Saturday, April 20, 2024
Homeព័ត៌មានជាតិនាងភ្ញាក់ព្រើត ពេលអស់ច្រើនបែបនេះ... រត់ទៅប្តឹងសមត្ថកិច្ចតែម្តង

នាងភ្ញាក់ព្រើត ពេលអស់ច្រើនបែបនេះ… រត់ទៅប្តឹងសមត្ថកិច្ចតែម្តង

ខេត្តកំពង់ចាម ៖ តូបលក់ទូរស័ព្ទដៃមួយកន្លែងនៅផ្លូវច្រកចូលផ្សារធំកំពង់ចាម ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវក្រុមជនសង្ស័យលួចកាត់សោទ្វារដែកគាស់ចូលលួចទូរស័ព្ទដៃជាច្រើនប្រភេទ អស់ចំនួនជាង១០០គ្រឿង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ សីហា ឆ្នាំ២០២០។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា តូបលក់ទូរស័ព្ទមួយកន្លែងដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ចូលលួចទូរស័ព្ទខាងលើនេះ យីហោ ជា សុផល ស្ថិតក្នុងភូមិទី១២ សង្កាត់កំពង់ចាម មានម្ចាស់ឈ្មោះ រិន សុកខី ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ចបន្តថា នៅពេលម្ចាស់តូបចេញពីផ្ទះមកដល់តូបរបស់ខ្លួន នាព្រឹកថ្ងៃទី៦ ខែសីហា នោះ ស្រាប់តែឃើញទ្វាររបើកសោ និងបាត់ទូរស័ព្ទនៅក្នុងទូអស់គ្មានសល់ ទើបប្រញាប់រាយការណ៍មកសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យ។

តាមប្រភពដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើនោះភ្លាម លោកអធិការនគរបាលក្រុងកំពង់ចាម បានចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ឃើញស្នាមគាស់ទ្វារតូបជ្រុងខាងកើត ដោយបាត់បង់អស់ទូរស័ព្ទជាច្រើនប្រភេទ សរុបចំនួន១១០គ្រឿង។

តាមប្រភពពីស្ត្រីជាម្ចាស់តូបបានបញ្ជាក់ថា គាត់បានលក់ទូរស័ព្ទដៃនៅតូបខាងលើនេះ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់២០២០ ជារៀងរាល់ថ្ងៃ ទូរស័ព្ទជាច្រើនប្រភេទនៅក្នុងតូប គាត់បានចាក់សោទ្វារដែករូតយ៉ាងត្រឹមត្រូវ មិនដែលបាត់ម្តងណាទេ។ លុះនៅព្រឹកថ្ងៃកើតហេតុ ពេលគាត់មកដល់តូប ស្រាប់តែឃើញស្នាមគាស់និងកាត់សោ ហើយទ្វារតូបត្រូវរបើក លុះពេលចូលមើលក្នុងតូប បាត់ទូរស័ព្ទអស់ ទើបរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ម្ចាស់តូបរងគ្រោះបានបន្តថា ជាមួយនោះ គាត់សំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយស្រាវជ្រាវតាមវែកមុខចោរលួចទូរស័ព្ទដៃរបស់គាត់ឱ្យឃើញ និងប្រគល់ទូរស័ព្ទដែលបាត់បង់ត្រឡប់មកឱ្យគាត់វិញ។ គាត់មានជំនឿមុតមាំលើសមត្ថកិច្ចថា មិនយូរប៉ុន្មាននោះទេ អាចនឹងស្រាវជ្រាវរកឃើញក្រុមជនសង្ស័យដែលគាស់តូបរបស់គាត់លួចទូរស័ព្ទនេះ ជាក់ជាមិនខានឡើយ៕

RELATED ARTICLES