Saturday, April 20, 2024
Homeតារាខ្មែរយាយសំ យាយសយ ខ្ញីចាស់កាន់តែហឹរ

យាយសំ យាយសយ ខ្ញីចាស់កាន់តែហឹរ

មនុស្សម្នាក់ៗមានជំនាញខុសគ្នា លុះត្រាតែប្រើចំមុខជំនាញ ទើបញ៉ាំងជីវភាពឱ្យងើបឡើង តែបើប្រើមិនចំមុខជំនាញ នៅតែក្រងើបមិនរួច។ យ៉ាងណាមិញ យាយសំ យាយសយ និងប្តីគាត់ មានជំនាញសិល្បៈ តែពួកគាត់ធ្វើតែស្រែក្រងើបមិនរួច លុះមកចាប់ជំនាញសិល្បៈក្នុងវ័យជរា ស្រាប់តែមានឈ្មោះល្បី ខ្ញីចាស់កាន់តែហឹរមែន…។

លោកយាយអ៊ីវ សៀន ហៅយាយសំ អាយុ៧៥ឆ្នាំ បានរៀបរាប់ថា គាត់មានស្រុកកំណើតកើតជានៅភូមិអង្កោល ឃុំដំណាក់ចង្អើរ ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលពីមុនជាខេត្តកំពត។ ឪពុកគាត់ឈ្មោះអាចារ្យងុង ម្តាយឈ្មោះតូច សាំ ដោយមានបងប្អូនបង្កើត៧នាក់ ក្នុងនោះ រូបគាត់ជាកូនច្បង។

ឪពុកម្តាយគាត់មានដីស្រែជាច្រើនហិកតារចែកឱ្យកូនគ្រប់គ្នា ទើបបងប្អូនគាត់ប្រកបរបរធ្វើស្រែគ្រប់គ្នា គ្មានអ្នកណានឹកឃើញចង់ទៅប្រឡូកក្នុងវិស័យសិល្បៈអ្វីឡើយ។ រូបគាត់ផ្ទាល់មានចរិតកំប្លុកកំប្លែងលេងសើចតាំងពីនៅក្រមុំម៉្លេះ សូម្បីចេញទៅដកស្ទូង ច្រូតកាត់ ក៏គាត់ពូកែពាក្យសម្តីថ្វីមាត់ និយាយឱ្យគេបានសើចសប្បាយគ្រប់គ្នា។

គាត់មានប្អូនស្រីម្នាក់ ឈ្មោះអ៊ីវ សឿន ហៅយាយសយ ក៏មានចរិតកំប្លែង ជាក់ស្តែងនៅពេលដកស្ទូងច្រូតកាត់ ច្បាស់ជាអ្នកច្រូតស្រូវក្បែរគ្នា សើចហ៊ោកញ្ជ្រៀវ ភ្លេចនឿយហត់មិនខាន។ គាត់ចេះអក្សរតិចតួចស្តួចស្តើងណាស់ ព្រោះមិនបានរៀនសូត្រទៅថ្នាក់លើដូចគេ លុះមានអាយុជាង២០ឆ្នាំ ក៏មានទំនាក់ទំនងស្នេហាជាមួយបងប្រុសជីដូនមួយ ឈ្មោះព្រែ ឃឹម ហៅសុច អាយុបងគាត់៣ឆ្នាំ។ ចាស់ទុំទាំងសងខាងមិនជំទាស់ពីរឿងស្នេហានេះទេ ក៏រៀបចំផ្សំផ្គុំឱ្យពួកគាត់បានគ្នាជាគូស្វាមីភរិយាជាង៥០ឆ្នាំមកហើយ។

លោកយាយសំ បន្តទៀតថា តាំងពីចាប់ដៃកវែកកឆ្នាំងជាមួយគ្នាមក ប្តីប្រពន្ធគាត់ស្រលាញ់គ្នាណាស់ ដោយបង្កើតបានអនុស្សាវរីយ៍តាំងពីយុវវ័យដល់វ័យជរា រាប់មិនអស់។ ពួកគាត់សុទ្ធតែមាននិស្ស័យលេងសើចដូចគ្នា ក៏កាត់រកគ្នាតែម្តង ប៉ុន្តែជីវភាពជាកសិករបានត្រឹមតែគ្រប់គ្រាន់ប៉ុណ្ណោះ។

កាលពីប៉ុន្មានឆ្នាំមុន មានក្មួយប្រុសរបស់គាត់ម្នាក់ឈ្មោះសាន ជាអ្នកកាសែតបានមកជួបគាត់ រួចអង្វរគាត់ឱ្យយល់ព្រមថតវីដេអូឃ្លីបមួយ ទាក់ទងនឹងការវេចនំអន្សមភ្ជុំ ដោយមានក្មួយនោះ ជាអ្នកដឹកនាំរឿង។ បានជាក្មួយមកពឹង ព្រោះគេដឹងថា គាត់និងប្តី កូន ដូចប្អូនស្រី មាននិស្ស័យកំប្លែងតាំងពីក្មេងមក និងចេះដឹងប្រពៃណីខ្មែរ ក៏ដូចរបៀបវេចនំអន្សម ទើបគាត់យល់ព្រមថតដោយការពេញចិត្ត។

វីដេអូឃ្លីបនោះក៏ត្រូវក្មួយបញ្ចូលក្នុងយូធូប ហ្វេសប៊ុក ផ្អើលពេញប្រទេសឆ្លងទៅដល់ក្រៅប្រទេសទៀត។ ក្រោយមកទៀត ស្រាប់តែមានក្រុមហ៊ុនអាស៊ីវេរលុយ បានតាមរកអាសយដ្ឋានពួកគាត់ឃើញ រួចបានអញ្ជើញពួកគាត់ទៅសម្តែងរឿងខ្លីៗ ជាលក្ខណៈអប់រំ ចាក់ផ្សាយតាមយូធូប ធ្វើឱ្យគាត់មានឈ្មោះល្បីតាំងពីពេលនោះមក។

សព្វថ្ងៃក៏មានផលិតកម្មភាពយន្តខ្លះហៅ គាត់និងប្តី ព្រមទាំងប្អូនស្រីទៅថតដែរ ដែលជួនកាលគាត់ត្រូវដើរតួជាស្រីក្មេង មានប្តីគាត់ដើរតួជាសង្សារ នាំមកនូវសំណើចរបស់ទស្សនិកជន គេថា ពួកគាត់ខ្ញីចាស់កាន់តែហឹរ។

ដោយឡែក លោកតាព្រែ ឃឹម ហៅតាសុច អាយុ៧៨ឆ្នាំ ជាប្តី បានឱ្យដឹងថា គាត់មានឪពុកឈ្មោះទូច សាក់ ម្តាយឈ្មោះព្រែ ឡុន និងត្រូវជាបងជីដូនមួយរបស់ប្រពន្ធ (យាយសំ)។ ពួកគាត់បានរៀបការតាំងពីឆ្នាំ១៩៦៣ នាសម័យសង្គមរាស្ត្រនិយម។ ប្តីប្រពន្ធគាត់មាននិស្ស័យលេងសើចដូចគ្នា សូម្បីក្នុងសម័យប៉ុល ពត ក៏អង្គការអត់ប្រកាន់ដែរ ទោះជាពួកគាត់និយាយលើសលស់ខ្លះប៉ះពាល់ ដល់បដិវត្តន៍ក្តី។ តាមពិត ពួកគាត់គ្មានគំនិតចង់ល្បីឈ្មោះដោយសារសិល្បៈនោះទេ ព្រោះចាស់ៗហើយ ប៉ុន្តែដោយសារខាងក្រុមហ៊ុនផលិតកម្មហៅថតសម្តែង ក៏ថតឱ្យគេទៅ ដែលភាគច្រើនជាប្រភេទរឿងខ្លីៗអប់រំសង្គម ចាក់ផ្សាយតាមហ្វេសប៊ុក យូធូប។

