Thursday, April 25, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា បង្ហាញផ្ទៃពោះកូនដំបូង ៤ខែ

ម៉ាក សែនសូនីតា បង្ហាញផ្ទៃពោះកូនដំបូង ៤ខែ

ភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះ អ្នកនាងម៉ាក សែនសូនីតា ហៅតូតា បានបង្ហាញផ្ទៃពោះកូនដំបូង បន្ទាប់ពីរៀបការជាមួយអតីតចាងហ្វាងផលិតកម្ម Angkor Picture លោកប៉ូល វិបូរ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា តារាសម្តែងម៉ាក សែនសូនីតា បានរៀបការជាមួយលោកប៉ូល វិបូរ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានសុខា ភ្នំពេញ។ ក្រោយពេលរៀបការរួច តូតា ក៏ប្រញាប់យកកូនភ្លាមតែម្តង ដែលពេលនេះនាងមានផ្ទៃពោះ៤ខែហើយ តែនាងមិនទាន់បង្ហើបប្រាប់ថា ជាកូនប្រុស ឬ ស្រីទេ។

តូតា បានបង្ហោះរូបភាពផ្ទៃពោះរបស់នាងក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ធ្វើឱ្យមិត្តភក្តិ អ្នកគាំទ្រ អបអរសាទរគ្រប់គ្នា និងជូនពរឱ្យនាង និងកូនក្នុងផ្ទៃមានសុខភាពល្អ។

ម៉ាក សែនសូនីតា បានឆ្លើយតបការបញ្ចេញយោបល់ចំពោះការមានផ្ទៃពោះកូនដំបូងរបស់នាង ដោយអរគុណចំពោះការជូនពរពីសំណាក់អ្នកគាំទ្រ និងមិត្តសិល្បៈ តែតារាសម្តែងរូបនេះមិនឆ្លើយតបចំពោះសំណួរនេះថា “ប៉ុន្មានខែហើយ? កូនប្រុសឬស្រី?” នោះទេ។

សូមបញ្ជាក់ថា មុនពេលសម្រេចចិត្តរៀបការជាមួយលោកថៅកែផលិតកម្មពោះម៉ាយ ប៉ូល វិបូរ ស្រីស្អាត តូតា ធ្លាប់លេចឮថា មានបុរសខ្លឹមៗសុទ្ធតែជាឧកញ៉ា និងមន្ត្រីធំ តាមថ្ពក់ស្នេហ៍។ តែចុងក្រោយនាងបែរជាសម្រេចជ្រើសយកលោកថៅកែផលិតកម្មជាគូអនាគត ដោយបានដឹកដៃគ្នារៀបការតាមប្រពៃណីកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

កាលថ្ងៃរៀបការនោះ តូតា បញ្ជាក់ប្រាប់ “នគរធំ” ថា នាងមិនបានទៅក្រេបចន្ទទឹកឃ្មុំនៅក្រៅប្រទេសតាមគម្រោងនោះទេ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលជុំវិញពិភពលោក តែចំពោះគម្រោងយកកូន គឺមិនពន្យារពេលទេ ព្រោះទាំងរូបនាងនិងស្វាមីសុទ្ធតែចង់បានកូនឆាប់ៗដូចគ្នា៕ ខៀវទុំ

RELATED ARTICLES