Friday, April 19, 2024
Homeព័ត៌មានជាតិទីបំផុត លោកយាយបានយុត្តិធម៌ហើយ បន្ទាប់ពីរយៈពេល៩ឆ្នាំ កូនស្រីគ្រូបង្រៀន បណ្តេញចេញពីផ្ទះ

ទីបំផុត លោកយាយបានយុត្តិធម៌ហើយ បន្ទាប់ពីរយៈពេល៩ឆ្នាំ កូនស្រីគ្រូបង្រៀន បណ្តេញចេញពីផ្ទះ

ខេត្តកែប ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានកូនស្រីជាគ្រូបង្រៀនរំលោភបំពានយកដីទំហំ១ហិកតារកន្លះ ព្រមទាំងប្រកាសកាត់កាល់ម្តាយ ហើយថែមទាំងបណ្តេញម្តាយចេញពីផ្ទះរហូតសូម្បីតែផ្នូររបស់ជីដូនដែលនៅក្នុងដីនោះ ក៏មិនព្រមឱ្យម្តាយទៅក្បែរផង ជាហេតុធ្វើឱ្យលោកយាយជាម្តាយរស់នៅរងទុក្ខអស់រយៈពេល៩ឆ្នាំ ទម្រាំទទួលបានយុត្តិធម៌ បន្ទាប់ពីមានការអន្តរាគមន៍ដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី។

ស្ត្រីចំណាស់ដែលត្រូវកូនស្រីបង្កើតរំលោភយកដីធ្លី និងថែមទាំងកាត់កាល់បណ្តេញចេញពីផ្ទះខាងលើនេះ មានឈ្មោះម៉ក់ ស៊ូន អាយុ៧៤ឆ្នាំ មុខរបរចាស់ជរា មានលំនៅក្នុងក្រុងកែប។ ចំណែកភាគីកូនស្រី គឺជាគ្រូបង្រៀន និងមានប្តីជាមន្ត្រីអប់រំទៀតផង។

យ៉ាងណាក្តី ជំលោះរ៉ាំរ៉ៃរវាងម្តាយចំណាស់និងកូនស្រី ដែលអូសបន្លាយអស់រយៈពេលជាង៩ឆ្នាំមកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុង ក្រោយពីមានអន្តរាគមន៍ដោយផ្ទាល់ពីសម្តេចហ៊ុន សែន តាមរយៈលោកឌួង តារា ជំនួយការផ្ទាល់។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឌួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហោះសាររៀបរាប់ថា “កុំព្រោះតែដី ធ្វើបុណ្យជូនម្តាយទាន់គាត់នៅរស់ ផ្តល់ស្នាមញញឹមជូនម្តាយជំនួសដោយទឹកភ្នែក ទើបទេវតាថែរក្សាយើង

លោកយាយ ម៉ក់ ស៊ូន អាយុ៧៤ឆ្នាំ ទោះបីមិនមែនជាយាយបង្កើតរបស់ខ្ញុំ ក៏គាត់ជាមនុស្សចាស់ម្នាក់ដែលមើលទៅគួរឱ្យអាណិតអាសូរណាស់។ លោកយាយត្រូវបានកូនស្រីបង្កើតជាគ្រូបង្រៀន (ប្តីមន្ត្រីអប់រំ) បានកាន់កាប់ដីគាត់ជាង១ហិកតារកន្លះ នៅក្រុងកែប ដោយគ្មានប័ណ្ណកម្មសិទ្ធិ ហើយអ្នកគ្រូក៏បានកាត់កាល់និងបណ្តេញម្តាយចេញពីទីនោះទៀតផង។ សូម្បីតែផ្នូរម្តាយគាត់នៅក្នុងដីនោះក៏មិនឱ្យចូលទៅជិតដែរ។

ពិតជារន្ធត់ តើគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាមនុស្សទៅណាអស់ហើយ? ដើម្បីតែដី ដើម្បីតែលុយ មនុស្សធ្វើគ្រប់យ៉ាង សូម្បីតែម្តាយខ្លួនឯងបង្កើត។ រឿងវិវាទនេះ លោកយាយខំតស៊ូមកជាង៩ឆ្នាំ ទម្រាំមានឱកាសបានដាក់លិខិតគោរពសុំជំនួយពីសម្តេចតេជោនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី១៧ កក្កដា ខ្ញុំក៏បានទៅមើលស្ថានភាពជាក់ស្តែង ហើយបានជួយសម្របសម្រួលផ្សះផ្សារវាងម្តាយនិងកូន ដោយមានលោកស្រីអភិបាលក្រុងកែប និងប្រធានភូមិបាលក្រុងចូលរួមផងដែរ។ ក្នុងនាមជាម្តាយដែលមានបង្កាន់ដៃកាន់កាប់ដីស្របច្បាប់តាំងពីឆ្នាំ១៩៩០មក លោកយាយសុំតែកន្លះហិកតារទេ ដីនៅសល់ជាង១ហិកតារទៀតទុកឱ្យកូនស្រីដើម្បីបានចែកបន្តឱ្យទៅកូនក្នុងបន្ទុកចុះ។ ក្នុងថ្ងៃនោះ អ្នកគ្រូអត់ព្រមទេ។ ខ្ញុំចប់យោបល់ ព្រោះមិនដែលជួបរឿងដែលមិនគួរជឿបែបនេះ។ រហូតមកដល់ថ្ងៃទី២០ កក្កដា ទើបអ្នកគ្រូព្រមចែកឱ្យម្តាយ។ ពិតណាស់ សម្តេចតេជោ គឺជាព្រះរស់របស់ពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលត្រូវបានគេធ្វើបាប។

ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែមានក្តីសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្ថានភាពទាំងអស់ ហើយយុត្តិធម៌តែងតែកើតមានដល់ពលរដ្ឋរងគ្រោះមិនខាន នៅពេលដែលសម្តេចលោកបានទទួល។ ការផ្សះផ្សារបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ គឺគ្រប់គ្នាឈ្នះដោយស្នាមញញឹម។

ខ្ញុំក៏សូមអរគុណលោកអភិបាលខេត្តកែប អភិបាលក្រុងកែប ប្រធានភូមិបាលក្រុង និងអាជ្ញាធរទាំងអស់ ព្រមទាំងក្រុមការងារ និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចូលរួមផ្សះផ្សាបញ្ចប់វិវាទនេះបានចប់ជាស្ថាពរកាលពីពេលថ្មីៗនេះ។ ពេលនេះអាជ្ញាធរកំពុងវាស់វែងរៀបចំប័ណ្ណកម្មសិទ្ធិជូនភាគីទាំង២។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង…”៕

RELATED ARTICLES