Friday, April 19, 2024
Homeព័ត៌មានជាតិបុគ្គលិកធនាគារលេងមួយក្បាច់នេះ បះសក់លោកមេឃុំច្រូងតែម្តង

បុគ្គលិកធនាគារលេងមួយក្បាច់នេះ បះសក់លោកមេឃុំច្រូងតែម្តង

ខេត្តកណ្តាល ៖ បុរសជាបុគ្គលិកធនាគារម្នាក់បានប្រើល្បិចបន្លំត្រាមេឃុំ ទៅបោកប្រាស់ប្រជាពលរដ្ឋដើម្បីដាក់ទ្រព្យនិងលិខិតផ្សេងៗ ក្នុងការយកលុយពីធនាគារចំនួន៣ម៉ឺនដុល្លារ ទីបំផុតបែកធ្លាយរឿងរ៉ាវ ក៏ត្រូវលោកមេឃុំជាជនរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យក្លែងត្រាមេឃុំ យកទៅបោកប្រាស់ពលរដ្ឋយកលុយពីធនាគារប្រមាណ៣ម៉ឺនដុល្លារខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ជនសង្ស័យខាងលើ បានធ្វើការបោកប្រាស់ប្រជាពលរដ្ឋ រួមមាន ទី១-លោកមៀច ផៃ អាយុ៦៧ឆ្នាំ មុខរបរជំទប់ទី១ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។ និងទី២-លោកឡាង ថុល អាយុ៦៧ឆ្នាំ មុខរបរមេភូមិ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។

ប្រភពដដេលបន្តថា ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានទទួលព័ត៌មានពីលោកមាន ណាត ជាមេឃុំភូមិធំថា មានគេបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា និងត្រាថែមទៀត។ ពេលទទួលបានពាក្យបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍ភូមិធំ សហការណ៍ជាមួយនគរបាលយុត្តិធម៌ស្រុក បានហៅជនសង្ស័យខាងលើមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៃ វណ្ណៈ បានឆ្លើយសារភាពថា ខ្លួនបានឆាតទៅកន្លែងឆ្លាក់ត្រាតាមរយៈហ្វេសប៊ុក ដែលមានយីហោឆ្លាក់ត្រាពីចម្ងាយ ឱ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឱ្យខ្លួន ក្នុងតម្លៃ២០ដុល្លារ ដោយផ្ញើលុយតាមរយៈ ABA រយៈពេលមួយអាទិត្យ ទើបកន្លែងឆ្លាក់ត្រាឱ្យម៉ូតូឌុបយកមកឱ្យខ្លួន។

ជនសង្ស័យបន្ថែមថា ក្រោយពេលបានត្រាហើយ ខ្លួនក៏រៀបចំឯកសារក្លែងក្លាយដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់ចំនួន៣ម៉ឺនដុល្លារ ដើម្បីប្រកបមុខរបរប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES