Sunday, July 6, 2025
Homeតារាខ្មែរអ្នកនាងសុគន្ធ និសា ស្រលាញ់គីឡូប៉ុណ្ណឹង... តែមិនប្រើផលិតផលសម្រកនោះទេ

អ្នកនាងសុគន្ធ និសា ស្រលាញ់គីឡូប៉ុណ្ណឹង… តែមិនប្រើផលិតផលសម្រកនោះទេ

តារាតូចច្រឡឹងសុគន្ធ និសា ថាជាទូទៅ នាងរក្សាទមង្ងន់មិនឲ្យចេះតែឡើងផ្ដេសផ្ដាសនោះទេ តាមរយៈការហាត់ប្រាណ ប៉ុន្តែពេលខ្លះមានការថ្លោះធ្លាយរហូតឡើងដល់ជាង៥០គីឡូបន្ដិចក៏មានដែរ ប៉ុន្ដែនាងមិនបណ្ដោយឲ្យទម្ងន់នេះនៅយូរជាមួយនាងឡើយ គឺត្រូវតែរកវិធីសម្រកឲ្យមានគីឡូមួយដែលខ្លួនឯងស្រលាញ់វិញ។

និសា ថា គីឡូហ្ស៊ីនដែលនាងពេញចិត្តនោះ គឺទម្ងន់៤៥គីឡូ ដែលនោះជាទម្ងន់នាងគិតថា ស័ក្តិសមនឹងដងខ្លួនរូបរាងកាយរបស់នាង។

ទោះជាយ៉ាងណា និសា ថា មិនដែលប្រើប្រាស់ផលិតផលអ្វីសម្រកទម្ងន់នោះទេ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព គឺមានតែការញាំដោយមានការប្រុងប្រយ័ត្ន និងជ្រើសវិធីហាត់ប្រាណប៉ុណ្ណោះ ហើយពេលនេះនាងមានគីឡូក្រោម៥០គីឡូ។

ក្រៅពីរក្សាបានរាងស្វែលស្អាត​ សុគន្ធ និសា ក៏បានអះអាងថា ជំងឺក្រពះដែលនាងឈឺជាច្រើនឆ្នាំមកហើយ ដោយសារតែការញាំអាហារមិនទៀងទាត់នោះ ពេលនេះក៏បានជាសះស្បើយទៅវិញហើយដែរ។ ប៉ុន្ដែជាអ្នកសិល្បៈ នាងថា នៅតែមិនអាចញាំអាហារដោយទៀងទាត់បានដដែល ព្រោះរវល់ច្រើនក្នុងការថតសម្ដែង​ហើយមិនមែនតែរូបនាងម្នាក់ទេ ដែលកើតជំងឺក្រពះនោះ ពោលគឺតារាជាច្រើនដួងមកហើយ ដែលមានជំងឺនេះ ព្រោះតែការញាំអាហារមិនបានទៀងពេលនេះឯង។

និសា ក៏បានអះអាងដែរថា មួយរយៈមុននេះ នាងទើបថតចប់ភាពយន្ដរឿងថ្មីមួយទៀត​ហើយអាចជាភាពយន្ដចុងក្រោយរបស់នាងក៏ថាបានដែរ​ព្រោះនាងចង់សម្រាកពីការថតភាពយន្ដសិន ដោយសារតែពេលនេះមានអាយុច្រើន ហើយអីចឹងឆាប់ហត់ជាងមុន។ ប៉ុន្ដែអាជីពចម្រៀង នាងនៅតែបន្ដដោយសកម្មដដែល។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១​ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ដែលជានាយផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ ប្រចាំកម្ពុជា ហើយពេលនេះជិតដល់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំទៅហើយ ប៉ុន្តែនិសា មិនទាន់ពពោះកូនដំបូងនៅឡើយ៕

RELATED ARTICLES