Friday, March 29, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធអាមេរិក ចាត់ទុកកម្ពុជា ជាផ្ទះពួកគេជារៀងរហូត

ប្តីប្រពន្ធអាមេរិក ចាត់ទុកកម្ពុជា ជាផ្ទះពួកគេជារៀងរហូត

ខេត្តសៀមរាប ៖ បុរសស្ត្រីជនជាតិអាមេរិក ជាប្តីប្រពន្ធមួយគូ បានមកលេងកម្សាន្តនៅលើទឹកដីអង្គរ ដោយបានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយការប្រកាសជាសាធារណៈថា ពួកគេស្រឡាញ់ទឹកដីកម្ពុជា ហើយចាត់ទុកប្រទេសកម្ពុជា ជាផ្ទះរបស់ពួកគេជារៀងរហូត។

ប្តីប្រពន្ធជនជាតិអាមេរិក ដែលប្រកាសចាត់ទុកកម្ពុជា ជាផ្ទះពួកគេនោះ បុរសជាប្តីឈ្មោះ Uriah Lyford អាយុជាង៣០ឆ្នាំ និងស្ត្រីជាប្រពន្ធមានឈ្មោះ Naomi Lyford អាយុជាង៣០ឆ្នាំ សព្វថ្ងៃស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្តីប្រពន្ធជនជាតិអាមេរិកខាងលើ បានរៀបការជាមួយគ្នាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សព្វថ្ងៃមានកូនស្រីម្នាក់ និងកំពុងពពោះកូនក្នុងផ្ទៃម្នាក់ទៀតផងដែរ។ ដោយចិត្តស្រឡាញ់ទឹកដី និងប្រជាជនកម្ពុជា ទើបពួកគេបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា រហូតចាត់ទុកកម្ពុជា ជាផ្ទះរបស់ពួកគេជារៀងរហូត។

លោក Naomi Lyford ដែលចេះនិយាយភាសាខ្មែរផងដែរនោះ បានបង្ហោះរូបភាពលោកជាមួយភរិយានិងកូន ស្លៀកពាក់ឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាត ពេលមកលេងអង្គរ ខេត្តសៀមរាប ក្នុងថ្ងៃដែលប្រជាជនកម្ពុជា បានឈប់សម្រាក ដើរលម្ហែក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាមួយសំណេរថា “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ដោយសារតែ Covid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្តីស្រឡាញ់ដ៏ធំធេងសម្រាប់ប្រទេស មួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជា ជាផ្ទះរបស់យើងជារៀងរហូត”។

ចំណែកស្ត្រីជាភរិយា ឈ្មោះ Naomi Lyford ក៏បានចែករំលែកនូវរូបភាពនិងខ្លឹមសាររបស់ស្វាមីខាងលើក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃដដែលនោះ ជាមួយសំណេរថា “យើងស្រឡាញ់ប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង (We love that Cambodia is our home) ។

រូបភាពនិងខ្លឹមសាររបស់ប្តីប្រពន្ធជនជាតិអាមេរិក ខាងលើ មានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា ទូទាំងប្រទេស ដោយមោទនភាពជាតិ ដែលពួកគេបានកើតជាខ្មែរ រស់នៅលើទឹកដីកម្ពុជា ជាទីស្នេហា ដែលសូម្បីជនជាតិអាមេរិក ខាងលើ ក៏ស្រឡាញ់ពេញចិត្តទឹកដី និងប្រជាជនកម្ពុជា ព្រមទាំងប្រកាសចាត់ទុកប្រទេសកម្ពុជា ជាផ្ទះរបស់ពួកគេជារៀងរហូតទៀតផង៕

RELATED ARTICLES