Thursday, April 25, 2024
Homeតារាខ្មែរពេជ្រ សោភា ដាក់ទុនយកគ្រឿងសម្អាងពីប្រទេសកូរ៉េ មកលក់ផ្តាច់មុខនៅកម្ពុជា

ពេជ្រ សោភា ដាក់ទុនយកគ្រឿងសម្អាងពីប្រទេសកូរ៉េ មកលក់ផ្តាច់មុខនៅកម្ពុជា

ពេជ្រ សោភា បានឈានមួយជំហ៊ានទៀត តាមរយៈការដាក់ទុនរកស៊ីធំឆ្លងប្រទេសនោះ គឺការនាំយកផលិតរក្សាសម្រស់ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ពីគ្លីនិក WONJIN ដែលមានតែរូបនាងម្នាក់គត់ មានសិទ្ធិនាំចូលផ្ដាច់មុខនូវផលិតផលទាំងនោះ មកចែកចាយលក់នៅស្រុកខ្មែរ។

តារាហង្សមាសរូបនេះ មិនប្រាប់ពីទំហំទឹកប្រាក់ដែលនាងធ្វើវិនិយោគនេះថា ចំណាយអស់ប៉ុន្មានទេ ប៉ុន្ដែតាមអ្នកដែលរកស៊ីផ្នែកនេះ បានបង្ហើបឲ្យដឹងថា ការចំណាយដល់ទៅរាប់សែនដុល្លារឯណោះ ព្រោះការកុមុ្មង់ទិញដឹកតាមកាប៉ាល់ គឺក្នុង១មុខៗ ដល់ទៅរាប់ពាន់ដើម។

ចំណែកសោភា វិញថា នាងពិតជាមានមោទនភាពដែលត្រូវបានគ្លីនិក​WONJIN ផ្ដល់សិទ្ធិឲ្យនាងក្នុងការនាំយកផលិតផលទាំងនោះចូលមកកម្ពុជា ព្រោះផលិតផលទាំងនោះ កន្លងមកមាននៅបណ្ដាប្រទេសនៅជុំវិញពិភពលោកទាំងមូលតែម្ដង ប៉ុន្ដែកម្ពុជា គេមិនបែរជាមិនឲ្យយកផលិតផលនោះមកលក់ទៅវិញ។

សោភា ប្រាប់ថា មិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែនាងទទួលបានសិទ្ធិជាដៃគូចែកចាយលក់បន្ដ (Certificate Of Distributorship) នោះ គឺនាងបានធ្វើការទាក់ទងជាមួយគេជាច្រើនខែមកហើយ។ នាងថា មិនមែនមានលុយ ហើយអាចទៅទិញផលិតផលរបស់គេមកលក់បានទេ គឺគេមិននិយាយលុយនោះទេ ប៉ុន្ដែគេត្រូវការទំនុកចិត្តជាធំ ហើយអ្វីដែលនាងតូចចិត្តនោះ គេថា កន្លងមកគេមិនឲ្យផលិតផលរបស់គេមកតំណាងចែកចាយណាម្នាក់ ក្នុងប្រទេសកម្ពុជា នោះទេ ដោយសារតែគេខ្លាចមានអ្នកលក់ធ្វើឲ្យខូចប្រេនរបស់គេ កូពីប្រេនរបស់គេ ប៉ុន្តែពេលនេះគេបានផ្ដល់មានទំនុកចិត្តលើនាងសម្រាប់ការនាំចូលផលិតផលពីគ្លីនិកមួយនេះដោយស្របច្បាប់ ហើយអ្នកនៅកម្ពុជា ដែលចង់លក់បន្ដ ឬចង់បានផលិតផលទាំងនោះ គឺមិនមែនទាក់ទងទៅកូរ៉េទេ តែត្រូវទាក់ទងមករូបនាងផ្ទាល់តែម្ដង ព្រោះមានតែនាងម្នាក់គត់ដែលមានសិទ្ធិនាំចូលផលិតផលទាំងនោះ​ចូលមកស្រុកខ្មែរ ដោយស្របច្បាប់។

