Thursday, April 25, 2024
Homeនយោបាយទំនួញភរិយាបណ្ឌិតកែម ឡី ៖ ៤ឆ្នាំ ហើយប្តីសម្លាញ់ អូននឹកបងណាស់

ទំនួញភរិយាបណ្ឌិតកែម ឡី ៖ ៤ឆ្នាំ ហើយប្តីសម្លាញ់ អូននឹកបងណាស់

ភ្នំពេញ ៖ ក្នុងឱកាសខួប៤ឆ្នាំ នៃមរណភាពរបស់ស្វាមី អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានបញ្ចេញទំនួញវាចាតាមបណ្តាញសង្គមហ្វេសប៊ុកពីប្រទេសអូស្ត្រាលី បង្ហាញនូវអារម្មណ៍ពិតក្នុងចិត្តនិងបេះដូង រស់នៅក្នុងនាមជាស្ត្រីមេម៉ាយដែលត្រូវរ៉ាប់រង គ្រប់គ្រងចិញ្ចឹមកូនប្រុសដល់ទៅ៥នាក់ ក្រោយពេលស្វាមីជាទីស្រឡាញ់ត្រូវឃាតករដ៏សាហាវ ឫស្យា បាញ់សម្លាប់យ៉ាងឃោរឃៅ ដោយអ្នកស្រីបានផ្ញើវាចាបេះដូងទៅព្រលឹងប្តីថា “៤ឆ្នាំហើយប្តីសម្លាញ់ អូននឹកបងណាស់!”។

អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានសរសេរនៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ថា “ប្តីសម្លាញ់! អូនមានរឿងច្រើនណាស់ ដែលត្រូវប្តឹងបង គឺឆ្នាំនេះ កូនរ៉ានុច ត្រូវប្រឡងថ្នាក់ទី១២ហើយ កូនម៉ានុត ថ្នាក់ទី១០ កូនម៉ាណូ ថ្នាក់ទី៨ កូនម៉ាណេ ថ្នាក់ ទី៤ ពិសេសកូនពៅ វីរបុត្រ ក៏ចូលរៀនមត្តេយ្យដែរ ឯអូនក៏ចូលរៀនអង់គ្លេសដែរ តែពិតជាពិបាកណាស់ ព្រោះអូនស្តាប់មិនសូវយល់

តែយ៉ាងណា អូននឹងខំប្រឹង ព្រោះកូនៗបងឧស្សាហ៍ញ៉ោះអូនណាស់ ពេលគេចង់និយាយដើមអូន គឺពួកគេនិយាយអង់គ្លេស ហើយក៏នាំបងប្អូនគេសើចពេញផ្ទះ អូនមិនដឹងថា កូននិយាយពីអ្វីខ្លះនោះឡើយ។ អូបង! និយាយអ៊ីចឹង កូនរ៉ានុច គាត់អាចជួយបំពេញឯកសារខ្លះៗឱ្យអូនបានហើយ ពេលខ្លះគាត់ជូនអូន និងប្អូនៗទៅពេទ្យបានទៀត ព្រោះអូនក៏បើកឡានបានស្ទាត់ ដែរ។

តាមពិតទៅ រ៉ានុច គាត់គ្រប់អាយុអាចប្រឡងយកប័ណ្ណបើកបរឡានបានហើយ ប៉ុន្តែត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩ មកដល់។ តាំងពីមានជំងឺនេះមក ធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ពេលកូនៗទៅសាលារៀន”។

អ្នកស្រី ប៊ូ រចនា សរសេរបន្តថា “បួនឆ្នាំ ហើយប្តីសម្លាញ់! ទោះអូននិងកូនៗរស់នៅសុខសប្បាយ តែដូងចិត្តអូនពិតជារងាណាស់។ មានពេលខ្លះ អូនបានប្រាប់ខ្លួនឯងថា បងបានចេញទៅបំពេញការងារនៅឯបរទេសហើយ បងនឹងត្រឡប់មកជួបអូន និងកូនៗយើងវិញ ក្រោយបងបំពេញការងារចប់ បងមិនទៅចោល អូននិងកូនៗរហូតនោះទេ។

ប៉ុន្តែវាគ្រាន់ជាការបោកបញ្ឆោតឱ្យស្ងប់ចិត្តប៉ុណ្ណោះ ការពិតបងមិនអាចវិលត្រឡប់មកជួបជុំគ្រួសារដូចមុនឡើយ បងដឹងអត់? មានសំណួរដដែលៗ តែងតែចោទសួរអូនមិនចេះចប់ តើសង្ឃឹមថា អាច មានយុត្តិធម៌សម្រាប់បងទេ? អូនសូមឆ្លើយថា “ទេ” បើដរាបណាប្រទេសយើងមិនទាន់មានការផ្លាស់ប្តូរនោះ។

ជិតដល់ថ្ងៃគម្រប់ខួប៤ឆ្នាំ នៃការបាញ់សម្លាប់បងហើយ ឆ្នាំនេះមិនបានធ្វើពិធីបុណ្យធំដូចរាល់ឆ្នាំទេបងអើយ! ក៏ព្រោះតែមានជំងឺកូវីដ-១៩ តែទោះយ៉ាងណា អូននិងកូនៗ ព្រមទាំងលោកតា លោកយាយ ពុកម៉ែ អ៊ំ ពូមីង បងប្អូន នៅគ្រប់កន្លែង នៅតែចងចាំ បងក្នុងចិត្តជានិច្ច។ នឹកបងណាស់ប្តីសម្លាញ់!”។

តាមរយៈ “នគរធំ” នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោកយាយភោគ សេ ម្តាយបង្កើតរបស់លោកបណ្ឌិតកែម ឡី និងជាម្តាយក្មេករបស់អ្នកស្រីប៊ូ រចនា ដែលសព្វថ្ងៃកំពុងរស់នៅស្រុកកំណើត ដែលជាទីបញ្ចុះសពលោកកែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្តែងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងនៅពេលបានឃើញសាររបស់កូនប្រសា ផ្ញើទំនួញវាចាទៅព្រលឹងប្តីខាងលើនេះ ដោយលោកយាយបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរយៈពេល៤ឆ្នាំមកហើយ ដែលគាត់នៅតែយំនឹកកូនប្រុសដូចកូនប្រសាយំនឹកប្តីដែរ។

លោកយាយភោគ សេ បានមានប្រសាសន៍យ៉ាងថា “ចា! ខ្ញុំមានសេចក្តីនឹករលឹកកូនខ្លាំងដែរ ចៅអីក៏នឹកដែរ ខ្ញុំមានអារម្មណ៍ក្តុកក្តួលច្រើន ហើយអត់ដឹងនិយាយថាម៉េចទេ អាហ្នឹងមិនបាច់ទេ វានៅតែដដែលហ្នឹង វានៅតែដដែល ដូចថាវាថ្មីៗអត់មានចាស់អីបន្តិច រឹតតែថ្មីៗឡើង គឺខ្ញុំក៏មានការនឹករលឹកកូនដូចប្រពន្ធគេដែរ គឺមានការយំក្តុកក្តួលមករហូត។ ដូច្នេះខ្ញុំមិនដឹងនិយាយថាម៉េចឱ្យបានច្រើនទេ គ្រាន់តែសុំផ្តាំទៅកូនប្រសា និងចៅៗ កុំឱ្យនឹករលឹក ឱ្យរស់នៅបានសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ”។

ជាមួយគ្នានោះដែរ អ្នកស្រីកែម ថាវី បងស្រីបង្កើតរបស់លោកបណ្ឌិតកែម ឡី និងត្រូវជាបងថ្លៃអ្នកស្រីប៊ូ រចនា ក៏បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដដែលនោះដែរថា អ្នកស្រីពិតជាមានអារម្មណ៍ក្តុកក្តួល រំជួលចិត្ត និងនឹករលឹកទៅដល់ប្អូនប្រុស ប្អូនថ្លៃ និងក្មួយៗណាស់ ក្នុងខួប៤ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី នេះ។

អ្នកស្រីកែម ថាវី បានមានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍ថា វាពិបាកចិត្តផង វាកើតទុក្ខ ហើយវាក្តុកក្តួល ប្អូនគ្នានៅឆ្ងាយ បាត់ពីម៉ែ ពីឪនៅនេះ ហើយអត់បានមកគោរព មិនបានមកធ្វើបុណ្យ ហើយក្មួយៗនៅតូចៗដែរ គ្នាច្រើនដល់ទៅ៥នាក់ វាពិបាកមើលថែ ហើយមិនដឹងនៅខាងណោះ ជីវភាពហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េច។

