Thursday, April 18, 2024
Homeព័ត៌មានជាតិសង្ឃឹមថា គាត់ស្ងប់ចិត្ត លែងគិតបែបនេះ ក្រោយសមត្ថកិច្ចអប់រំ

សង្ឃឹមថា គាត់ស្ងប់ចិត្ត លែងគិតបែបនេះ ក្រោយសមត្ថកិច្ចអប់រំ

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយព្យាបាលមិនជា និងចេះតែធ្វើទុក្ខជាប្រចាំ រហូតដល់ទ្រាំលែងបានក៏សម្រេចចិត្តគិតខ្លី ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្ស បំណងសម្លាប់ខ្លួន តែសំណាងល្អត្រូវបានប្រជានេសាទនៅក្បែរនោះ ប្រទះឃើញចេញទូកទៅជួយស្រង់ទាន់ពេល រួចដឹកមកមាត់ច្រាំងប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរ។

ករណីលោតទឹកប៉ុនប៉ងធ្វើអត្តឃាតខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

បុរសគិតខ្លីដែលប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយលោតពីលើស្ពានព្រះមុនីវង្សថ្មីនេះ មានឈ្មោះចាន់ សុបញ្ញា អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ 7Eo ផ្លូវបេតុង ក្បែរវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើជិះម៉ូតូ១គ្រឿងម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-6162 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ឡើងសំដៅទៅលើស្ពានព្រះមុនីវង្សថ្មី លុះពេលឡើងមកដល់ពាក់កណ្តាលស្ពាន បុរសរូបនោះក៏បានឈប់ម៉ូតូ រួចក៏ស្ទុះឡើងតោងបង្កាន់ដៃស្ពាន រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេភ្លាមៗតែម្តង រកតែអ្នកដំណើរក្បែរនោះដែលបានប្រទះឃើញចង់ស្ទុះជួយឃាត់ ក៏ឃាត់មិនទាន់ផង។

ប្រភពដដែលបន្តថា ក្រោយពីបុរសរូបនោះស្ទុះលោតពីលើស្ពានចូលទឹកទន្លេភ្លាម ក៏ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នាឈប់ចោមរោមមើលយ៉ាងច្រើន ហើយភ្លាមនោះមានប្រជានេសាទដែលកំពុងនេសាទនៅក្នុងទន្លេក្បែរនោះ ប្រទះឃើញក៏ចេញទូកទៅជួយស្រង់បុរសរូបនោះ បានទាន់ពេលវេលា មិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតឡើយ។ បន្ទាប់មកប្រជានេសាទក៏បានដឹកបុរសខាងលើតាមទូកសំដៅមកដល់មាត់ច្រាំងទន្លេវិញ រួចប្រគល់ទៅឱ្យសមត្ថកិច្ចមូលដ្ឋាននាំទៅកាន់ទីស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី១ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសដែលប៉ុនប៉ងសម្លាប់ខ្លួនដោយលោតពីលើស្ពានព្រះមុនីវង្សថ្មីខាងលើនេះ បានប្រាប់យ៉ាងខ្លីថា រូបគេពិតជាចង់សម្លាប់ខ្លួនមែន មូលហេតុព្រោះតែតូចចិត្តនឹងខ្លួនឯងកើតមានជម្ងឺប្រចាំកាយព្យាបាលមិនជា ដូចជាខ្សោយខួរឆ្អឹងខ្នង និងធ្លាយក្រពះ ហើយមួយរយៈចុងក្រោយនេះចេះតែធ្វើទុក្ខមិនឈប់សោះ។

ក្រោយពីសួរនាំដឹងដំណើររឿងអស់ហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំ លើកទឹកចិត្តបុរសខាងលើឱ្យបញ្ឈប់គំនិតប៉ុនប៉ងសម្លាប់ខ្លួនបែបនេះទៀត រួចក៏បានធ្វើការទំនាក់ទៅកាន់ក្រុមគ្រួសារឪពុកម្តាយឱ្យមកទទួលយកបុរសរូបនេះត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES