Friday, April 19, 2024
Homeព័ត៌មានជាតិស្រីៗមកដាក់ពាក្យបណ្តឹង... ប្រុសម្នាក់ដើរប្រមូលរបស់នេះ ធ្វើយ័ន្តស្នេហ៍

ស្រីៗមកដាក់ពាក្យបណ្តឹង… ប្រុសម្នាក់ដើរប្រមូលរបស់នេះ ធ្វើយ័ន្តស្នេហ៍

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចអាវទ្រនាប់ និងខោលីអូរបស់មនុស្សស្រីដែលហាលនៅក្រៅបន្ទប់ បំណងយកទៅចារយ័ន្តស្នេហ៍ ស្រាប់តែត្រូវម្ចាស់គេទាន់ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចេញមកព័ទ្ធចាប់ បញ្ចេញកំហឹងម្នាក់មួយដៃមួយជើងប៉ោងមុខ។

ករណីប្រុសរោគចិត្តលួចអាវទ្រនាប់និងលីអូមនុស្សស្រីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ 198A ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ស្ត្រីរងគ្រោះជាម្ចាស់ខោអាវក្នុងដែលត្រូវប្រុសរោគចិត្ត ចូលមកលួចខាងលើ មានឈ្មោះស.ស.ព អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជនមួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាមនុស្សរោគចិត្តដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះព្រីង សំរស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកសាល សណ្តុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះព្រីង សំរស់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន រួមមាន កាំបិតប៉័ងតោចំនួន១ និងទូរស័ព្ទចំនួន១គ្រឿង។

លោកនាយប៉ុស្តិ៍ បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅទីស្ងាត់និងលួចយកជណ្តើររបស់ប្រជាពលរដ្ឋជិតខាង ហើយយកមកដាក់ផ្អែកជាប់នឹងជញ្ជាំងដើម្បីឡើងលើផ្ទះជនរងគ្រោះដែលធ្វើពីឈើលើថ្មក្រោម ក្នុងគោលបំណងលួចសម្ភារមានតម្លៃ តែលួចមិនបាន ហើយឃើញខោអាវក្នុង (អាវទ្រនាប់ និងខោលីអូ) ដែលគេព្យួរនៅជិតនោះ​ ក៏ចាប់ស្រវាយកដើម្បីកាត់ស៊យ ប៉ុន្តែចៃដន្យ ស្ត្រីរងគ្រោះបានប្រទះឃើញក៏ស្រែកឆោឡោ ទើបផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកចាប់ឃាត់ជនសង្ស័យជាប់ រួចក៏ស្វាគមន៍ម្នាក់១ដៃ១ជើង ដោយសារតែមានកំហឹង ព្រោះកន្លងមកធ្លាប់បាត់សម្ភារញឹកញាប់ពេក ជាពិសេសប្រជាពលរដ្ឋជិតខាងមួយចំនួនប្រាប់ថា បាត់ភាគ ច្រើនតែសម្លៀកបំពាក់តែម្តង។

បន្ទាប់ពីព័ទ្ធចាប់ជនសង្ស័យបានហើយ ប្រជាពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យរូបនេះយកទៅសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនមានជនមិនស្គាល់មុខម្នាក់ អួតប្រាប់ថាគេចេះធ្វើមន្តអាគមស្នេហ៍ ហើយតម្រូវឱ្យរូបគេមកលួចសម្លៀកបំពាក់ស្រីៗ ជាពិសេសអាវនិងខោក្នុងរបស់ស្រីៗតែម្តង ដើម្បីយកទៅចារយ័ន្តស្នេហ៍ និងការពារមិនឱ្យគេ ធ្វើអំពើចូលខ្លួន។

យ៉ាងណាក្តី គេសង្ស័យថា ពាក្យទាំងនេះគឺគ្រាន់តែជាពាក្យដោះសារ ដើម្បីសម្រាលទោសកំហុសរបស់ខ្លួនប៉ុណ្ណោះ ខណៈដែលជននេះអាចនឹងប៉ុនប៉ងលួចរបស់ទ្រព្យមានតម្លៃ ឬអាចប្រព្រឹត្តអ្វីផ្សេងទៀត ព្រោះមានកាំបិតជាប់ខ្លួនផង លុះពេលម្ចាស់ផ្ទះគេទាន់ មិនដឹងធ្វើយ៉ាងម៉េច ក៏ស្រវាយកខោក្នុងអាវក្នុង ដើម្បីជាលេសដោះសារកុំឱ្យជាប់ទោសទណ្ឌធ្ងន់ធ្ងរ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES