Friday, April 19, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចឃើញលាក់ទុកក្បែរពាង ក៏ឃាត់ខ្លួនគាត់តែម្តង

សមត្ថកិច្ចឃើញលាក់ទុកក្បែរពាង ក៏ឃាត់ខ្លួនគាត់តែម្តង

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានលាក់ទុកកាំភ្លើងវែង១ដើម ប្រភេទអាកា ដោយកប់ទុកក្នុងដីក្បែរពាងទឹកខាងក្រោយផ្ទះរបស់ខ្លួន លុះក្រោយមកមានអ្នកដឹងរាយការណ៍ប្រាប់សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចចុះដកហូតនិងឃាត់ខ្លួនបុរសជាម្ចាស់កាំភ្លើង នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

ជនសង្ស័យដែលបានលាក់កប់កាំភ្លើងក្នុងដី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ឃាន ភេទប្រុស មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកកាំភ្លើងដែលជនសង្ស័យលាក់ទុកជាប្រភេទកាំភ្លើង អាកា៤៧ (កាត់ស្វាយ)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានការលាក់ទុកអាវុធខុសច្បាប់នៅផ្ទះពលរដ្ឋ១គ្រួសារ ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រួចមក នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រែហ៊ុយ និងដោយមានការចូលរួមពីលោកមេឃុំស្រែហ៊ុយ មេភូមិស្រែហ៊ុយ បានធ្វើការរុករកអាវុធនៅផ្ទះរបស់ឈ្មោះសុខ ឃាន។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញអាវុធ១ដើម ម៉ាក AK47 (កាត់ស្វាយ) លេខ៥៥៩១ គ្រាប់ចំនួន ១១គ្រាប់ ដែលបានលាក់ទុកកប់នៅក្នុងដីក្រោយផ្ទះក្បែរពាងទឹក។

បច្ចុប្បន្ន ម្ចាស់ផ្ទះឈ្មោះសុខ ឃាន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតអាវុធ AK47 មួយដើម រួមនឹងគ្រាប់១១ គ្រាប់ និងបង់១ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES