Thursday, March 28, 2024
Homeតារាខ្មែរមាស សុខសោភា អ្នកគាំទ្រអន្ទះសារចង់ដឹងដំណឹងទ្រនំថ្មី

មាស សុខសោភា អ្នកគាំទ្រអន្ទះសារចង់ដឹងដំណឹងទ្រនំថ្មី

រយៈពេលជាង២សប្ដាហ៍ហើយ ដែលមាស សុខសោភា បានដើរចេញពីផលិតកម្មថោន ក្រោយនាងជ្រកកោននៅផលិតកម្មមួយនេះ រយៈពេល៩ឆ្នាំ (២០១១-២០២០)។ មហាជនជាជាច្រើនបានសន្និដ្ឋានថា ភាគរយខ្ពស់ណាស់ដែលមាស សុខសោភា នឹងទៅចូលរួមជាមួយហង្សមាស ប៉ុន្ដែរហូតមកដល់ពេលនេះតារាចម្រៀងសំនៀងផ្អែមរូបនេះ នៅតែមិនទាន់ប្រកាសពីទ្រនំថ្មីរបស់នាងឡើយ។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់សោភា បានជជែកគ្នាថា តើការចាកចេញពីថោន ទៅទ្រនំថ្មីរបស់អ្នកចម្រៀងល្បីល្បាញរូបនេះ នឹងធ្វើឲ្យនាងកាន់តែល្បីល្បាញថែមទៀត ឬក៏ប្រឈមការចុះខ្សោយ?

លោកករុណា ពេជ្រ តារាចម្រៀងថោន និងធ្លាប់ចាប់ដៃគូច្រៀងជាមួយមាស សុខសោភា ល្បីជាច្រើនបទនោះ បានឲ្យដឹងថា កាលនៅថោន មាស សុខសោភា មានសិទ្ធិពិសេសជាងតារាដទៃទៀត ព្រោះនាងច្រៀងដោយគ្មានកុងត្រា ហើយចំពោះបទចម្រៀងដែលថោន ដាក់ឲ្យ បើនាងមិនពេញចិត្ត ក៏មានសិទ្ធិមិនច្រៀងបានដែរ។

លោកពេជ្រ បន្តថា ក្រៅពីនេះ សោភា មានសិទ្ធិច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដូចជាបទ ”ម្នាក់ឯងមិនស្លាប់ទេ?” អីចឹងគាត់ល្បីល្បាញណាស់។ លោកថា ទោះជាសោភា ចេញពីថោន មែន ប៉ុន្ដែទំនាក់ទំនងនិងការរាប់អានរបស់លោកជាមួយសោភា គឺនៅដដែលដូចគ្នាទៅនឹងសុគន្ធ និសា ដែរ។

លោកពេជ្រ បន្តទៀតថា នៅតែសោកស្ដាយនៃការចាកចេញរបស់សោភា តែលោកគោរពការសម្រេចចិត្តរបស់សោភា ផងដែរ។

ដោយឡែក លោកនូ ស៊ិប អតីតតារាចម្រៀងហង្សមាស វិញថា មាស សុខសោភា មានសមត្ថភាពខ្ពស់ណាស់ ទោះជាទៅផលិតកម្មណា ក៏គេទទួល ហើយនាងនៅតែល្បីដដែលទេ។

ចំណែកលោកម៉ិញ សុធីវណ្ណ ថា លោកមិនហ៊ានសន្និដ្ឋានយ៉ាងណាចំពោះការចាកចេញពីថោន របស់មាស សុខសោភា ថានឹងទៅជាយ៉ាងណានោះឡើយ។

ដោយឡែកតារាចម្រៀងហង្សមាស ពេជ្រ សោភា វិញថា មាស សុខសាភា ទោះជាទៅច្រៀងផលិតកម្មណា ក៏មិនមានតារាណាប្រជែងជាមួយបទបែបស្លូវរបស់នាង បានដែរ ព្រោះសមត្ថភាពខ្លាំងណាស់។

ថ្វីត្បិតតែពេលនេះ មាស សុខសោភា នៅតែមិនទាន់លេចមុខនៅផលិតកម្មថ្មីមែន ប៉ុន្ដែនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា បើទៅផលិតកម្មណាមួយ រួមទាំងហង្សមាស ផង តម្រូវឲ្យកុងត្រានោះ នាងនឹងមិនទៅចូលរួមឡើយ។ នាងថា សម័យនេះអាចធ្វើបទចម្រៀងដោយខ្លួនឯងបាន ហើយនាងជាមនុស្សស្រលាញ់សេរីភាព អីចឹងចង់តែធ្វើការដោយមិនចាំបាច់មានកុងត្រានោះទេ។

ទោះជាយ៉ាងណា គេជឿថា អំឡុងពេលដែលមិនទាន់ចេញបទចម្រៀងនៅផលិតកម្មថ្មីនេះ មាស សុខសោភា នឹងងាកមកពង្រឹងបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួនរបស់នាង Camtrax  ដែលគ្រប់គ្រងដោយប្ដីរបស់នាងជាមិនខាន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES