Saturday, April 20, 2024
Homeព័ត៌មានជាតិនៅតូចៗណាស់ មិនគួរខំធ្វើបែបនេះទេ... សមត្ថកិច្ចបានត្រឹមអប់រំ

នៅតូចៗណាស់ មិនគួរខំធ្វើបែបនេះទេ… សមត្ថកិច្ចបានត្រឹមអប់រំ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំផ្នែកជំនាញឃាត់ខ្លួនក្មេងប្រុសចំនួន៣នាក់ យកមកសាកសួរស្រាវជ្រាវក្នុងករណីស័ង្សយធ្វើសកម្មភាពកាត់ជញ្ជាំងតូបលក់ដូរមួយកន្លែង ស្ថិតនៅក្នុងផ្សារព្រែកក្រូច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ។

ប្រភពសមត្ថកិច្ចឱ្យដឹងថា នៅពេលធ្វើការសាកសួរស្រាវជ្រាវដោយមានអាណាព្យាបាលចូលរួមស្តាប់ផងនោះ ជនសង្ស័យវ័យក្មេងបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាត់ជញ្ជាំងតូបលក់ដូរមួយកន្លែងចូលទៅលួចយកទ្រព្យសម្បត្តិនៅក្នុងនោះប្រាកដមែន។

ពួកគេទាំង៣នាក់ រួមមាន ទី១-ឈ្មោះ សិទ្ធិ មេសា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី២-ឈ្មោះសិទ្ធិ វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៣-ឈ្មោះយ៉ម ផានុ ភេទប្រុស អាយុ១៣ឆ្នាំ មានលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាត់ទម្លុះទម្លាយជញ្ជាំងតូបលក់ទូរស័ព្ទមួយកន្លែង ជារបស់ជនរងគ្រោះឈ្មោះពេញ សិទ្ធិ ភេទប្រុស អាយុ៣៣ឆ្នាំ ដែលរស់នៅនិងប្រកបមុខរបរនៅចំណុចកើតហេតុខាងលើ ហើយក្នុងសកម្មភាពនេះ ជនសង្ស័យបានលួចយកទ្រព្យសម្បត្តិមួយចំនួនរួមមាន ទូរសព្ទ័ដៃចំនួន៦គ្រឿង, កូនធុងបាស់ (ស្ពីឃរ័) ចំនួន៤គ្រឿង, Power Bank ចំនួន៤គ្រឿង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដកហូតបានទ្រព្យសម្បត្តិប្រគល់ជូនម្ចាស់វិញ រីឯជនសង្ស័យ ដោយទទួលបាននូវអនុសាសន៍ណែនាំពីលោក គឺបុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើកំណត់ហេតុកិច្ចសន្យាអប់រំណែនាំនៅចំពោះមុខអាណាព្យាបាលរបស់ពួកគេ និងបានប្រគល់ឱ្យយកទៅធ្វើការអប់រំបន្តនៅមូលដ្ឋានវិញ ដោយសារពួកគេស្ថិតនៅជាអនីតិជននៅឡើយ។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលឱ្យបានជាប់ជាប្រចាំ និងផ្តល់ព័ត៌មានបានទាន់ពេលវេលាក្នុងករណីមានអំពើល្មើសណាមួយកើតឡើង ដើម្បីសមត្ថកិច្ចមានលទ្ធភាពក្នុងការចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបបានទាន់ពេល។

ជាមួយនេះដែរ លោកសំណូមពរដល់អ្នកអាណាព្យាបាលរបស់ក្មេងៗ សូមធ្វើការតាមដាន និងអប់រំណែនាំជាប់ជាប្រចាំដល់ពួកគេឱ្យបានល្អ កុំឱ្យពួកគេដើរធ្វើសកម្មភាពល្មើសច្បាប់ ទាំងនៅវ័យក្មេងបែបនេះ៕

RELATED ARTICLES