Friday, March 29, 2024
Homeព័ត៌មានជាតិមើលកូនឲ្យគេ ធុញថប់ខ្លាំងពេក បែកគំនិតឲ្យផ្អើលពេញផ្សារបឹងកេងកង

មើលកូនឲ្យគេ ធុញថប់ខ្លាំងពេក បែកគំនិតឲ្យផ្អើលពេញផ្សារបឹងកេងកង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង  ធ្វើការឃាត់ខ្លួនជាក់ស្តែងពីបទលួច ខណៈដែលជនសង្ស័យលូកកាបូបយកទូរស័ព្ទដៃពីនារីម្នាក់នៅចំណុចក្នុងផ្សារបឹងកេងកង នាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០។

បើតាមសមត្ថកិច្ចនគរបាលឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ ធាវី ហៅចាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឱ្យបុគ្គលិករោងចក្រ។

ចំណែកជនរងគ្រោះ ឈ្មោះចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៧៦ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង។

វត្ថុតាងដកហូតទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាក  Iphone Xmac ពណ៌ទឹកមាស ជារបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះយកទៅប្រើប្រាស់វិញ តាមការស្នើសុំដោយមានការឯកភាពពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចដដែលឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២និង៣០នាទីរសៀល ជនសង្ស័យបានជិះម៉ូតូឌុបចេញពីម្តុំបឹងកក់ គោលបំណងទៅផ្សារបឹងកេងកងទិញស្បែកជើងពាក់។

សមត្ថកិច្ចបន្តទៀតថា នៅពេលកំពុងដើររកទិញស្បែកជើង ស្រាប់តែឃើញជនរងគ្រោះស្ពាយកាបូបពីក្រោយ ដោយកាបូបចំហរូត ឃើញលុយ និងទូរស័ព្ទ ស្រាប់តែជនសង្ស័យធ្វើសកម្មភាព លូកយកទូរស័ព្ទដៃរបស់ជនរងគ្រោះពីក្នុងកាបូប ប៉ុន្តែត្រូវជនរងគ្រោះឃើញទាន់ ក៏ចាប់ដៃជនសង្ស័យជាប់ ហើយស្រែកចោរៗឆោឡោផ្អើលសន្តិសុខផ្សារ និងសមត្ថកិច្ចល្បាតទៅដល់ ក៏ឃាត់ខ្លួនជនសង្ស័យនាំយកទៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងកេងកងទី១  ដើម្បីធ្វើការសាកសួរតែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES