Friday, March 29, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចបើកភ្នែកធំៗ ពេលប្តីប្រពន្ធវ័យចំណាស់១គូ ដឹកកូន សុំធ្វើរឿងនេះ

សមត្ថកិច្ចបើកភ្នែកធំៗ ពេលប្តីប្រពន្ធវ័យចំណាស់១គូ ដឹកកូន សុំធ្វើរឿងនេះ

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ រស់នៅរងទឹកភ្នែកកើតទុក្ខរីងរៃអស់រយៈពេលជិត១០ឆ្នាំមកហើយ ព្រោះតែកូនប្រុសបំពេញទុក្ខមិនដែលខ្វល់ខ្វាយរឿងរកស៊ីចិញ្ចឹមជីវិត គិតតែពីដើរស៊ីចាយហ៊ឺហាចោលប្រពន្ធកូន បំផ្លាញរបស់ទ្រព្យឪពុកម្តាយអស់រាប់ម៉ឺនដុល្លារ រហូតដល់ឪពុកម្តាយទ្រាំលែងបានក៏ដឹកដៃកូនប្រុសរូបនេះចូលប៉ុស្តិ៍នគរបាល ប្តឹងកាត់កាល់គ្នាចោលចាប់ពីថ្ងៃនេះតទៅ។

ហេតុការណ៍ឪពុកម្តាយដឹកដៃកូនប្រុសចូលប៉ុស្តិ៍កាត់កាល់គ្នាចោលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

កូនប្រុសដែលត្រូវឪពុកម្តាយប្តឹងកាត់កាលចោលនេះ មានឈ្មោះនៅ សុខនី អាយុ២៥ មុខរបរមិនពិតប្រាកដ ជាកូនពៅនៅក្នុងគ្រួសារ មានលំនៅក្នុងភូមិកប់ភ្លុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពពីបុរសជាឪពុកឈ្មោះម៉ក សុន អាយុ៦២ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះមែ អុន អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ មានលំនៅបច្ចុប្បន្នភូមិកប់ភ្លុង សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល បានរៀបរាប់ទាំងទឹកភ្នែកថា ឈ្មោះនៅ សុខនី គឺជាកូនប្រុសពៅរបស់គាត់ កន្លងមកត្រូវពួកគាត់ជាឪពុកម្តាយ រៀបចំឱ្យមានគូស្រករម្តងរួចមកហើយ ដោយមានកូនម្នាក់ជាចំណងដៃ ប៉ុន្តែដោយសារតែចរិតកូនប្រុសគាត់គិតតែពីការសប្បាយ គ្មានគិតគូររឿងរកស៊ីចិញ្ចឹមជីវិត គឺមានតែដើរលេងហ៊ឺហាសប្បាយគ្មានគិតប្រពន្ធកូន រហូតមានជម្លោះក្នុងគ្រួសារជាញឹកញាប់ ឈានដល់ការបែកបាក់ចែកផ្លូវគ្នារស់នៅរៀងៗខ្លួន ដោយកូនប្រុសរបស់គាត់មករស់នៅជាមួយឪពុកម្តាយវិញ រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្តីប្រពន្ធវ័យចំណាស់ខាងលើ បានបន្តថា នៅអំឡុងពេលមករស់នៅជាមួយពួកគាត់ជាឪពុកម្តាយប៉ុន្មានឆ្នាំមកហើយ កូនប្រុសរូបនេះគ្មានជួយចម្រុងចម្រើនអ្វីទាំងអស់ ពូកែតែខាងបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ និងលុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នុងគ្រួសារគំរាមកំហែងបងប្អូនឪពុកម្តាយជាញឹកញាប់ ធ្វើឱ្យពួគគាត់រស់រងទឹកភ្នែក និងលំបាកផ្លូវចិត្ត ដោយសារតែកូនប្រុសបំពេញទុក្ខរូបនេះជាច្រើនឆ្នាំមកហើយ។

ក្រោយពីទ្រាំនឹងទង្វើបំផ្លាញរបស់កូនប្រុសពៅរូបនេះ លែងបានតទៅទៀត ទើបមកដល់ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ពួកគាត់ជាឪពុកម្តាយបានសម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះទេះ ដោយស្នើសុំឱ្យហៅកូនប្រុសរបស់គាត់ដែលមានឈ្មោះនៅ សុខនី មកធ្វើកិច្ចសន្យាកាត់កាល លុបឈ្មោះចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វីនឹងគ្នា និងលែងដឹងឮរាល់បញ្ហាដែលកូនប្រុសឈ្មោះនៅ សុខនី បង្កទៀតហើយ។

ដោយយោងលើកិច្ចសន្យាលែងទទួលស្គាល់ បុគ្គលឈ្មោះនៅ សុខនី ត្រូវបានក្រុមគ្រួសារសូមប្រកាសជាសាធារណៈថា រាល់បញ្ហាដែលពាក់ព័ន្ធនឹងបុគ្គលខាងលើ គឺក្រុមគ្រួសារលែងទទួលស្គាល់ចាប់ពីពេលនេះតទៅ៕

RELATED ARTICLES