Thursday, March 28, 2024
Homeព័ត៌មានជាតិលោករៀបចំសឹងទៅហើយ ស្រាប់តែគាត់ទៅរកម្តាយ ធ្វើឲ្យផ្អើលបែបនេះ

លោករៀបចំសឹងទៅហើយ ស្រាប់តែគាត់ទៅរកម្តាយ ធ្វើឲ្យផ្អើលបែបនេះ

ខេត្តកណ្តាល ៖ បុរសកំណាចម្នាក់ឱ្យតែផឹកស្រាស្រវឹងចេះតែរករឿងឈ្លោះប្រកែក ដេញវាយម្តាយបង្កើតខ្លួនឯងមិនស្វាង លុះម្តាយឃើញកូនប្រុសកំពុងផឹកស្រាខ្លាចស្រវឹងរករឿងទៀត ក៏រត់ទៅស្នាក់នៅក្នុងវត្ត១យប់ ស្រាប់តែកូនប្រុសខឹងបាត់ម្តាយពីផ្ទះរកមិនឃើញ ក៏វាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ រួចចាក់សាំងដុតផ្ទះម្តាយចោលទៀត តែសំណាងល្អត្រូវអ្នកជិតខាងជួយពន្លត់ទាន់ ធ្វើឱ្យកូនប្រុសពុលកំហឹងរត់ទៅរកម្តាយដល់ក្នុងវត្ត និងថែមទាំងរករឿងជេរបញ្ចោរព្រះសង្ឃពេញវត្ត ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសដុតផ្ទះម្តាយបង្កើតខ្លួនឯង រួចរត់ចូលទៅក្នុងវត្តជេរប្រមាថដល់ព្រះសង្ឃពេញក្នុងវត្តខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ស្ត្រីរងគ្រោះជាម្តាយដែលត្រូវកូនប្រុសកំណាចជេរប្រមាថនិងដេញវាយ មានឈ្មោះស្រី សុខឿន អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ។ រីឯសម្ភារខូចខាត រួមមាន ចានមួយចំនួន ឆ្នាំងបាយអគ្គិសនីចំនួន១ និងអង្ករប្រមាណកន្លះបាវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយបង្កើតរបស់ជនសង្ស័យបានឃើញកូនប្រុសរបស់ខ្លួន ឈ្មោះវ៉ាន់ តុលា (ជនសង្ស័យ) កំពុងផឹកស្រាម្នាក់ឯងនៅក្រោមផ្ទះ ឃើញបែបនេះស្ត្រីជាម្តាយបានដើរទៅវត្តកោះប្រាស់ចាស់ ដើម្បីសុំស្នាក់នៅវត្ត១យប់ ចៀសវាងកូនគាត់ផឹកស្រាស្រវឹងរករឿងនិងវាយធ្វើបាបគាត់។

ក្រោយមកឈ្មោះវ៉ាន់ តុលា ពេលស្រវឹងស្រារកម្តាយខ្លួនមិនឃើញ ក៏បានរករឿងជេរបញ្ចោរអ្នកជិតខាង និងបានទៅរករឿងអ៊ុំស្រីឈ្មោះស្រី ថាញ់ អាយុ៥៦ឆ្នាំ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ដែលកំពុងតែមានជំងឺ ហើយច្រានបណ្តាលឱ្យស្ត្រីរងគ្រោះដួលផ្កាប់មុខទៅលើដីរងរបួសយ៉ាងដំណំទៀតផង។

ប្រភពដដែលបន្តថា ក្រោយពេលឈ្លោះជាមួយអ៊ុំស្រីរួចហើយ ជនសង្ស័យក៏បានមកផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះម្តាយ រួមមាន ចាន ឆ្នាំងបាយអគ្គិសនី អង្ករ គ្រែ និងបានដុតផ្ទះខ្លួនថែមទៀតផង តែដោយសារអ្នកជិតខាងឃើញទាន់ក៏បាននាំគ្នាពន្លត់ភ្លើងទាន់ពេលវេលា បន្ទាប់មកឈ្មោះវ៉ាន់ តុលា ភេទប្រុស ដឹងថាម្តាយទៅដេកនៅវត្តកោះប្រាក់ចាស់ ខ្លួនបានទៅតាមរករឿងម្តាយដល់វត្តទៀត និងបានស្រែកឡូឡារករឿងព្រះសង្ឃពេញវត្តថែមទៀតផង។

ដោយមានការមិនពេញចិត្តនឹងទង្វើដ៏កោងកាចរបស់ជនសង្ស័យ ទើបប្រជាពលរដ្ឋក៏បាននាំគ្នាសហការជាមួយមេភូមិ និងប្រជាការពារ ចាប់ឈ្មោះវ៉ាន់ តុលា ភេទប្រុស យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ៉ាន់ តុលា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះរបស់ជនរងគ្រោះដែលជាម្តាយបង្កើតខ្លួនឯងប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES