Tuesday, April 16, 2024
Homeព័ត៌មានជាតិបើកជាង២ឆ្នាំ ផលិតទាំងកេសៗ កម្លាំងសមត្ថកិច្ចចុះបង្ក្រាប

បើកជាង២ឆ្នាំ ផលិតទាំងកេសៗ កម្លាំងសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ ៖ រោងចក្រផលិតបារីរបស់ក្រុមហ៊ុនចិនមួយកន្លែង យីហោ BPA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយក្រសួងមហាផ្ទៃ រួមជាមួយកម្លាំង អាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាប ដកហូតបានជាច្រើនកេស ឃាត់ទាំងថៅកែក្រុមហ៊ុនទៀតផង។

ក្នុងប្រតិបត្តិការចុះបង្ក្រាបរោងចក្រផលិតបារីគ្មានច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ប៉ូលិសចិន កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងក្រុមហ៊ុនខាងលើបានផលិតបារីចិន ច្រើនម៉ាក ច្រើនយីហោ អស់រយៈពេលជាង២ឆ្នាំមកហើយ ដោយមានកម្មករបម្រើការងារជាង១០០នាក់ ហើយក្រោយពីសមត្ថកិច្ចជំនាញ អង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកឃើញថា ការផលិតបារីរបស់ក្រុមហ៊ុនមួយនេះគ្មានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម រកឃើញជនជាតិចិនចំនួន១៤នាក់  ជនជាតិវៀតណាមចំនួន៣នាក់ ស្នាក់នៅនិងធ្វើការងារអត់ច្បាប់នោះ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបន្ថែមទៀត។

តាមសម្តីកម្មករ បានឱ្យដឹងថា ពួកគាត់មិនដឹងថា រោងចក្រមួយនេះស្របច្បាប់ឬមិនស្របច្បាប់ គាត់មិនបានដឹងទេ ពួកគាត់ស៊ីឈ្នួលបម្រើការងារ ក្នុងម្នាក់បានកម្រៃជាង១០០ដុល្លារ លុះដល់សមត្ថកិច្ចជំនាញចុះឆែកត្រួតពិនិត្យ ទើបដឹងថា គ្មានច្បាប់គ្រប់គ្រាន់ក្នុងការផលិតទៅវិញ។

ក្រោយពីកម្លាំងជំនាញពិនិត្យបង្ក្រាបរោងចក្រផលិតបារីគ្មានច្បាប់របស់ជនជាតិចិនខាងលើ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា សម្ភារក្នុងការប្រព្រឹត្តបទល្មើស វត្ថុធាតុដើម សម្រាប់ផលិតបារីជាច្រើនកេស ត្រូវបានរឹបអូស  រីឯជនបរទេស មានជនជាតិចិនចំនួន១៤នាក់ និងជនជាតិវៀតណាមចំនួន៣នាក់ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

ដោយឡែក ក្រុមកម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះដើម្បីរៀបចំបើកប្រាក់ខែ ហើយមិនឱ្យបន្តការងារនៅទីនោះបានទៀតទេ ព្រោះថារោងចក្រត្រូវបានសម្រេចផ្អាកការងារ លែងឱ្យដំណើរការទៀតហើយ៕

RELATED ARTICLES