Friday, April 26, 2024
Homeព័ត៌មានជាតិស្រីស្អាតព្រមទទួលកំហុស និងសុំទោសជាសាធារណៈនូវរាល់កំហុស

ស្រីស្អាតព្រមទទួលកំហុស និងសុំទោសជាសាធារណៈនូវរាល់កំហុស

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ខឹងនឹងប៉ូលិសចរាចរណ៍ផាកពិន័យ ក៏ផុសហ្វេសប៊ុកជេរប្រមាថ មើលងាយសមត្ថកិច្ចយ៉ាងចាស់ដៃ ទីបំផុតត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកសួរនាំ ទើបភ្ញាក់រលឹកដឹងកំហុស ចេញវីដេអូសុំទោសជាសាធារណៈ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ស្ត្រីរូបនេះមានឈ្មោះធីតា បានផុសជេរប្រមាថមើលងាយសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះគេន ធីតា មុខរបរមេផ្ទះ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Ah Thida បានបង្ហោះរូបភាពជាមួយខ្លឹមសារប្រមាថមើលងាយដល់កិត្តិយស មកលើសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។ ដោយមានការសហការរវាង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះគេន ធីតា ឱ្យចូលខ្លួនមកបំភ្លឺ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់។

ក្នុងនាមជាសមត្ថកិច្ច លោកសូមសំណូមពរដល់សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភ័ស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ស្ថាប័នអនុវត្តច្បាប់ ឬបុគ្គល៕

RELATED ARTICLES