Friday, March 29, 2024
Homeតារាខ្មែរលោកខេមរៈ សិរីមន្ដ​​ ព្យាយាមឡង់សេភរិយា ឲ្យល្បីល្បាញ

លោកខេមរៈ សិរីមន្ដ​​ ព្យាយាមឡង់សេភរិយា ឲ្យល្បីល្បាញ

តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ មិនត្រឹមតែបង្ហាញជាចំហនូវភាពផ្អែមល្ហែមជាមួយភរិយា អ្នកនាងកួយ ផល្លី នោះទេ តែសិរីមន្ដ ក៏បានឡង់សេភរិយា តាមរយៈស្ពតរថយន្ដមួយផងដែរ។ ពួកគេតែងតែកៀកកើយគ្នាភ្ជាប់ជាមួយឡាននោះ ទើបគ្រប់គ្នាលាន់មាត់ថា​ លោកសិរីមន្ត កំពុងតែព្យាយាមឡង់សេប្រពន្ធឲ្យល្បីដូចខ្លួនដែរហើយ។

ប៉ុន្ដែយ៉ាងណា សិរីមន្ដ មិនទាន់យកប្រពន្ធចូលថត MV ដូចកំពូលតារាចម្រៀងព្រាប សុវត្ថិ នោះទេ ខណៈដែលកន្លងមកអ្នកចម្រៀងរូបនេះធ្លាប់ចេញបទ ”គ្មានអ្នកណាល្អជាងប្រពន្ធខ្ញុំ” ដែលសិរីមន្ដ ច្រៀងសំដៅលើប្រពន្ធនោះ ក៏បានប្រើប្រាស់តួអង្គតារាស្រីសម្ដែងម្នាក់ជំនួសប្រពន្ធខ្លួនដែរ។

ទោះជាយ៉ាងណា​តាមរយៈការបញ្ចេញភាពផ្អែមល្ហែមជាមួយភរិយាកាន់តែខ្លាំងឡើងៗនេះ ទំនងមើលទៅខេមរៈ សិរីមន្ដ អាចនឹងរៀបគម្រោងយកកូនទី៤ ជាមិនខាន ខណៈដែលចំណងស្នេហ៍ជាង១០ឆ្នាំនេះ ពួកគេទទួលបានចំណងដៃកូន៣នាក់ គឺកូនទី១. ឈ្មោះខេមរៈ មន្ដសេ្នហ៍ អាយុជិត៧ឆ្នាំ, កូនទី២. ឈ្មោះខេមរៈ ស្ត្រី អាយុជាង៣ឆ្នាំ និងកូនទី៣. ឈ្មោះថុន ខេមរៈរាជនីយ៍ អាយុជាង១ឆ្នាំ។

គេថា សិរីមន្ដ ដែលពិបាកយកឈ្នះព្រាប សុវត្ថិ នៅទ្រនំហង្សមាស​នោះ​អាចនឹងវ៉ាកំពូលតារាចម្រៀងរូបនេះ​ បានតាមរយៈការយកកូនលើស គឺកូនទី៤ ព្រោះព្រាប សុវត្ថិ ចាប់ដៃអ្នកស្រីឡុង ស្រីមុំ ២៣ឆ្នាំទៅហើយ ទទួលបានកូនសុទ្ធតែប្រុសទាំង៣នាក់តែម្ដង។

ដោយឡែក​ លោកសិរីមន្ត វិញបានព្យាយាមលាក់រឿងប្រពន្ធកូន៩ឆ្នាំ ទើបតែកាលពីចុងឆ្នាំ២០១៨ ដោយសារមិនអាចទប់ជាប់រឿងមានប្រពន្ធកូននេះតទៅទៀត ព្រោះផ្ទុះខ្លាំងពេក ទើបសិរីមន្ដ ព្រមសារភាពដោយអះអាងថា លោកមានប្រពន្ធកូន៣ទៅហើយ​និងបានរៀបការតាមប្រពៃណីខ្មែរ តាំងពីឆ្នាំ២០០៩ម្ល៉េះ ដែលការលាតត្រដាងបែបនេះ​ ធ្វើឲ្យក្រមុំៗទាំងឡាយដែលធ្លាប់តាមចាប់ឱបថើបសិរីមន្ដ ដល់ឆាកនោះ ដាច់ផ្ញារតែម្ដង។

ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនដែលប្រទះឃើញសិរីមន្ដ ហ៊ានបញ្ចេញរូបភាពរៀបអាពាហ៍ពិពាហ៍ ១សន្លឹក ឲ្យគេឃើញដូចព្រាប សុវត្ថិ ឡើយ ៕

RELATED ARTICLES