Saturday, April 20, 2024
Homeតារាខ្មែរអ្នកនាងពេជ្រ សោភា ថាមិនហ៊ានព្រលែង ទុកផ្អឹបចោលសិន

អ្នកនាងពេជ្រ សោភា ថាមិនហ៊ានព្រលែង ទុកផ្អឹបចោលសិន

ពេជ្រ សោភា បានឲ្យដឹងថា នៅរដូវធ្លាក់ភ្លៀង ហើយជំងឺកូវីដ-១៩ មិនទាន់ស្ងាត់នេះ នាងមិនហ៊ានព្រលែងបទចម្រៀងចេញឡើយ គឺផ្អឹបទុកមួយអន្លើសិន បើទោះជាបទមច្រៀងទាំងអស់នោះបានរៀបចំ និងធ្វើរួចរាល់អស់ទៅហើយក្ដី។

ទោះជាយ៉ាងណា សោភា ប្រាប់ថា ដោយសារបទចម្រៀងមិនទាន់ចេញ នាងមិនហ៊ានសន្និដ្ឋានជាមុនទេថា នឹងអាចជោគជ័យកម្រិតណា ប៉ុន្ដែសម្រាប់នាងមានបន្ទប់ធ្វើភ្លេងដោយខ្លួនឯង ដែលបំពាក់ទៅដោយសម្ភារៈតន្រ្ដីសម្រាប់ដំណើរការអាជីពសិល្បៈរបស់នាង។

ការពន្យារពេលចេញបទចម្រៀងរបស់ពេជ្រ សោភា នេះ​គឺស្របគ្នាទៅនឹងតារាលេងក្បាច់រាំ រ៉ាប៊ី ក៏វាចាដូចសោភា ដែរថា បទចម្រៀងរបស់នាងបានរៀបជើងព្រួលសម្រាប់ចេញអស់ហើយ ប៉ុន្តែដោយសារកូវីដ-១៩ គឺមិនអាចចេញនៅពេលនេះបានឡើយ។

ប៉ុន្ដែតារាចម្រៀងមាស សុខសោភា ដែលទើបចេញពីថោន ​បែរជាចេញបទ ”ស្រណោះដៃប្ដី” កាលពីថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២០ នៅផលិតកម្ម Camtrax របស់នាង ដោយមិនខ្វល់ថា រដូវភ្លៀងឬកូវីដ-១៩នោះទេ។

ពេជ្រ សោភា បានអះអាងថា នៅរដូវកូវីដ-១៩នេះ នាងក៏ដូចជាតារាផ្សេងទៀតដែរ បានបាត់បង់ការចេញច្រៀងសម្ដែងតាមបណ្ដាខេត្តទាំងស្រុង ប៉ុន្ដែនាងមានភាពមមាញឹកជាមួយការលក់ផលិតផល Collagen និងនាំយកចូលផលិតផលពីគ្លីនិក WONJIN នៅកូរ៉េខាងត្បូង មកលក់នៅកម្ពុជា។ នាងថា ចំពោះការឡើងច្រៀងឆាកតន្រ្ដីតាមបណ្ដាស្ថានីយទូរទស្សន៍វិញ នាងនៅតែមមាញឹកដូចសព្វដង ខណៈដែលថ្មីៗនេះ សោភា ត្រូវបានអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួន​រអ៊ូរទាំថា នាងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍សោះ តែឡើងថ្លៃខ្លួន រហូតដល់គេលែងមានលទ្ធភាពហៅច្រៀង។

ប៉ុន្ដែសោភា បានតបវិញថា តម្លៃខ្លួននាងច្រៀងតាមប៉ុស្ដិ៍ គឺយកថ្លៃដូចហង្សមាស ដែលជាឆ្នាំងបាយរបស់នាងឲ្យដែរ ហេតុនេះហើយនាងមិនអាចបញ្ចុះទាបជាងបានទេ​ព្រោះខ្លាចចិត្តមេ។ ប៉ុន្តែនាងមិនប្រាប់ថា ច្រៀងតាមប៉ុស្ដិ៍នោះ ស៊ីថ្លៃប៉ុន្មានទេ ខណៈដែលអ្នករៀបចំប្រគំតន្រ្ដីថា តម្លៃខ្លួនសោភា គឺ១០០០ដុល្លារ។

ថ្វីត្បិតតែពេជ្រ សោភា ថាគ្មានវិបត្ដិសេដ្ឋកិច្ចនៅរដូវកូវីដ-១៩ក្ដី ប៉ុន្ដែតាំងពីឆឹម សក្កដា ចូលថោន​មកចំណងស្នេហានាងប្រែទៅជាសោះកក្រោះ ហើយគ្មានដំណឹងរៀបការជាក់លាក់ឡើយ ។

ប៉ុន្តែសោភា ថា នាងមិនទាន់ចង់រៀបការជាលើកទី២ទេ ហើយចំណងស្នេហាថ្មីនេះ​ត្រូវការស្វែងយល់ចិត្តគ្នាឲ្យបានច្បាស់លាស់សិន ទើបសម្រេចចិត្តរឿងរៀបការ៕

RELATED ARTICLES