Wednesday, April 17, 2024
Homeព័ត៌មានជាតិភ្លាត់ស្នៀតប៉ះចំព្រះចៅអធិការវត្ត ធ្លាយរឿងខ្ទេច ជាប់ខ្នោះសមត្ថកិច្ចទៀត

ភ្លាត់ស្នៀតប៉ះចំព្រះចៅអធិការវត្ត ធ្លាយរឿងខ្ទេច ជាប់ខ្នោះសមត្ថកិច្ចទៀត

ខេត្តកណ្តាល ៖ យុវជនកំពុងពេញកម្លាំង២នាក់ មានកាយសម្បទារល្អសមសួន មិនគិតខំប្រឹងដើររកការងារសុចរិតធ្វើដើម្បីចិញ្ចឹមជីវិត បែរជាបែកគំនិតបបួលគ្នាទិញស្បង់យកមកស្លៀក រួចដើរចែកធៀបបុណ្យអង្គាសប្រាក់តាមទីប្រជុំជន ដើម្បីយកលុយមកដើរចាយដេកស៊ីក្នុងផ្ទះសំណាក់ ស្រាប់តែចុងក្រោយអស់លក្ខណ៍ ដើររៃអង្គាសបច្ច័យប៉ះចំព្រះចៅអធិការវត្ត មានការសង្ស័យ ក៏នាំទៅសាកសួរ ទើបដឹងថា តាមពិតជាសង្ឃក្លែងក្លាយសោះ រួចក៏ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យជាសង្ឃក្លែងក្លាយចំនួន២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១- ឈ្មោះហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ និង ទី២-ឈ្មោះវង្ស ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅភូមិស្រីជា ឃុំល្បើក ស្រុកឈូក ខេត្ត កំពត។

រីឯវត្ថុតាងចាប់យក រួមមាន ចីពរ២ ស្បង់២ ហង្សសាក់២ អ៊ុតឃុត១ លុយខ្មែរ៣ម៉ឺនរៀល ឆាយាគណៈមហានិកាយ១ក្បាល ទូរស័ព្ទដៃម៉ាកអិនចុចពិល២គ្រឿង និងសំបុត្របុណ្យ១៩សន្លឹក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា៥នាក់ រួមមាន ឈ្មោះឡុង ជាអ្នកបើករថយន្ត ឈ្មោះខ្លា ឈ្មោះសៅ ឈ្មោះវង្ស ដារ៉ា  និងឈ្មោះហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿង ម៉ាកកាមរីគូទហើម ពណ៌ខ្មៅ ពាក់ ស្លាកលេខបាត់ដំបង ២L-៥៤៥៣ ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ  សំដៅមកដល់រង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចក៏ឈប់រថយន្តនៅជិតនោះ ហើយឈ្មោះឡុង ក៏បានចែកស្បង់ចីពរហង្សសាក់ ថង់យាមអ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយ សំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះហុន សៀកប៉ាវ និង ឈ្មោះវង្ស ដារ៉ា បានចុះដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មក ទិសខាងត្បូង។

លុះដើរមកដល់ចំណុចកើតហេតុខាងលើ បានជួបជាមួយព្រះចៅអធិការវត្តវិហារកំបោរ ដោយមានការសង្ស័យ ព្រះចៅអធិការបានសួរនាំ ហើយបាននាំជនសង្ស័យទាំង២នាក់ខាងលើ ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិតមាស ដែលជាព្រះអនុគុណស្រុកកណ្តាលស្ទឹងសួរនាំបន្ត ដោយពិនិត្យឃើញថា  ជនសង្ស័យទាំង២ ជាព្រះសង្ឃក្លែងក្លាយ ក៏បានដោះស្បង់ជីពរចេញ ប្រគល់ជូនសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី តែម្តង៕

RELATED ARTICLES