ពួកគាត់សម្តែងក្នុង១ថ្ងៃ ទទួលបានកម្រៃ៥០ដុល្លារ ម្នាក់ៗឃើញថា វាគ្រាន់បើជាងធ្វើស្រែ ហើយក៏មិននឿយហត់ប៉ុន្មានដែរ ចំពោះការថតសម្តែងនោះ ដោយបញ្ចេញទេពកោសល្យធ្វើឱ្យទស្សនិកជនបានសើចសប្បាយ។

ចំណែកលោកយាយអ៊ីវ សឿន ហៅយាយសយ អាយុ៧១ឆ្នាំ ជាប្អូននិងប្អូនថ្លៃ បានឱ្យដឹងថា ពីមុន បងប្អូនគាត់មានជីវភាពក្រីក្រលំបាកតោកយ៉ាកខ្លាំងណាស់ ដែលឆ្នាំខ្លះស្កកស្រូវ ដោយសារគ្រោះរាំងស្ងួត ក៏ដាច់ពេលម្តងៗដែរ។

ទោះយ៉ាងណាក៏បងប្អូនគាត់ មាននិស្ស័យនិយាយលេងសើចធ្វើឱ្យគេសប្បាយ បើមានទុក្ខធុរៈអ្វី តែងមានគេជួយសង្គ្រោះរហូតមក មិនដល់ថ្នាក់ដើរសំពះសុំទានអង្ករគេទេ។ តាំងពីរូបគាត់និងបងស្រី ព្រមទាំងបងថ្លៃ ចូលប្រឡូកក្នុងសិល្បៈមក ឃើញថា ជីវភាពល្អប្រសើរជាងមុន។ គាត់មានសមត្ថភាពសម្តែងឈុតឆាកកំប្លែងតាមអ្វីដែលអ្នកនិពន្ធ អ្នកដឹកនាំរឿង និងចាងហ្វាងផលិតកម្មចង់បាន។

ចំណែកទស្សនិកជនមួយចំនួន បានឱ្យដឹងស្របគ្នាថា យាយសំ យាយសយ តាសុច ចាស់ក៏ពិតមែន តែពួកគាត់ចាស់ខ្ញីកាន់តែហឹរ។ យាយសំ មានទេពកោសល្យសម្តែងមិនចាញ់លោកយាយម៉ែម៉ឺន ដែលទទួលមរណភាពទៅហើយនោះទេ ជាពិសេស ពេលគាត់ដើរតួដូចស្រីក្មេងផាត់ក្រែមថែមម្សៅ ស្លៀកសំពត់ខើចខ្លី ពាក់កែងចោទ គ្មានអ្នកណាទ្រាំថា មិនសើចនោះទេ។

គួរបញ្ជាក់ថា ជំនាញ ឬនិស្ស័យសិល្បៈ វាដុះដាលតាំងពីក្មេងមក សូម្បីបុរសខ្លះបានសាងផ្នួសជាសង្ឃ ពេលព្រះអង្គនិមន្តទៅបុណ្យញាតិញោមម្តងៗ តែងតែមានគេសើចសប្បាយ ដោយគ្រាន់តែឃើញព្រះអង្គចេញកាយវិការអ្វីមួយ។ យាយៗខ្លះមាននិស្ស័យក្រមិចក្រមើម សូម្បីទៅវត្តក៏គេសើចដែរ ដោយគ្រាន់តែគាត់និយាយស្តីពីរបីម៉ាត់ប៉ុណ្ណោះ។

ទេពកោសល្យយាយសំ យាយសយ តាសុច គឺមកពីនិស្ស័យកំណើត ដោយពុំចាំបាច់រៀនពីសាលាសិល្បៈណាទេ ប៉ុន្តែពួកគាត់កប់ចំណេះជំនាញនេះយូរពេក។ បើសិនជាពួកគាត់ចូលសិល្បៈតាំងពីក្មេង ច្បាស់ជាល្បីល្បាញមិនធម្មតាទេ ប៉ុន្តែដល់ចាស់ទើបហក់ចូលសិល្បៈបានល្បីប៉ុណ្ណឹងក៏គ្រាន់បើដែរ៕ ឈួន ឈឿន 

RELATED ARTICLES