Friday, March 29, 2024
Homeនយោបាយនាយក្រឹម ប្រៀបធៀបលោកសម រង្ស៊ី ជាកណ្តុរ អ្នកគាំទ្រ ជាកង្កែប

នាយក្រឹម ប្រៀបធៀបលោកសម រង្ស៊ី ជាកណ្តុរ អ្នកគាំទ្រ ជាកង្កែប

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលជាអ្នកគាំទ្រគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលមុននេះបានលើកតម្កើងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំង៦ចំណុចនោះ នៅពេលនេះទៀត លោកបានប្រៀបធៀបលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ទៅនឹងសត្វកណ្តុរ ចំណែកសកម្មជនអ្នកគាំទ្រលោកសម រង្ស៊ី ជាកង្កែប ហើយថាសត្វទាំងពីរក្បាលនេះ (កណ្តុរនិងកង្កែប) មុននិងក្រោយនឹងស៊ីគ្នា តាមរបៀបដែលគេហៅថា “ពាលស៊ីពាល”។

លោកសម រង្ស៊ី ពេលហែរក្បួនឃោសនាបោះឆ្នោត

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុ របស់លោក នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ថា “ខ្ញុំចង់ប្រៀបធៀបសត្វពីរ (កណ្តុរ & កង្កែប) ជាការពិតណាស់ អ្នកស្រែចម្ការភាគច្រើនគាត់មិនដឹងថា កង្កែបរស់នៅកន្លែងណាពិតប្រាកដនោះទេ?

នាយក្រឹម

កង្កែប (ប្រៀបដូចជាសកម្មជនរង្ស៊ី) បងប្អូនដឹងស្រាប់ហើយ កង្កែប ចូលចិត្តបញ្ចេញសំឡេងទ្រហឹងពេញស្រុកពេញស្រែ នៅពេលមុនភ្លៀង ឬក្រោយភ្លៀង ជួនកាលស្រែកខុសរដូវក៏មាន មិនដឹងថា ខ្លួននៅក្បែរមនុស្ស ឬនៅឆ្ងាយពីមនុស្សទេ។ អ៊ីចឹងហើយបានជាអ្នកស្រុកងាយនឹងចាប់គាត់បាន នៅពេលគាត់ស្រែក។

ចំណែកកណ្តុរវិញ (ប្រៀបដូចជារង្ស៊ី) កណ្តុរជាសត្វកខ្វក់ ហើយពូកែកកេរ ឬកាត់អ្វីៗនៅក្នុងភូមិស្ថានអ្នកស្រុក អ្នកស្រែណាស់ អ្នកណាក៏ដឹងថា សត្វកណ្តុរ ជាសត្វចង្រៃដែរ។

កណ្តុរ ចូលចិត្តប្រើធ្មេញបំផ្លាញ!!
រង្ស៊ី ចូលចិត្តប្រើបបេរមាត់ ញុះញុង់ បំផ្លាញ!!
(ទាំងពីរក្បាលនេះ មិនខុសគ្នាទេ ម៉្យាង ម្នាក់)”។

នាយក្រឹម បានសរសេរបន្តថា “អ៊ីចឹងបងប្អូនណាដែលមានចរិតដូចសត្វកង្កែប មុនធ្វើអ្វីមួយ សូមគិតបន្តិចសិនទៅ។ ជាប់គុកក៏ខ្លួនឯង! បាត់បង់ជីវិតក៏ខ្លួនឯង! ព្រាត់ប្រាសម៉ែឪ កូនចៅជាទីស្រឡាញ់ទៀត។ ចំណែកអ្នកបញ្ជាឱ្យយើងស្រែក ចុងបញ្ចប់គេឆ្លើយថា មិនមែនជាសកម្មជនរបស់ខ្លួនទេ។ ជាការពិត ឆ្នាំ២០១៣ និងពេលថ្មីៗនេះ បងប្អូនអ្នកទាំងនោះឈឺចាប់មួយជីវិតដែលមិនអាចបំភ្លេចបាន។

និយាយរួមទៅគឺ ៖ សត្វទាំងពីរក្បាលនេះ មុននិងក្រោយ បើមិនកណ្តុរស៊ីកង្កែប ក៏កង្កែប ស៊ីកណ្តុរវិញដែរ។ “ពាលស៊ីពាល” (អរគុណសន្តិភាព)។

សូមចូលរួមទប់ស្កាត់ជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា”៕ ខៀវទុំ

RELATED ARTICLES