Tuesday, April 23, 2024
Homeតារាខ្មែរពេជ្រ សោភា យំនឹកឪពុក ខណៈឱក សុគន្ធកញ្ញា ឪនឹកកូន

ពេជ្រ សោភា យំនឹកឪពុក ខណៈឱក សុគន្ធកញ្ញា ឪនឹកកូន

នៅថ្ងៃបុណ្យលោកឪពុក “Father’s Day” កាលពីថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២០ ក្នុងការបង្ហាញខ្លួនលើឆាកតន្រ្ដី Ganzberg របស់ទូរទស្សន៍ PNN នោះ ពេជ្រ សោភា បានយំខ្សឹបខ្សួលលើឆាកតន្រ្ដី ក្រោយពីពិធីការិនីសុភ័ក្រ កុសមៈ បានដាក់ជាសំណួរថា តើសោភា មានសារបែបណាចំពោះថ្ងៃបុណ្យលោកឪពុក?

សោភា បានចាត់ទុកថា នោះជាសំណួរដ៏ចាក់ដោតមួយចំពោះរូបនាង ហើយនាងយំខ្សឹបខ្សួលលើឆាកតែម្ដង ដោយនាងនិយាយទាំងអួលដើមកថា សម្រាប់នាងថ្ងៃនេះជាការផ្ដល់ក្ដីស្រលាញ់ឲ្យពុករបស់នាង ដែលមានតែបេះដូងនឹក និងការចងចាំប៉ុណ្ណោះ ប៉ុន្ដែមានតែពុកនាងទេដែលជាវីរបុរសក្នុងបេះដូងរបស់នាងគ្រប់ពេល។

ពេជ្រ សោភា និងឪពុក

ពេជ្រ សោភា បន្តថា មិនដែលស្ដាយក្រោយដែលកើតជាកូនរបស់ពុកនាងជាគ្រួសារក្រីក្របំផុតនោះទេ ហើយពុកនាងផ្ដាំថា ធ្វើជាមនុស្សត្រូវតែចងចាំ និងសងគុណចំពោះអ្នកណាដែលធ្លាប់ជួយយើង។ នាងថា​ថ្ងៃដែលឪពុកនាងលាចាកលោក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នោះ ជាថ្ងៃដែលនាងឡើងច្រៀងកម្មវិធីឲ្យលោកគួច ខេវិន ហើយបើទោះជាដឹងថា គាត់មិនស្រួល តែនាងនៅតែមកច្រៀង ព្រោះពុកនាងថា ធ្វើជាមនុស្សត្រូវតែមានទំនួលខុសត្រូវ ភាពស្មោះត្រង់និងទំនុកចិត្ត។

ប៉ុន្តែអ្វីដែលប្លែកនោះ សោភា បែរជានិយាយធ្វើឲ្យពិធីករនិងពិធីការិនី រួមទាំងអ្នករាំដែលឈរក្បែរនាង បះសក់ច្រូងគ្រប់គ្នានោះ ដោយនាងថា មនុស្សយើងគ្មានអ្នកណាជោគជ័យនោះទេ តែបើមានជោគជ័យ គឺតែ១ពេលគត់ គឺនៅថ្ងៃដែលយើង ”ស្លាប់” នោះ ទើបជាថ្ងៃជោគជ័យហើយ។

សុភ័ក្រ កុសមៈ ដែលពូកែលេងសើចនោះ លែងហ៊ានស៊កសម្តីជាមួយសោភា ទៀត ក្រោយតារាហង្សមាស ផ្ដាំបែបនេះ។

ទស្សនិកជនចាប់អារម្មណ៍ផងដែរថា នៅថ្ងៃតែមួយនេះ​ តារារួមទ្រនំជាមួយពេជ្រ សោភា គឺអ្នកនាងឱក សុគន្ធកញ្ញា ដែលរស់នៅបែកឪពុករបស់នាង លោកឱក បូនី រយៈពេល២០ឆ្នាំទៅហើយនោះ ត្រូវបានលោកបូរី បញ្ចេញសារដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតថា ”ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”។

សារបែបនេះរបស់ឪពុកសុគន្ធកញ្ញា ធ្វើឲ្យមហាជនជាច្រើនបានជជែកគ្នា ហើយចាត់ទុកថា លោកបូនី មានការតូចចិត្តតូចថ្លើមចំពោះតារាចម្រៀងល្បីល្បាញឱក សុគន្ធកញ្ញា ដែលមិនដែលសួរនាំពីសុខទុក្ខលោកតាមទូរស័ព្ទ ឬតាមសារ ពិសេសគឺនៅថ្ងៃបុណ្យលោកឪពុកនេះតែម្ដង។

លោកបូនី ក៏បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទដែរថា លោកពិតជាអន់ចិត្តមែនដែលកូនស្រីសុគន្ធកញ្ញា បានផ្ដាច់ទំនាក់ទំនងជាមួយលោកជាឪពុកសូន្យឈឹងតែម្ដង។ លោកថា ក្នុងនាមជាឪពុក ទោះជាលោកចែកផ្លូវគ្នាជាមួយម្ដាយសុគន្ធកញ្ញា ២០ឆ្នាំក្ដី ប៉ុន្ដែលោកនៅតែនឹករលឹកដល់កូន ហើយលោកសប្បាយចិត្តណាស់ដែលឃើញកូនស្រីជោគជ័យ និងមានសភមង្គលដូចសព្វថ្ងៃ។

លោកបូនី បន្តថា មិនចង់បានអ្វីពីកូនស្រីទេ ប៉ុន្តែលោកចង់ឲ្យកូនស្រីចេះសួរសុខទុក្ខឪពុកថាយ៉ាងណាហើយពុក? ពុកសុខសប្បាយជាទេ? បើសិនជាឮបែបនេះ លោកអស់ចិត្តហើយ។

គេកត់សម្គាល់ឃើញថា គ្រាន់តែនៅថ្ងៃបុណ្យលោកឪពុកនេះ ពេជ្រ សោភា និងឱក សុគន្ធកញ្ញា មានរឿងផ្សេងគ្នាទាក់ទងនឹងឪពុករបស់ពួកគេ។ អ្នកខ្លះបានសរសើរពេជ្រ សោភា ថាជាកូនកត្តញូ និងខ្លះទៀតថា មិនត្រូវបន្ទោសឱក សុគន្ធកញ្ញា ឡើយ ព្រោះថា នាងប្រឹងតស៊ូរកលុយផ្គត់ផ្គង់គ្រួសារជិត២០ឆ្នាំមកហើយ ក្រោយកំព្រាឪពុក។

ប៉ុន្ដែមជ្ឈដ្ឋានមហាជនបានលើកឡើងថា ទោះជាឪពុកយ៉ាងណាក៏កូនមិនអាចកាត់ផ្ដាច់ទំនាក់ទំនងជាមួយបានដែរ ព្រោះពុកជាអ្នកផ្ដល់កំណើតឲ្យយើង​ហើយការគោរពមាតាបិតា គឺជាកុលបុត្រធីតាគំរូក្នុងសង្គមជាតិផងដែរ៕

                                                                             ហ៊ឹម វិចិត្រ

RELATED ARTICLES