ត្រង់នេះ ខ្ញុំយល់ណាស់ពីអារម្មណ៍ប្អូនស្រី ក្នុងនាមជាស្រីដូចគ្នា ដែលអត់ពីប្តីទៅហើយប្តីវិសេសវិសាលអ៊ីចឹងទៀត វាសោកសង្រេងណាស់ ឃើញវីដេអូដូចនៅថ្មីៗ ដូច្នេះខ្ញុំនៅពេលដែលគេសួរពីរឿងហ្នឹង ខ្ញុំនិយាយមិនចេញទេ វាអួលដើមក។

ខ្ញុំនៅតែឃើញ អ៊ីចឹងអត់មានស្រាកស្រាន្តទេ ហើយក៏អត់មានថយចុះដែរ នៅតែក្តុកក្តួលនៅតែចង់ជួបក្មួយ ចង់ឃើញក្មួយផ្ទាល់ ហើយអាណិតប្អូន គ្នាចិញ្ចឹមកូនម្នាក់ឯង ពិបាកមើល ពិបាកថែ វាមិនស្រណុកទេ បើយើងនៅជិតម៉ែ ជិតឪទៅ ជួយមើលគ្នាអ៊ីចឹង សុខទុក្ខអី ឈឺថ្កាត់អី ហើយ មានប្តីនៅ ជាបង្អែកពឹងបាន តែដល់យើងអត់ប្តីអ៊ីចឹង វាពិបាកមើល ពិបាកថាណាស់ មិនដឹងនិយាយថាម៉េច។

គ្រាន់តែចង់បញ្ជាក់ថា ខ្ញុំយល់ពីអារម្មណ៍គាត់ថា រស់នៅមិនស្រណុកចិត្តទេ នៅតែនឹកមកដល់ប្តីគ្មានពេលស្បើយ គាត់ខ្វល់ខ្វាយ តែនិយាយមិនចេញដូចគ្នា។ ខាងខ្ញុំក៏អ៊ីចឹង ខាងគាត់ក៏អ៊ីចឹង ”។

អ្នកស្រី កែម ថាវី បន្តថា “ចំពោះគាត់ថា យុត្តិធម៌នឹងមិនមានសម្រាប់ប្តីរបស់គាត់ទេ បើដរាបណាមិនមានការផ្លាស់ប្តូរនៅកម្ពុជា អាហ្នឹងការយល់ឃើញរបស់គាត់ៗយល់ឃើញអ៊ីចឹងទៅ ប៉ុន្តែខ្ញុំៗជឿថា នឹងអាចមានយុត្តិធម៌នៅថ្ងៃណាមួយមិនខាន គ្រាន់តែយើងមិនកំណត់ ពេលវេលាបាន។ អានេះចិត្តរបស់ខ្ញុំទេ ឯចិត្តរបស់គាត់ៗផ្សេង ប៉ុន្តែចិត្តរបស់ខ្ញុំគិតឃើញថា មិនមែនមិនបានយុត្តិធម៌សោះ ម៉េចក៏បាន មិនស្ងាត់សូន្យដូចរាល់ថ្ងៃនេះទេ ខ្ញុំនៅតែមានសង្ឃឹមអ៊ីចឹង។

ប៉ុន្តែទោះយ៉ាងណា ខ្ញុំមានតែផ្តាំផ្ញើសួរសុខទុក្ខប្អូននិងក្មួយទាំងអស់ កុំឱ្យខ្វល់ច្រើនពេក ថាអ្នកនៅនេះក៏គេធ្វើខួបឱ្យរាល់ឆ្នាំ ហើយរាល់សីលហ្នឹង ក៏នៅតែដុតធូបអ៊ីចឹងដែរ អត់ដែលភ្លេចទេ។ ជាពិសេស គាត់ចូលចិត្តកាហ្វេហ្នឹង គឺទិញដាក់ឱ្យអ៊ីចឹងឯង រាល់ថ្ងៃសីល ហើយបាយសម្លដួសដាក់ ដុតធូបហៅគាត់អ៊ីចឹងមក។ អ៊ីចឹងមិនបាច់ឱ្យប្រពន្ធកូនគាត់គិតច្រើនទេ ខំប្រឹងធ្វើចិត្តឱ្យបានល្អទៅ អ្នកនៅនេះ គេធ្វើនៅនេះទៅ នៅហ្នឹង ធ្វើហ្នឹងទៅ ហើយជូនពរប្អូននិងក្មួយឱ្យបានសុខសប្បាយ កុំឱ្យមានបញ្ហាអី”៕ កុលបុត្រ

RELATED ARTICLES