Friday, April 19, 2024
Homeព័ត៌មានជាតិម៉ូយចាស់ៗចូលហូរហែ ដោយសារម៉ាស្សាស្រួល... តាមពិតមានចឹងតើ

ម៉ូយចាស់ៗចូលហូរហែ ដោយសារម៉ាស្សាស្រួល… តាមពិតមានចឹងតើ

ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សាមួយកន្លែងដែលលួចលាក់បង្កប់សេវាផ្លូវភេទ ម្តងចាប់ពី៤០ ទៅ៥០ដុល្លារ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនស្ត្រីជាម្ចាស់ហាង (ម៉ែយ៉ែម) ម្នាក់ ព្រមទាំងរំដោះបាននារីបម្រើសេវាផ្លូវភេទចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាអនីតិជន។

ប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាលួចលាក់បង្កប់សេវាស្រួល (បម្រើផ្លូវភេទ) ខាងលើនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចហាងម៉ាស្សា យីហោ “កល្យាណ ម៉ាស្សា” មានទីតាំងស្ថិតនៅផ្ទះលេខ83Eo សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកសេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។

ប្រភពដដែលបន្តថា ស្ត្រីជាម្ចាស់ទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខាងលើ មានឈ្មោះប៉ែន គីមស៊្រាង អាយុ៤៥ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ83Eo សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ “កល្យាណ ម៉ាស្សា” ខាងលើនេះ មានបង្កប់សេវាផ្លូវភេទ ចាប់ផ្តើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអធ្រាត្រ ដោយមាននារីក្មេងចំនួន៥នាក់ រងចាំទទួលភ្ញៀវ ក្នុងនោះ ប្រសិនបើភ្ញៀវចូលមករកត្រឹមតែសេវាម៉ាស្សាធម្មតា មានតម្លៃតែ៥ដុល្លារប៉ុណ្ណោះ រីឯម៉ាស្សាប្រេងតម្លៃ៨ដុល្លារ ក្នុងរយៈពេល១ម៉ោង។ ប៉ុន្តែប្រសិនបើភ្ញៀវចាស់ (ម៉ូយ) ដែលចង់មករកសេវារួមភេទ គឺមានតម្លៃចាប់ពី៤០ដុល្លារ ទៅ៥០ដុល្លារឯណោះ ក្នុង១ដង។

ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ រួមមាន ស្ត្រីម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះ (នារីបម្រើផ្លូវភេទ) ចំនួន៣នាក់ ដោយមានម្នាក់ជាអនីតិជនទៀតផង ព្រមទាំងដកហូតវត្ថុតាង រួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES