Friday, April 26, 2024
Homeតារាខ្មែរស្រីស្រស់ ណាក់ ស្រីណា មិនខ្លាចលេងស្នេហាជាមួយប្រុសសង្ហា

ស្រីស្រស់ ណាក់ ស្រីណា មិនខ្លាចលេងស្នេហាជាមួយប្រុសសង្ហា

តារាសម្ដែងនិងជាពិធីការិនីរូបស្រស់ កញ្ញាណាក់ ស្រីណា បានចាប់ដៃប្រុសរូបសង្ហា លោកមុំ សុធារ៉ា ជាលើកទី១ លេងឈុតស្នេហាជាច្រើនវគ្គនៅក្នុងភាពយន្ដភាគរបស់ផលិតកម្ម B&S សហការជាមួយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺរឿង ”ស្នេហ៍ពិត” ដែលបានធ្វើពិធីសែនក្រុងពលីកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា នៅរាជធានីភ្នំពេញ។

ស្រីណា វាចាថា កន្លងមកនាងស៊ីរឿងបែបស្រគត់ស្រគុំច្រើន តែក្នុងរឿងមួយនេះ បែរជាមិនអាចគេចផុតពីឈុតស្នេហាជាមួយលោកសុទ្ធារ៉ា បានឡើយ។ នាងថា ទោះជាការចាប់ដៃគ្នានេះ ទោះជាលើកដំបូងក្ដី ប៉ុន្ដែនាងនិងសុធារ៉ា បានជួបគ្នានៅក្រៅឆាកច្រើន​អីចឹងយល់ចិត្តគ្នាក្នុងការសម្ដែង ហើយសង្ឃឹមថា នឹងថតរួមគ្នាដោយរលូនគ្មានឧបសគ្គនោះទេ ព្រោះរឿងនេះ នាងរឹងមាំនិងជឿជាក់ខ្លាំងជាងរឿងមុនៗ។

ចំណែកប្រុសរូបសង្កា លោកមុំ សុធារ៉ា វិញថា រឿងនេះលោកលេងញ៉ោះទៅលើស្រីណា ច្រើន ព្រោះស្រីណា ជាមេម៉ាយ​​ អីចឹងលោកបង្រៀននាងឲ្យយល់ពីស្នេហ៍ពិត…។

រឿងស្នេហ៍ពិតនិពន្ធដោយលោកស៊ិន សុផាត ដឹកនាំសម្ដែងដោយលោកទឹត ធារិទ្ធ ថតដោយលោកទេព ភិវឌ្ឍន៍ និងចាត់ការទូទៅដោយអ្នកនាងឆុំ វត្តី ខណៈដែលចាងហ្វាងផលិតកម្ម B&S លោកប៊ុន ស៊ា។

ថៅកែផលិតកម្ម B&S បានឲ្យដឹងថារឿង​”ស្នេហ៍ពិត” ជារឿងសម័យស៊ីវីល័យ និងឆ្លុះបញ្ចាំងពីស្នេហាបរិសុទ្ធ ហើយមាន៤០ភាគ ដែលទីតាំងថតមាននៅក្រុងកំពង់សោម , កែប និងខេត្តកំពត ជាដើម។ រឿងនេះចំណាយថវិការចាប់ពី១០ម៉ឺនដុល្លារឡើងទៅ ហើយវាជារឿងទី៣ ហើយដែល B&S បានផលិតឡើងសម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពីរឿង ”ម្ចាស់ស្នេហ៍ក្នុងបេះដូង” និងរឿង ”ស្មោះអស់ត្រឹមបង”។

ក្រៅពីមានកញ្ញាណាក់ ស្រីណា និងលោកមុំ សុធារ៉ា ជាតួឯកនោះរឿង ”ស្នេហ៍ពិត” មានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួងទៀត ទាំងតារាជើងចាស់និងតារាថ្មីៗ។

លោកស៊ិន សុផាត ជាអ្នកនិពន្ធរឿង ”ស្នេហ៍ពិត” និងជាប្រធានគណៈកម្មាការរឿងភាគរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានបញ្ជាក់ថា​សូមកុំឲ្យតារាសម្ដែងទាំងអស់ក្នុងរឿងនេះយកការថតរឿងនេះ មកប្រើនៅក្រៅឆាកអី ដូចជា តារាខ្លះលេងកាច ខូច ឆ្នាស តែតាមពិតនៅខាងក្រៅ គាត់ស្លូតទេ។ លោកថា ពិសេសតារាដែលសម្ដែងឈុតស្នេហាជាមួយគ្នាក្នុងរឿងនេះ នៅខាងក្រៅឆាកវិញ សូមកុំធ្វើដូចក្នុងរឿងអី ចាត់ទុកថា នោះគ្រាន់តែជាការសម្ដែងទៅបានហើយ កុំយកមកអនុវត្តន៍ក្រៅឆាកជាមួយគ្នា៕ ហ៊ឹម វិចិត្រ

RELATED ARTICLES