Friday, April 19, 2024
Homeព័ត៌មានជាតិកូនក្រមុំបាត់ខ្លួន ឪពុកប្តឹងម្ចាស់ភោជនីយដ្ឋាន "ផ្ទះអ្នកបាត់ដំបង"

កូនក្រមុំបាត់ខ្លួន ឪពុកប្តឹងម្ចាស់ភោជនីយដ្ឋាន “ផ្ទះអ្នកបាត់ដំបង”

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់បានឡើងមកពីស្រុកកំណើត ចូលមកធ្វើការជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានមួយកន្លែង ឯរាជធានីភ្នំពេញ ដោយស្នាក់នៅក្នុងកន្លែងធ្វើការតែម្តង លុះក្រោយពីធ្វើការបានប្រមាណ៧ខែ ស្រាប់តែបាត់ខ្លួនចេញពីកន្លែងធ្វើការដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យតាមរកមិនឃើញ ក៏មកសួរនាំថៅកែហាង បែរជាថៅកែហាងឆ្លើយថា មិនដឹងនិងមិនទទួលខុសត្រូវ ទើបឪពុករបស់យុវតីខាងលើសម្រេចដាក់ពាក្យប្តឹងថៅកែហាងតែម្តង។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះ ស៊ុន កូលាប អាយុ១៦ឆ្នាំ មុខរបរអ្នករត់តុនៅក្នុងភោជនីយដ្ឋានផ្ទះអ្នកបាត់ដំបង ធ្វើការនិងស្នាក់នៅក្នុងហាង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ផ្លូវ៥៤៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិសេដ្ឋបូរី ឃុំសង់ត្រេ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យុវតីរូបនេះបានបាត់ខ្លួនចេញពីកន្លែងធ្វើការ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដោយមិនដឹងថាទៅដល់ទីណា និងទៅជាមួយអ្នកណាឡើយ។

យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះស៊ុន ខេម អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ត្រូវជាឪពុកបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើដែលបានដាក់ចូលទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់១ បានរៀបរាប់ទាំងស្រុងថា “កម្មវត្ថុ សំណើសុំប្តឹងពីឈ្មោះចាន់ ឈុនអី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបើកភោជនីយដ្ឋាន ផ្ទះអ្នកបាត់ដំបង ដែលមិនទទួលខុសត្រូវចំពោះការបាត់ខ្លួនកូនខ្ញុំបាទ ឈ្មោះស៊ុន កូលាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានរបស់គាត់ កាលពីថ្ងៃទី២៩ កក្កដា ២០២០ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ និងឪពុកឈ្មោះឌឿក សុខលី ភេទប្រុស អាយុ៥០ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋាននេះដែរ កន្លងមកជាអ្នកចេញមុខអះអាងទទួលខុសត្រូវលើកូនស្រីស៊ុន កូលាប ដែលមកធ្វើការ ស្នាក់នៅក្នុងហាងរបស់គាត់…”។

ពាក្យបណ្តឹងខាងលើ បានបន្តថា “នៅអំឡុងខែមករា ឆ្នាំ២០២០ កូនស្រីខ្ញុំបាទឈ្មោះ ស៊ុន កូលាប អាយុ១៦ឆ្នាំ បានមកធ្វើការនៅភោជនីយដ្ឋានផ្ទះអ្នកបាត់ដំបង ដែលស្ថិតនៅផ្ទះលេខ៦ ផ្លូវ៥៤៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (អ្នករត់តុ) ដោយបានដេកស្នាក់នៅទីនេះ ជាមួយបុគ្គលិកដទៃទៀត។

លុះដល់វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ២០២០ ស្រាប់តែមេការភោជនីយដ្ឋាននេះបានទូរស័ព្ទប្រាប់ខ្ញុំបាទថា បាត់កូនស្រីខ្ញុំឈ្មោះស៊ុន កូលាប នេះហើយ ដោយពុំដឹងថា ចេញពីភោជនីយដ្ឋានតាំងពីពេលណានោះទេ ភ្លាមនោះខ្ញុំក៏បានទូរស័ព្ទទៅទាក់ទងកូនភ្លាម តាមរយៈលេខ ០៩៧ ៦៥ ៤១ ៧៨៦ ក៏ពុំអាចទាក់ទងបានឡើយ រហូតមកដល់ពេលនេះ។

ខ្ញុំបាទបានទៅសួរនាំម្ចាស់ហាងទាំងពីរនាក់ខាងលើនេះ អំពីព័ត៌មានការបាត់ខ្លួនកូនខ្ញុំ ប៉ុន្តែពួកគាត់ពុំទទួលខុសត្រូវ និងមិនដឹងរឿងទេ…”។

ដោយឡែក ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ គណនីហ្វេសប៊ុកឈ្មោះប្រុស ឡា បានបង្ហោះសារមួយ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ ថា “ករណីបាត់កូនស្រី ពីហាងយីហោ ផ្ទះអ្នកបាត់ដំបង ជិតមួយសប្តាហ៍ បន្ទាប់មកដោយក្តីព្រួយបារម្ភ ឪពុកម្តាយក្មេងស្រីក៏សម្រេចចិត្តមករកកូនដល់ហាងនេះផ្ទាល់ ព្រោះជាទីកន្លែងធ្វើការរបស់ក្មេងស្រីរងគ្រោះ ប៉ុន្តែម្ចាស់ហាងហាក់បីពុំមានទំនួលខុសត្រូវទាល់តែសោះ មិនតែប៉ុណ្ណោះថែមទាំងបានប្រើពាក្យសម្តីអសុរោះមកលើឪពុកម្តាយក្មេងស្រីរងគ្រោះទៀតផង។

ជាក់ស្តែង រហូតមកទល់ពេលនេះក្រុមគ្រួសារក្មេងស្រីក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកក់១ រួចរាល់ហើយដែរ នាទីបញ្ចប់ ប្រុសឡា សង្ឃឹមថា ចំណាត់ការរបស់មន្ត្រីជំនាញប៉ុស្តិ៍បឹងកក់១ នឹងពន្លឿនអនុវត្តនីតិវិធី ប្រកបដោយប្រសិទ្ធភាព…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ភោជនីយដ្ឋាន ផ្ទះអ្នកបាត់ដំបង បាននៅឡើយទេ កាលពីម្សិលមិញ។

យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES