តារាចម្រៀងពេជ្រ សោភា ដែលទទួលបានសិទ្ធិនាំចូលផ្ដាច់មុខផលិតផលពី Zion & The Beauty មកពីគ្លីនិក WONJIN នៅប្រទេសកូរ៉េ នោះបានសម្ដែងការអបអរសាទរចំពោះលោកមាស សុគន្ធ ដែលជាអ្នកនិពន្ធបទភ្លេងរបស់ផលិតកម្មរស្មីហង្សមាស ត្រូវក្រុមហ៊ុនដ៏ល្បីមួយនេះ ជ្រើសជាទូតសុច្ឆន្ទៈ (Brand Ambassador) ប្រចាំនៅកម្ពុជា ចំពោះផលិតផលនេះផ្នែកបុរស។

ពិធីចុះកុងត្រាបានធ្វើនៅភោជនីយដ្ឋាន Topaz សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដែលមានលោក SANG HYUN CHO ជា CEO របស់ ZION & THE BEAUTY និងលោកមាស សុគន្ធ ដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈ រួមទាំងមានការចូលរួមសហការី និងបុគ្គលិកផ្នែកចែកចាយជាច្រើននាក់ទៀត ធ្វើជាសាក្សី។

លោក SANG HYUN CHO ដែលជា CEO របស់ Zion & The Beauty បានឲ្យដឹងថា ទោះជាកូវីដ-១៩ មិនទាន់បញ្ចប់មែន ប៉ុន្តែលោកមិនរារែកឡើយក្នុងការជិះយន្ដហោះមកកម្ពុជា ចុះកុងត្រាជាមួយលោកមាស សុគន្ធ ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះនៅកម្ពុជា។ ក្រោយចុះកុងត្រានេះហើយ នៅពេលខាងមុខនេះ រូបថតលោកសុគន្ធ នឹងត្រូវបានផ្សព្វផ្សាយលើសារព័ត៌មានល្បីៗនៅប្រទេសកូរ៉េ និងវៀតណាម និយាយទៅ នៅទូទាំងពិភពលោកតែម្ដង។

ចំណែកលោកមាស សុគន្ធ បានបង្ហាញអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានក្លាយទៅជាទូតសុច្ឆន្ទៈរបស់ផលិតផលដ៍ល្បីមួយនេះ។ ហើយលោកថា វាជាឱកាសដែលលោកបានបង្ហាញមុខមាត់ឲ្យគេស្គាល់រូបលោកកាន់តែច្រើនថែមទៀតផងដែរ។

លោកសុគន្ធ ចុះកុងត្រាជាមួយផលិតផលនោះ មានរយៈពេល១ឆ្នាំ ប៉ុន្តែលោកមិនប្រាប់ពីតម្លៃខ្លួនដែលទទួលបានឡើយ។

ដោយឡែក ពេជ្រ សោភា វិញ បានបង្ហាញអារម្មណ៍រំភើបជំនួសលោកមាស សុគន្ធ ហើយនាងអះអាងថា មិនមែននាងជាអ្នកជ្រើសរើសលោកសុគន្ធ ហៅអួយ ឲ្យក្លាយទៅជាទូតសុច្ឆន្ទៈរបស់ Zion & The Beauty នោះទេ គឺម្ចាស់ផលិតផលខាងលើនេះជាអ្នកជ្រើសរើសលោកសុគន្ធ ដោយផ្ទាល់។

សោភា ថា នៅកូរ៉េ គេឲ្យតម្លៃណាស់ Music Composer ព្រោះបើគ្មានអ្នកធ្វើភ្លេងទេ តើតារាបានបទចម្រៀងឯណាច្រៀង? តារាបានអីល្បីទៅ? នាងថា រវាងនាង និងលោកសុគន្ធ គឺធ្វើការខុសគ្នា ព្រោះនាងផ្ដោតទៅលើផលិតផលនោះផ្នែកនារី ចំណែកលោកសុគន្ធ ខាងផ្នែកបុរស។

លោកមាស សុគន្ធ អាយុ៣៥ឆ្នាំ បានអះអាងថា លោកបានក្លាយទៅជាអ្នកនិពន្ធបទភ្លេង រយៈពេលជាង១០ឆ្នាំមកហើយ នៅហង្សមាសដែលជាទូទៅលោកធ្វើភ្លេងឲ្យតារាស្ទើរតែទាំងអស់ឲ្យតារាចម្រៀងនៅផលិតកម្មនេះច្រៀង។លោកថា សម្រាប់និយមន័យ Music Composer គឺជាការធ្វើបទភ្លេងថ្មី ប្លែកខុសពីគេ ដើម្បីយកឈ្នះលើទីផ្សារឲ្យបាន។

លោកបន្ថែមថា ភាគច្រើនបទភ្លេងរបស់លោក គឺល្បីស្ទើរតែគ្រប់បទទាំងអស់។ ប៉ុន្ដែលោកថា ពេលខ្លះក៏មានអារម្មណ៍បាក់ទឹកចិត្តខ្លះៗដែរ ព្រោះតារាចម្រៀងចេះតែល្បីៗទៅ តែគេមិនសូវនឹកនាដល់អ្នកធ្វើភ្លេងឡើយ។ ប៉ុន្តែនៅរាត្រីនេះ លោករីករាយស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ព្រោះក្រៅពីបានក្លាយទៅជាទូតសុច្ឆន្ទៈរបស់ផលិតផលល្បីមួយនេះហើយ លោកក៏ត្រូវសោភា ពញាក់អារម្មណ៍តាមរយៈការចាក់បទចម្រៀងដែលលោកធ្លាប់ធ្វើភ្លេងឲ្យនាងច្រៀង ដែលបទទាំងនោះលោកស្ទើរតែភ្លេចអស់ទៅហើយ។ លោកថា ក្រោយពីក្លាយទៅជាទូតសុច្ឆន្ទៈរបស់ផលិតផលនេះ លោកមិនមានធ្វើអ្វីច្រើនទេ ព្រោះខាងក្រុមហ៊ុនគេត្រូវការតែរូបភាពលោកយកទៅផុសតំណាងឲ្យផលិតផលនោះនៅកម្ពុជា។

លោកបញ្ជាក់ថា នៅអំឡុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ លោកនឹងចេញទៅប្រទេសកូរ៉េ ជាមួយពេជ្រ សោភា តាមការអញ្ជើញរបស់លោក SANG HYUN CHO ជា CEO របស់ Zion & The Beauty។

ចំណែកពេជ្រ សោភា បន្ថែមថា នាងត្រេកអរជំនួសលោកសុគន្ធ ព្រោះផលិតផលនោះកន្លងមក មានតែតារាល្បីៗរបស់កូរ៉េ ទេ ដែលក្លាយជាទូតសុច្ឆន្ទៈ តែពេលនេះមាន Composer ខ្មែរយើងម្នាក់ហើយ។ នាងថា លោកសុគន្ធ ទទួលបានតម្លៃខ្លួនខ្ពស់ពីការចុះកុងត្រានោះ ប៉ុន្តែនាងមិនអាចប្រាប់ថាចំនួនប៉ុន្មានឡើយ៕


