Friday, April 19, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធលក់អនឡាញ សម្រាលទារកភ្លោះ៣ ចៅសម្តេចហ៊ុន សែន

ប្តីប្រពន្ធលក់អនឡាញ សម្រាលទារកភ្លោះ៣ ចៅសម្តេចហ៊ុន សែន

ភ្នំពេញ ៖ ប្តីប្រពន្ធជាអ្នកលក់ផលិតផលតាមអនឡាញ២នាក់ រួមរស់នឹងគ្នាក្នុងជីវភាពលំបាកលំបិន គ្មានជម្រកផ្ទាល់ខ្លួន ស្នាក់នៅផ្ទះជាមួយសាច់ញាតិ លុះក្រោយពីស្ត្រីជាប្រពន្ធមានផ្ទៃពោះគ្រប់ខែសម្រាល ក៏ស្រាប់តែកើតបានកូនភ្លោះដល់ទៅ៣នាក់ (ប្រុសទាំង៣) ធ្វើឱ្យជីវភាពកាន់តែត្រដាបត្រដួសថែមមួយកម្រិតទៀត លុះបន្ទាប់ពីទទួលបានព័ត៌មានស្ត្រីសម្រាលកូនភ្លោះ៣ (ចៅសម្តេច ហ៊ុន សែន) រួចមក អាជ្ញាធរមូលដ្ឋានក៏បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ព្រមទាំងអំណោយផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសារកូនភ្លោះ៣នោះភ្លាមៗផងដែរ។

ស្ត្រីជាម្តាយកូនភ្លោះ៣នាក់ មានឈ្មោះហែម មរកត អាយុ៣៦ឆ្នាំ មានប្តីឈ្មោះអ៊ុយ តាំងកា អាយុ៤១ឆ្នាំ ប្តីប្រពន្ធអ្នកទាំងពីរមានមុខរបរជាអ្នកលក់ផលិតផលតាមអនឡាញ ដោយឡាយវីដេអូលក់នៅផ្ទះ និងមានស្រុកកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅផ្ទះលេខ19E ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមសម្តីស្ត្រីជាម្តាយកូនភ្លោះ៣រូបនេះ បានរៀបរាប់ប្រាប់ថា ទារកភ្លោះទាំង៣នាក់របស់គាត់បានសម្រាលកាលពីថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងជីវភាពប្រចាំថ្ងៃ ប្តីប្រពន្ធពួកគាត់មានការលំបាកខ្លាំងណាស់ ពុំមានផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅឡើយ ហើយពួកគាត់សុទ្ធតែជាកូនកំព្រាឪពុកម្តាយដូចគ្នា បច្ចុប្បន្នរស់នៅជាមួយបងប្រុសខាងប្រពន្ធ និងប្រកបរបរលក់ផលិតផលបន្តិចបន្តួចនៅលើប្រព័ន្ធអនឡាញ គ្រាន់បានចំណូលចិញ្ចឹមជីវិត និងចិញ្ចឹមទារកភ្លោះទាំង៣ដែលចាប់កំណើតបានជិត១ខែហើយ។ ទន្ទឹមនឹងជីវភាពលំបាកនេះ ប្តីរបស់គាត់ថែមទាំងកើតមានជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ទៀតផង ដោយជាតិស្ករក្នុងខ្លួនឡើងដល់៥០០ឯណោះ។

ស្ត្រីរូបនេះ បានបន្តថា បច្ចុប្បន្នគ្រួសារពួកគាត់កំពុងជួបនូវការខ្វះខាតយ៉ាងខ្លាំង ដោយការចាយវាយ ហូបចុកមិនគ្រប់គ្រាន់ ពិសេសការចំណាយប្រាក់កាសខ្ពស់ក្នុងការថែទាំ និងបំប៉នអាហារដែលមានជីវជាតិដល់កូនៗទាំង៣ ដែលចាប់កំណើតបានមួយខែហើយនោះ ព្រោះនៅពេលដែលគាត់ជាប្រពន្ធកំពុងសរសៃខ្ចី ហេតុនេះប្តីក៏មិនអាចទៅធ្វើអ្វីកើតដេរ ព្រោះជាប់ជួយប្រពន្ធមើលកូនដល់ទៅ៣នាក់។

ក្រោយពីទទួលបានព័ត៌មានអំពីការចាប់កំណើតទារកភ្លោះ៣នាក់ខាងលើរួចមក នៅវេលាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានអនុសាខា បានចុះសួរសុខទុក្ខ និងពាំនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ក្រុមគ្រួសារខាងលើផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣នាក់។ មិនតែប៉ុណ្ណោះ សម្តេចទាំងទ្វេបានចាត់ទុកកូនភ្លោះ៣នាក់នេះ ជាចៅរបស់សម្តេចផងដែរ។

ជាមួយគ្នានេះ ដែរ លោកឌី រ័ត្នខេមរុណ ប្រធានអនុសាខា ណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប្រចាំក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា អំណោយរបស់អនុសាខា ដែលនាំមកចែកជូននាពេលនេះរួមមាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឹកក្រូច១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស រួមទាំងថវិកាចំនួន១០ម៉ឺនរៀល។

ចំពោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជាប្រាក់ចំនួន៥លានរៀល និងអង្ករ៥០គីឡូក្រាម ទឹកដោះគោម្សៅឌុយម៉ិក២កេសធំ ស្មើនឹង៤៨កំប៉ុង ស្ករស៥គីឡូក្រាម សារុង២ និងក្រមា២ តាមរយៈលោកសេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញនាំយកអំណោយដ៏សប្បុរធម៌ទាំងអស់នោះ ទៅចែកជូនផ្ទាល់ដៃដល់គ្រួសារកូនភ្លោះនោះដល់លំនៅដ្ឋាន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕

RELATED ARTICLES