមីទៅដើរលេងកម្សាន្ដ (Honey Moon) នៅក្រៅស្រុកទេ ព្រោះតែកូវីដ-១៩នេះ ប៉ុន្តែនាងនិងស្វាមីបានឯកភាពគ្នាថា នឹងយកកូនដំបូងនៅឆ្នាំ២០២១ខាងមុខនេះហើយ។

វត្តី បន្ថែមថា ដោយសារការព្រមព្រៀងជាមួយប្ដីបែបនេះហើយ ទើបអាចនឹងពន្យារពេលជប់លៀងមង្គលការ ព្រោះរង់ចាំធ្វើពិធីផ្គួបជាមួយកូនទី១របស់នាង ក៏អាចថាបានដែរ៕

RELATED ARTICLES