ពេជ្រ សោភា បន្តថា មុនឈានមកធ្វើជំនួញនេះ នាងមិនមែនលំៗទេ គឺបានរៀនសូត្រត្រឹមត្រូវពីមូលដ្ឋានគ្រឹះសំខាន់ៗផ្នែករកស៊ីធ្វើជំនួញផ្នែកនេះ ដោយចំណាយពេលដល់ទៅ៥ខែឯណោះ ទើបពេលនេះនាងយល់ដឹងច្រើនពីការងារក្រៅសិល្បៈមួយនេះ។ នាងថា មូលហេតុដែលជំរុញឲ្យរូបនាងមករកស៊ីនាំចូលផលិតផលពីគ្លីនិកមួយ នៅកូរ៉េនោះ ដោយសារតែនាងអាណិតប្រជាជានខ្មែរ ជាច្រើនដែលខូចមុខខ្ទេចខ្ទីអស់ ដោយសារតែប្រើផលិតផលខុស ហើយតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង គឺផលិតផលទាំងនោះអាចជួយបាន ព្រោះនាងក៏ធ្លាប់ខូចមុខម្ដងដែរ កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែពេលប្រើផលិតផលនៅគ្លីនិក WONJIN នោះ ធ្វើឲ្យនាងមានសម្រស់ដូចដែលខ្លួនឯងចង់បានដូចពេលសព្វថ្ងៃនេះ។

សោភា បន្តទៀតថា ពេលនេះអីវ៉ាន់ដែលនាងកុម្មង់ពីគ្លីនិកនោះ យកមកលក់នៅស្រុកខ្មែរ មានដូចជា ផលិតផល Initiuni , Medi Hydro , Exoderm Mask  ជាដើម ដែលផលិតផលទាំងនោះសុទ្ធតែមានលេខកូដ ហើយពេលឆែកលើ Google គេនឹងបានឃើញទាំងអស់តែម្ដង ហើយវានឹងបញ្ជួនពីគ្លីនិកនៅកូរ៉េ មកដល់ដៃនាងក្នុងពេលឆាប់ៗនេះហើយ។

ប៉ុន្ដែសោភា បញ្ជាក់ថា គ្មានគម្រោងធ្វើពិធីសម្ពោធនោះទេ ប៉ុន្ទែនាងនឹងមានហាងផ្ទាល់ខ្លួនមួយ ដែលដំណើរអាជីវកម្មរបស់នាងដោយឆ្លងកាត់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជា ត្រឹមត្រូវតាមផ្លូវច្បាប់ទាំងអស់។

នៅពេលត្រូវសួរថា ការងាកមករកស៊ីធំបែបនេះ សោភា ចង់ឈប់ពីការច្រៀងរាំ ព្រោះធុញទ្រាន់នឹងអាជីពសិល្បៈឬយ៉ាងណានោះ?

អ្នកចម្រៀងដែលឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាង១៥ឆ្នាំរូបនេះ អះអាងថា អាជីពចម្រៀង គឺនៅតែជាអ្វីដែលនាងស្រលាញ់បំផុត ហើយអំឡុងពេលផ្ទុះកូវីដ-១៩នេះ នាងបានធ្វើបទចម្រៀងទុកសម្រាប់ចេញរួចហើយ ប៉ុន្ដែមិនហ៊ានចេញពេលនេះ ព្រោះខ្លាចខុសពេលវេលា។ នាងថា ការរកស៊ីធំសំខាន់បំផុត គឺត្រូវមានកត្តា៣យ៉ាង គឺទី១. ស្មោះត្រង់ ទី២. ទំនុកចិត្ត និងទី៣. ជឿជាក់៕ ហ៊ឹម វិចិត្រ

RELATED ARTICLES