Thursday, April 25, 2024
Homeព័ត៌មានជាតិមិនដឹងមានបំណងអី... ២ថ្ងៃហើយ កម្មកររោងចក្រ និងសន្តិសុខ ភ័យគ្រប់គ្នា

មិនដឹងមានបំណងអី… ២ថ្ងៃហើយ កម្មកររោងចក្រ និងសន្តិសុខ ភ័យគ្រប់គ្នា

ភ្នំពេញ ៖ សន្តិសុខយាមប្រចាំការនៅរោងចក្រកាត់ដេរ យីហោ ស្វែលហ្គាម៉េន មានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មានខ្មាន់កាំភ្លើងបានបាញ់ទម្លុះចូលក្នុងបរិវេណរោងចក្រជាច្រើនគ្រាប់ ចំនួន២ថ្ងៃជាប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករ និងសន្តិសុខ។

ករណីបាញ់ទម្លុះចូលក្នុងរោងចក្រកាត់ដេរខាងលើនេះ ត្រូវបានខ្មាន់កាំភ្លើងបានបាញ់២ថ្ងៃជាប់ៗគ្នា តាំងពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ និងព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ទើបសន្តិសុខទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ខណៈពេលទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅចំនុចទីតាំងកើតហេតុខាងលើ ដើម្បីបើកការស្រាវជ្រាវថាតើគ្រាប់កាំភ្លើងទាំងនេះបាញ់ចេញពីទីតាំងខាងណា ហើយអាវុធដែលខ្មាន់កាំភ្លើងបាញ់ចេញមកនេះជាប្រភេទអាវុធអ្វី និងមានបំណងអ្វី។

នៅទីតាំងកើតហេតុ មន្ត្រីអាវុធហត្ថខណ្ឌមានជ័យ បានបង្ហើបប្រាប់ថា នៅលើជញ្ជាំងដែកស័ង្កសីមានស្នាមធ្លុះចំនួន១៧រន្ធ និងផ្លាតទៅប៉ះជញ្ជាំងថ្ម បណ្តាលឱ្យក្បាលគ្រាប់សំណបែកខ្ទាតនៅក្នុងបរិវេណរោងចក្រ។

តាមការសន្និដ្ឋាន កាំភ្លើងដែលខ្មាន់កាំភ្លើងបាញ់ទម្លុះដែកសង្ក័សីនេះ អាចជាប្រភេទកាំភ្លើងប្រើខ្យល់ ឬហ្គាស ហើយចំងាយដែលបាញ់ចេញមកប្រហែលជាង១៥ម៉ែត្រ ចេញពីក្នុងបុរីផ្ទះល្វែង ដែលនៅខាងក្រោយរោងចក្រ ហើយការបាញ់របស់ខ្មាន់កាំភ្លើងខាងលើនេះ មិនទាន់ថាមានគោលបំណងអ្វីនោះទេ។

ខណៈពេលនេះសមត្ថកិច្ចអាវុធហត្ថ និងនគរបាលជំនាញខណ្ឌមានជ័យ កំពុងតែបើកការស្រាវជ្រាវជុំវិញករណីបាញ់បោះដោយសេរីខាងលើនេះ ដើម្បីវែកមុខខ្មាន់កាំភ្លើង នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES